ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
របាំ​សហ​សម័យ​រឿង​”​ក្មេង​ឃ្វាលក្របី​
03, Sep 2018 , 10:59 pm        
រូបភាព
​របាំ​សហ​សម័យ​មាន​ចំណងជើង​ថា “​ក្មេង​ឃ្វាលក្របី​” បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​ក្មេងប្រុស​ខ្សោយ​ប្រព័ន្ធ​បញ្ជា​ខួរក្បាល​មួយរូប ដែល​រស់នៅ​ឯកោ គ្មាន​អ្នក​យកចិត្តទុកដាក់​។ ដោយសារតែ​ពិការភាព ធឿន យល់ថា មានតែ​សត្វ​ក្របី​តែមួយគត់​ដែលជា​មិត្ត​យល់ចិត្ត​របស់គេ​។ ពន្លឺជីវិត​ថ្មី​មួយ បាន​ចូលក្នុង​គំនិត​របស់​សិល្បករ សឿន ធឿន ក្រោយពី​បាន​រៀន​សិល្បៈ​នៅ​អង្គការ Epicarts​។


​សូម​លោក លោកស្រី​អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖ 




 
​រឿង​«​ក្មេង​ឃ្វាលក្របី​» និយាយ​ពី​ក្មេងប្រុស​ម្នាក់​ខ្សោយ​ប្រព័ន្ធ​បញ្ជា​ខួរក្បាល ដែល​ខ្វះ​អារម្មណ៍​ស្និទ្ធស្នាល​នឹង​មនុស្ស​ជុំវិញខ្លួន សូម្បីតែ​គ្រួសារ​របស់គេ​។ មិត្ត​ដែល​យល់ចិត្ត​គេ​បំផុត​គឺ​ក្របី ព្រោះ​វា​មិនដែល​សម្ដែង​ការភ្ញាក់ផ្អើល​ពេល​ឃើញ​រូបរាង​របស់គេ ដូចជា​មនុស្ស​ទូទៅ​ឡើយ​។​
 
​ពី​ក្មេង​ឃ្វាលក្របី ដែល​គ្មាន​សេចក្ដីក្លាហាន​ប្រឈមមុខ​នឹង​មនុស្ស​ទូទៅ ព្រោះតែ​ពិការភាព​ពេលនេះ សឿន ធឿន បាន​ក្លាយជា​សិល្បករ​សហ​សម័យ​ដែលមាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​ហ៊ាន​បង្ហាញ​ពី​អតីតកាល​របស់ខ្លួន​។ ការណ៍​នេះ​បាន​ស្ដែងចេញ​តាមរយៈ ទស្សនីយភាព​របាំ​សហ​សម័យមួយ​មាន​ចំណងជើង​ថា “​ក្មេង​ឃ្វាលក្របី​”​។ រឿងនេះ មាន​តួ​សម្ដែង​២​រូប​គឺ សឿន ធឿន  (​ជន​ខ្សោយ​ប្រព័ន្ធ​បញ្ជា​ខួរក្បាល​) ជា​តួអង្គ​ឯក និង ឡាយ ណូ​ត (​ជន​មាន​ពិការភាព​ផ្នែក​គ​ថ្លង់​) ដើរតួ​ជា​ក្របី​។​


 
​សរសៃ​ចេះតែ​ទាញ​ដៃ ក្បាល និង​មាត់ ពេលដែល​និយាយ​ម្ដងៗ នេះ​ជា​អាកា​រៈ​របស់​មនុស្ស​ខ្សោយ​ប្រព័ន្ធ​បញ្ជា​ខួរក្បាល ដែល ធឿន កំពុងមាន​សព្វថ្ងៃ​។ អាចនិយាយបាន​តិចតួច តែ​ប្រហែលជា​មនុស្ស​ធម្មតា​មិនអាច​ស្ដាប់​ពាក្យ​ដែល ធឿន ចង់​និយាយ​បានទេ ព្រោះ​គេ​ស្ទើរតែ​និយាយ​ដូចជា​មនុស្ស​គ​ទៅហើយ​។ ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដោយមាន​អ្នក​ជួយ​ប្រែ​សម្រួល​ផង​នោះ ធឿន បាន​បញ្ជាក់ថា មុន​ស្គាល់​អង្គការ Epicarts ខ្លួន​មិន​ចង់​ចាក​ចេញពីផ្ទះ​ជួប​មនុស្ស​ដទៃ ក្រៅពី​ក្របី​របស់គេ​ទេ ហើយក៏​មិន​ចង់​មក​រៀន​នៅ Epicarts ដែរ​។ 
 
​ក្រោយពី​មានការ​ជំរុញ​ពី​ម្ដាយ និង​ពូ​របស់ខ្លួន ក្នុង​ឆ្នាំ​២០១៥ ធឿន បានមក​រៀន​នៅ​អង្គការ Epicarts ដែលជា​អង្គការ​មួយ​បង្កើត​ជំនាញ​ដល់​ជន​មាន​ពិការភាព​។ ធឿន មក​រៀន​នៅទីនេះ​ផ្នែក​របាំ​សហ​សម័យ​។ ការពត់​ដៃ​ពត់​ជើង​មិនមែនជា​រឿង​សាមញ្ញ​ឡើយ សម្រាប់ ធឿន ក្នុង​វ័យ​បច្ចុប្បន្ន​៣០​ឆ្នាំ​។ កុំថាឡើយ​មនុស្ស​ដែល​ខ្សោយ​ប្រព័ន្ធ​បញ្ជា​ខួរក្បាល​ដូចជា​គេ សូម្បី​មនុស្ស​ធម្មតា​ក៏​ពិបាកធ្វើ​កិច្ច​ការដែល​ត្រូវ​បញ្ចេញ​កម្លាំង​ខ្លាំង​នេះដែរ​។ ការឈឺ​ចុកចាប់​តាម​សាច់ដុំ សរសៃ ដៃជើង តែង​កើតមាន​រាល់ថ្ងៃ​ទៅលើ​សិល្បករ​រូបនេះ​។ ទោះ​មានការ​លំបាក​យ៉ាងណាក៏ដោយ បុរស​មកពី​ខេត្តកំពត​រូបនេះ មិន​ចង់​ត្រឡប់ទៅផ្ទះ​របស់ខ្លួន​វិញ​ឡើយ ព្រោះ​មនុស្ស​នៅទីនេះ​ល្អ​ជាង​មិត្ត​ក្របី​របស់គេ​ទៅទៀត​។ លោក សឿង ធឿន បញ្ជាក់​៖ «​ដំបូង​មិន​ចង់​មក​ទេ​ព្រោះ​មិន​ស្គាល់​គេ​មក​តែម្នាក់ឯង​។ ពេល​បានមក​រៀន​ហើយ​មិន​ចង់ទៅ​ផ្ទះ​វិញ​ទេ ព្រោះ​នៅទីនេះ​មាន​អ្នក​យល់ចិត្ត​ច្រើន​»​។​


 
​ងាក​មក ឡាយ ណូ​ត ជា​ជន​មាន​ពិការភាព​គ​ថ្លង់ ដែល​សម្ដែង​ក្នុង​រឿង​”​ក្មេង​ឃ្វាលក្របី​”​នេះដែរ​។ មិនអាច​និយាយបាន ស្ដាប់​ក៏​មិន​ឭ ណូ​ត ត្រូវ​ទៅ​រៀន​នៅ​សាលា​ជាមួយ​មនុស្ស​ធម្មតា ហើយ​គ្រូ​នៅ​ទីនោះ​ក៏​មិនចេះ​សញ្ញា​គ​ថ្លង់​ដែរ​។ ការណ៍​នេះ​បានធ្វើឱ្យ ណូ​ត ពិបាកចិត្ត​យ៉ាងខ្លាំង នឹង​បាន​ឈប់រៀន​នៅ​ថ្នាក់​ទី​៤​។ ក្រោយពី​បាន​ទៅ​រៀន​នៅ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​មនុស្ស​ថ្លង់ ក្នុង​ឆ្នាំ​២០០៦ និង​បាន​រៀន​សញ្ញា គ ថ្លង់ ណូ​ត ក៏​បានមក​ធ្វើការ​នៅក្នុង​អង្គការ Epicarts ជា​អ្នករាំ និង​ជា​អ្នក​បង្រៀន​ចលនា​ហាត់​រាំ​។ ភ្នែក​មើលទៅ​អ្នកបកប្រែ​ភាសាគ​ថ្លង់​មិន​ប្រិច ណូ​ត ត្រូវ​មើល​គ្រប់​កាយវិការ​របស់​អ្នកបកប្រែ ដើម្បី​អាច​ឆ្លើយ​សំណួរ​របស់​អ្នកការ​សែត​បាន​។ តាមរយៈ​អ្នកបកប្រែ ណូ​ត បាន​និយាយថា ទោះបីជា​គេ​មិនមាន​កាយសម្បទា​គ្រប់គ្រាន់ ដូចជា​មនុស្ស​ទូទៅ តែ​គេ​នៅតែ​បន្ត​រស់​ដោយ​ស្នាមញញឹម និង​លើកទឹកចិត្ត​ខ្លួនឯង​ជានិច្ច​។ «​ពេល​មិនទាន់បាន​រៀន​សញ្ញា​គ​ថ្លង់ ពិបាកចិត្ត​ណាស់​។ នៅផ្ទះ​ប្រើ​កាយវិកា​ជាមួយ​សមាជិកគ្រួសារ​។ ពេល​បាន​រៀន​សញ្ញា​គ​ថ្លង់ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​រស់​ដោយ​ស្នាមញញឹម និង​មានទោ​ទក​ភាព​និង​ខ្លួនឯង​ព្រោះ​មានការ​ងារ​ធ្វើ និង​បាន​បញ្ចេញ​សមត្ថភាព​ឱ្យគេ​ឃើញ​»​។ នេះ​ជាការ​បញ្ជាក់​របស់ ឡាយ ណូ​ត តាមរយៈ​អ្នកបកប្រែ​។ 

  
 
​លោក អ៊ូ ប៊ុន​ថេ​ង ប្រធាន​ផ្នែក​ប្រតិបត្តិ និង​អ្នកដឹកនាំ​ក្រុម​សម្ដែង នៅ​អង្គការ Epicarts បានលើកឡើង​ថា​រឿង “​ក្មេង​ឃ្វាលក្របី​” និពន្ធ​ឡើង​ដើម្បី​ជា​សារ​មួយ​ផ្ញើ​ទៅកាន់​ជន​មាន​ពិការភាព​ទាំងអស់​ឱ្យមាន​ក្ដីសង្ឃឹម​ក្នុង​ជីវិត​។ សាច់​រឿងនេះ​និពន្ធ​ឡើង​ដោយ Epicarts ហើយ​ជនជាតិ​អង់គ្លេស​ពីររូប​ជា​អ្នក​ដំ​ឡើងជា​របាំ​សហ​សម័យ​។ លោក ប៊ុន​ថេ​ង ថា ការហាត់​របាំ​នេះ​មានការ​លំបាក​ច្រើន ដោយ ធឿន ពិបាក​ក្នុង​ការប្រើ​កាយវិការ ហើយ ណូ​ត វិញ មិនអាច​ស្ដាប់​សំឡេង​បាន ដូច្នេះ​ការផ្ដល់​និង​ទទួល​ព័ត៌មាន​ត្រឡប់​វិញ គឺជា​បញ្ហា​។ រឿង “​ក្មេង​ឃ្វាលក្របី​” នេះ ទើបតែ​ដំឡើង​បាន​ពាក់កណ្ដាល​សាច់រឿង​តែប៉ុណ្ណោះ នៅ​វគ្គ​បន្ត ធឿន ហើយនឹង ណូ​ត ត្រូវ​ទៅ​ហាត់​បញ្ចប់​ស្នាដៃ​នៅ​ប្រទេស​អង់គ្លេស និង​សម្ដែង​នៅ​ទីនោះ​ផង​នៅ​ថ្ងៃ​ខាងមុខ​។ លោក អ៊ូ ប៊ុន​ថេ​ង បញ្ជាក់​៖«​ធឿន គាត់ ពិបាកធ្វើ​កាយវិការ​ដូ​ច​យើង​អ្នក​ធម្មតា ព្រោះ​ប្រព័ន្ធ​បញ្ជា​ខួរក្បាល​របស់គាត់​មិនអាច​បញ្ជា​កាយវិការ​បា​ន​ដូច​យើង​។ ណូ​ត វិញ​គាត់​ស្ដាប់​មិន​ឭ​ដូច្នេះ ពេល​ហាត់​ម្ដងៗ​យើង​ត្រូវដាក់​ឧបករណ៍​បំពង​សំឡេង​នៅជាប់​កម្រាល ហើយ​បើក​ឭៗ ដើម្បីឱ្យ​គាត់​ញ័រ​ទ្រូង ទើប​គាត់​អាច​ដឹង​ចង្វាក់​។ ពួកគាត់​ត្រូវ​ទៅ​ហាត់​ស្នាដៃ​នេះ​នៅ​វគ្គ​បញ្ចប់​នៅ​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​ខាងមុខ​ដែរ​»​។​
 
​ប្រធាន​ផ្នែក​ប្រតិបត្តិ នៃ​អង្គការ​ដែលមាន​បេសកម្ម​ជួយ​ជនពិការ​នៅ​កម្ពុជា ប្រើប្រាស់​ការសម្ដែង​ដើម្បី​បង្កើន​ការយល់ដឹង​ពី​ពិការភាព និង​ចង់ឱ្យ​សង្គម​មួយផ្នែកធំ ឃើញ​ពី​តម្លៃ​របស់​ពួកគេ បាន​លើកទឹកចិត្ត​ដល់​ជន​មាន​ពិការភាព​ទាំងអស់ ឱ្យមាន​ការស្រឡាញ់ ឱ្យ​តម្លៃ  និង​ជឿ​លើ​ខ្លួនឯង​ថា​អាច​ធ្វើបាន​។ លោ​កថា​ជាដំបូង​ពួកគេ​ត្រូវ​មើល​ឱ្យឃើញ​ពី​ចំណុចខ្លាំង​របស់ខ្លួន ហើយ​ព្យាយាម​បង្ហាញ​វា​ទៅកាន់​អ្នកដទៃ​។ « ជន​មាន​ពិការភាព​ភាគច្រើន​មិនត្រូវ​បាន​សង្គម​យកចិត្តទុកដាក់​ដូច្នេះ​ពួកគាត់​ត្រូវ​រស់​ដាច់​ពី​គេ​។ ខ្ញុំ​ចង់ឱ្យ​អ្នក​ដែលមាន​ពិការភាព​ទាំងអស់​ត្រូវ​មើល​ឱ្យឃើញ​ពី​ចំណុចខ្លាំង​របស់ខ្លួន ហើយ​បង្ហាញ​វា​ទៅកាន់​អ្នកដទៃ​។ អ្វីដែល​សំខាន់​សូមឱ្យ​គាត់​ស្រឡាញ់​ខ្លួនឯង ឱ្យ​តម្លៃ និង​ជឿ​លើ​ខ្លួនឯង​ថា​អាច​ធ្វើបាន​៕
 

Tag:
 របាំ​សហ​សម័យ​
  សិល្បៈ​
 ​របាំ​
© រក្សាសិទ្ធិដោយ thmeythmey.com