អន្តរជាតិ
ឌូ​ទើ​តេ សង្ឃឹម​អ៊ីស្រាអែល​ក្លាយជា​អ្នកផ្គត់ផ្គង់​អាវុធ​ថ្មី ក្រោយ​ងាក​ចេញ​សម្ព័ន្ធមិត្ត​ចាស់​អាមេរិក​
04, Sep 2018 , 9:19 am        
រូបភាព
ដោយ:
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ (Rodrigo Duterte) ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីស្រាអែល​រយៈពេល​បួន​ថ្ងៃ​ចាប់ផ្តើម​ពីថ្ងៃ​អាទិត្យ​ទី ២ ខែកញ្ញា​។ ក្រៅពី​ពង្រឹង​ចំណងមិត្តភាព ហ្វីលីពីន​ក៏​សង្ឃឹម​បង្កើត​កិច្ចព្រមព្រៀង​ទិញ​អាវុធ​ពី​អ៊ីស្រាអែល​ដែរ ស្រប​ពេលដែល​រដ្ឋ​អាស៊ីអាគ្នេយ៍​នេះ​បាន​ងាក​ចេញពី​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត និង​អ្នក​ជួយ​ផ្គត់ផ្គង់​អាវុធ​ចាស់​របស់ខ្លួន​។

 
 បន្ទាប់ពី​ជាន់ដី​អ៊ីស្រាអែល​នៅ​ថ្ងៃអាទិត្យ លោក ឌូ​ទើ​តេ ត្រូវ​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ នៅ​ថ្ងៃ​ចន្ទ និង​បន្ត​ជួប​ជាមួយ​សម​ភាគី​អ៊ីស្រាអែល​លោក Reuven Rivlin នៅ​ថ្ងៃ​អង្គារ​ផងដែរ​។ គេ​រំពឹងថា កិច្ចព្រមព្រៀង​មួយចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​ការពារជាតិ និង​ពលករ​នឹងត្រូវ​ចុះ​រួមគ្នា​ក្នុងពេលនោះ​ថែម​ទៀតផង​។​
 
​វា​ជា​ទស្សនកិច្ច​លើកដំបូង​បំផុត​នៅ​អ៊ីស្រាអែល​របស់​មេដឹកនាំ​ហ្វីលីពីន​ដែរ គិត​ចាប់ពី​ប្រទេស​ទាំងពីរ​នេះ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត កាលពី​ជាង​៦០​ឆ្នាំមុន​នោះ​។ 
 
​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ លោក​បណ្ឌិត Henelito Sevilla អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សកល​វិទ្យាល័យ​ហ្វីលីពីន​ថ្លែងប្រាប់ ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ទស្សនកិច្ច​នៅ​អ៊ីស្រាអែល​គឺ​សម្រាប់​ឲ្យ​លោក ឌូ​ទើ​តេ ស្វែង​ទីផ្សារ​អាវុធ​ថ្មី ដើម្បី​ធ្វើ​ទំនើបកម្ម​កងទ័ព និង​ប៉ូលីស​ហ្វីលីពីន​។ 
 
​កន្លងមក ម្ចាស់​អាណានិគម​ហ្វីលីពីន អាមេរិក ជា​អ្នកផ្គត់ផ្គង់​សម្ភារៈ​យោធា​និង​សព្វាវុធ​ទៅ​ឲ្យ​ហ្វីលីពីន ប៉ុន្តែ​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ចាប់តាំងពី​លោក ឌូ​ទើ​តេ ឡើងកាន់តំណែង​នា​ខែមិថុនា ឆ្នាំ​២០១៦​កន្លងទៅ​។ នៅពេលនោះ លោក ឌូ​ទើ​តេ ប្រកាសសង្គ្រាម​ប្រឆាំងនឹង​គ្រឿងញៀន ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់ពាន់នាក់​។ ប្រធានាធិបតី​រូបនេះ បាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​រដ្ឋបាល​អាមេរិក​ជាពិសេស​ជំនាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​។ 
 
​ជា​លទ្ធផល លោក ឌូ​ទើត ដែល​គេ​ស្គាល់​ថា​ជា​បុរស​កណ្ដាប់ដៃ​ដែក​នេះ បានសម្រេច​លុបចោល​កិច្ចព្រមព្រៀង​ទិញ​អាវុធ​រាប់លាន​ដុល្លារ​ជាមួយ​អាមេរិក និង​កាណាដា ព្រមទាំង​បង្វិល​ចង្កូត​ហ្វីលីពីន​ឲ្យ​ឃ្លាតឆ្ងាយ​ពី​អាមេរិក​ផង​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ ហ្វីលីពីន​ងាក​ទៅ​ចងសម្ព័ន្ធភាព​យ៉ាង​កក់ក្ដៅ​ទាំង​ផ្នែក​ជំនួញ និង​ការទូត​ជាមួយ ចិន និង​រុស្ស៊ី​ថែម​ទៀតផង​។ 
 
​តាមពិតទៅ អ៊ីស្រាអែល ជា​ប្រទេស​ផលិត​អាវុធ​ដ៏​ធំ​មួយ ចំណោម​ប្រទេស​នាំចេញ​អាវុធ​ធំៗ​បំផុត​ក្នុង​ពិភពលោក​។ បើតាម​ទិន្នន័យ​របស់​ក្រសួងការពារជាតិ​អ៊ីស្រាអែល អ៊ីស្រាអែល នាំចេញ​អាវុធ​ប្រមាណ​៦០% ទៅកាន់​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។  
 
​ចំណែក​ហ្វីលីពីន ធ្លាប់​ទិញ​សម្ភារៈ និង​អាវុធ​ពី​អ៊ីស្រាអែល​ខ្លះ​រួចមកហើយ​។ កាលពី​ឆ្នាំ ២០១៧​កន្លងទៅ ហ្វីលីពីន បាន​បញ្ជា​អាវុធ​ប្រឆាំង​រថក្រោះ និង​ប្រព័ន្ធ​រ៉ា​ដា ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ២១ លាន​ដុល្លារ​ឯណោះ​៕ 
 

Tag:
 អ៊ីស្រាអែល​
  ហ្វីលីពីន​
 ​អាមេរិក​
  ឌូ​ទើ​តេ រ៉ូ​ឌ្រី​ហ្គោ
© រក្សាសិទ្ធិដោយ thmeythmey.com