ជាតិ
សេដ្ឋកិច្ច
ចិន​គ្រោង​ចំណាយ​ទុន​ជាង​១​ពាន់​លាន​ដុល្លារ បង្កើត​«​ក្រុង​វិស្សមកាល​ទេសចរណ៍​»​ក្នុង​ខេត្តកោះកុង​
04, Sep 2018 , 10:11 am        
រូបភាព
​ក្រុមហ៊ុន​ចិន UNION Development គ្រោង​វិនិយោគ ១២០០​លាន​ដុល្លារ លើ​ការសាងសង់​«​ក្រុង​វិស្សមកាល​ទេសចរណ៍​»​ក្នុង​ខេត្តកោះកុង នៅ​ដើមឆ្នាំ​២០១៩ ។ គម្រោង​នេះ នឹង​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១៨  ។​

 
​លោក លី តាវ (Li Tao) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន UNION Development  បាន​ឲ្យ​ដឹង​នៅក្នុង​ជំនួប ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថា គម្រោង «​ក្រុង​វិស្សមកាល​ទេសចរណ៍​»​នេះ នឹង​សាងសង់ឡើង តាមបែប​ហេដ្ឋារចនាសម្ព័ន្ធ​ចម្រុះ រួមមាន​៖ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ខុន​ដូ​ទំនើប  បឹង​កា​ឡូ ការិយាល័យ​ធ្វើការ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សួន​កម្សាន្ត​ខ្នាត​អន្តរជាតិ នៅលើ​ផ្ទៃដី​១២០០​ហិច​តា ក្នុង​ខេត្តកោះកុង​។ 
 
​ជាមួយគ្នានេះ លោក ប៉ាន សូរ​ស័ក្តិ បាន​ជឿជាក់ថា គម្រោង​«​ក្រុង​វិស្សមកាល​ទេសចរណ៍​» នឹង​ជួយ​ពង្រឹង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា ទៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សាកល ព្រមទាំង​លើកស្ទួយ​កិត្តិនាម​កម្ពុជា​។ ជាពិសេស​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​អន្តរជាតិ ឲ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​នាពេល​អនាគត​។  ក្រសួងពាណិជ្ជកម្ម នឹង​រង់ចាំ​ជួយ​សម្របសម្រួល​គម្រោង​វិនិយោគ​នេះ​ជានិច្ច​។​
 
​សូម​រម្លឹក កាលពី​ថ្ងៃខែ​ឧសភា ឆ្នាំ​២០០៨​ក្រុមហ៊ុន UNION Development  បាន​ចុះកិច្ចសន្យា​ជាមួយ​រាជរដ្ឋាភិបាល លើ​គម្រោង​អភិវឌ្ឍ​តារា​សាគរ លើ​ផ្ទៃដី​៣៦,០០០​ហិច​តា ក្នុងស្រុក​គិរីសាគរ និង​ស្រុក​បទុម​សាគរ ខេត្តកោះកុង​។ បច្ចុប្បន្ន​គម្រោង​នេះ ក្រុមហ៊ុន​បានដាក់​ទុនវិនិយោគ​១៥០០​លាន​ដុល្លារ​ហើយ លើ​ការសាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​មួយចំនួន​រួមមាន​៖ ប្រព័ន្ធ​គមនាគមន៍​, ក្លឹប​វាយ​កូន​ហ្គោល​, ព្រលានយន្តហោះ​, កំពង់ផែ​ទឹក​ជ្រៅ​អន្តរជាតិ​, សួន​លម្អ​, បណ្តាញ​ទឹកស្អាត និង​ប្រព័ន្ធ​អគ្គិសនី ជាដើម​៕
 

Tag:
 វិនិយោគ​
  កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com