ថ្ងៃចន្ទទី ៣ ខែកញ្ញានេះ ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានប្រកាសលុបបំណុល និងផ្តល់ជំនួយ ៦០ពាន់លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍទ្វីបនេះឲ្យរីកចម្រើន។ វាបង្ហាញឲ្យឃើញថា ចិនយកចិត្តទុកដាក់លើទ្វីបអាហ្វ្រិក ស្របពេលឥទ្ធិពលខ្លួនបន្តកើនឡើងទាំងសេដ្ឋកិច្ច យោធា និងនយោបាយផង។ យ៉ាងណាមិញ វាមានការចោទប្រកាន់ថា ចិនកំពុងតែដាក់អាណានិគមបែបថ្មីលើដែនដីអាហ្វ្រិកដូចអឺរ៉ុបធ្វើកាលពីអតីតកាលផង។ ប៉ុន្តែមេដឹកនាំអាហ្វ្រិកដែលត្រូវការលុយចិនដើម្បីអភិវឌ្ឍប្រទេសឲ្យរួចផុតពីភាពក្រីក្រ មិនយល់ស្របនឹងគំនិតអវិជ្ជមានចំពោះចិនបែបនេះទេ។ គេចាត់ទុក ចិនជាដៃគូសហការស្មើមុខស្មើមាត់មិនមែនជាម្ចាស់អាណានិគមឡើយ។
១. អាហ្វ្រិកត្រូវការលុយចិន ឯចិនត្រូវការធនធានរបស់អាហ្វ្រិក
ពីមួយថ្ងៃទៅមួយថ្ងៃ ចិនដើរតួនាទីកាន់តែធំនិងកាន់តែសំខាន់នៅតំបន់អាហ្វ្រិក ខណៈពេលដែលចំណងពាណិជ្ជកម្ម នយោបាយ សេដ្ឋកិច្ចរវាងរដ្ឋអាហ្វ្រិកជាច្រើននិងយក្សចិនក៏ចេះតែកើនឡើងឥតឈប់។ ក្រុមហ៊ុនចិនទាំងឯកជន ទាំងរដ្ឋ និងប្រជាជនចិន បានបន្តកន្ទុយគ្នាឥតដាច់ចូលបណ្ដាក់នៅក្នុងប្រទេសអាហ្វ្រិក។ ក្នុងទិសដៅនេះ ចិនបានវ៉ាដាច់ប្រទេសអតីតម្ចាស់អាណានិគមនៅអឺរ៉ុប និងអាមេរិក ដោយទំហំវិនិយោគដ៏លើសលុបនេះទៅហើយ។
ជាការពិត អាហ្វ្រិកត្រូវការចិនដើម្បីដោះខ្លួនឲ្យផុតពីភាពក្រីក្រ។ នេះក៏ព្រោះតែការវិនិយោគរបស់ចិនជួយបង្កើតការងារសម្រាប់ប្រជាជនអាហ្វ្រិក ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជ្រោមជ្រែងឲ្យរដ្ឋអាហ្វ្រិកឲ្យដោះស្រាយបញ្ហាសន្តិសុខទូទៅ និងជម្លោះប្រដាប់អាវុធផងដែរ។ ចិនក៏បានផ្ដល់កម្ចីជាច្រើនដែលត្រូវប្រើប្រាស់ដើម្បីជួយសាងសង់ផ្លូវជាតិ ផ្លូវរថភ្លើង រោងចក្រថាមពល និងប្រព័ន្ធទូរគមនាគមន៍ជាដើមផង។
អាហ្វ្រិកត្រូវការចិន ឯចិនក៏ត្រូវការអាហ្វ្រិកវិញដែរ។ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចចិនដែលកើនឡើងខ្លាំង ចិនត្រូវការប្រភពធនធានពីខាងក្រៅស្រុកដើម្បីបំប៉នម៉ាស៊ីនសេដ្ឋកិច្ចដ៏ស្រេកឃ្លាន ព្រោះសេដ្ឋកិច្ចចិនលែងអាចពឹងពាក់លើការវិនិយោគក្នុងស្រុកដូចមុនហើយ។ ត្រង់នេះហើយ ចិនត្រូវការនាំចូលវត្ថុធាតុដើមពីបណ្តារដ្ឋអាហ្វ្រិករួមមានទាំងប្រេង ឧស្ម័ន រ៉ែមានតម្លៃមាន ត្បូង មាស ប្រាក់ និងសារធាតុផ្សេងទៀតជាច្រើនផង ហើយដែលដឹកជញ្ជូនតាមផ្លូវ ឬកំពង់ផែដែលចិនជួយសាងសង់នោះ។
២. អាណានិគមសម័យថ្មីកើតនៅអាហ្វ្រិក?
កាលពីទស្សនកិច្ចនៅទឹកដីចិន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បានព្រមានចំៗពីការកើតឡើងអាណានិគមសម័យថ្មី ស្របពេលរដ្ឋាភិបាលរបស់លោកបានលុបចោលគម្រោងធំៗរបស់ចិននៅម៉ាឡេស៊ីក្រោមហេតុផលថា នឹងធ្វើឲ្យម៉ាឡេស៊ីវណ្ឌកនឹងបំណុល។ ថ្មីៗនេះទៀត មានស្ថាប័នផ្ដល់យោបល់មួយនៅអាមេរិកលើកឡើងពីស្ថានភាពបំណុលគួរឲ្យព្រួយបារម្ភនៅប្រទេសដែលអនុវត្តគម្រោងខ្សែក្រវាត់ និងវិថីរបស់ចិនផង។
យ៉ាងណាក្ដី សម្រាប់ប្រទេសអាហ្វ្រិក ចិនជាមហាអំណាចជាន់ថ្មីតែគួរឲ្យទុកចិត្តនិងអាចពឹងពាក់បាន។ តាំងពីដើមមក ប្រទេសអាហ្វ្រិកទាំងនោះ មិនដែរគិតថាចិនចង់កេងប្រវ័ញ្ចខ្លួនឡើយ ហើយក៏មិនដែលទាំងគិតដល់ថាចិននឹងក្លាយជាម្ចាស់អាណានិគមថ្មីជំនួសអឺរ៉ុបដែរ។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បាននិយាយការពារវត្តមានចិននៅអាហ្វ្រិក ដោយអះអាងថា គ្មានការធ្វើអាណានិគមសម័យថ្មីនៅអាហ្វ្រិកដូចអ្នកខ្លះនិយាយបង្ខូចឡើយ។
ប្រធានាធិបតីរវ៉ាន់ដា Paul Kagame ដែលជាប្រធានប្ដូរវេនរបស់សហភាពអាហ្វ្រិក ក៏ទាត់ចោលគំនិតចង់ចិនចង់ដាក់អាណានិគមនេះដែរ។ ថ្លែងក្នុងពិធីបើកវេទិកាចិន-អាហ្វ្រិកនៅឯមហាវិមានប្រជាជនក្នុងទីក្រុងប៉េកាំង លោក Kagame និយាយច្បាស់ៗថា អាហ្វ្រិកមិនមែនជាល្បែងបូកចេញសូន្យឡើយ ហើយទំនាក់ទំនងដែលកាន់តែរឹងមាំរវាងអាហ្វ្រិក និងចិន ក៏មិនបានធ្វើឲ្យនរណាខាតបង់ដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។
និយាយជារួម អាហ្វ្រិក និងចិនសុទ្ធតែបានប្រយោជន៍ពីទំនាក់ទំនងនេះ។ អាហ្វ្រិកដែលក្រីក្រទ្រព្យធន បានលុយចិន បានផ្លូវស្ពាន កំពង់ផែ កីឡដ្ឋានផង ទន្ទឹមគ្នានឹងបំណុលដែរ។ ឯចិនបានវិញដែលជះលុយរាប់ពាន់លានដុល្លារនោះ ក៏បានធនធានរ៉ែដែលខ្លួនត្រូវការដើម្បីសេដ្ឋកិច្ចរបស់ខ្លួនដែរ។ ចំពោះរឿងបំណុលនេះ បើរដ្ឋអាហ្វ្រិកអាចទាញយកប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធបានច្រើននោះ ពួកគេក៏អាចដោះស្រាយបំណុលតាមនោះដែរ៕