ជាតិ
សង្គមជាតិ
កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ចេញជាង៦០០០នាក់នៅឆ្នាំ២០១៨នេះ ប្រភព៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍
× យ៉ាងហោចណាស់ជនបរទេសជាង៦០០០នាក់ដែលមាន២៦សញ្ជាតិផ្សេងៗគ្នា ត្រូវបានបណ្តេញចេញពីកម្ពុជា។ បើតាមការផ្សាយរបស់ AKP ជនបរទេសទាំងនោះភាគច្រើន កាន់កាប់ឯកសារមិនត្រឹមត្រូវ និងរស់នៅដោយខុសច្បាប់។
លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ឱ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជា បានដកហូតឯកសារមិនប្រក្រតីប្រមាណ៨០ភាគរសម្រាប់ជនបរទេសគ្រប់ជាតិសាសន៍ ដែលមករស់នៅ កម្ពុជា ដោយអ្នកខ្លះគ្មានលិខិតស្នាមត្រឹមត្រូវ ហើយខ្លះទៀត នៅរស់លើសកាលកំណត់ និងមិនព្រមត្រឡប់ទៅប្រទេសដើមវិញ។
«ពួកគេមិនព្រមអនុវត្ដតាមច្បាប់អន្ដោប្រវេសន៍របស់កម្ពុជា ដោយមិនបង់ថ្លៃបណ្ណការងារ មិនត្រឹមតែប៉ុណ្ណោះ បានប្រព្រឹត្ដបទល្មើសផ្សេងៗ ដូច្នេះ ជនបរទេសទាំងអស់នោះត្រូវបញ្ជូនចេញពីប្រទេសកម្ពុជា»។ នេះជាការលើកឡើងរបស់លោក សុខ ផល នាពិធីប្រកាសមុខដំណែង បំពាក់ឋានន្ដរស័ក្ដិនាយកនគរបាលជាន់ខ្ពស់ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កាលព្រឹកថ្ងៃទី០៣ ខែកញ្ញា។
ទាក់ទងនឹងបញ្ហា លោកបានលើកឡើងថា ក្រោយពីអាជ្ញាធរកម្ពុជាដកហូតឯកសាររួច ជនបរទេសអាចសម្រេចចិត្ដបានពីរយ៉ាង ទីមួយ ពួកអាចត្រឡប់ទៅប្រទេសដើមវិញ និងទីពីរ ពួកគេអាចដាក់ពាក្យស្នើសុំរស់នៅកម្ពុជាក្នុងរយៈពេល៧ឆ្នាំទើបទទួលបានសញ្ជាតិខ្មែរ ហើយចំពោះក្មេងរយៈពេលបីឆ្នាំ។
ក្រៅពីការបណ្ដេញជនបរទេសដែលមករស់នៅកម្ពុជា ដោយខុសច្បាប់នោះ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយក្រសួងការងារ ត្រួតពិនិត្យទៅលើបណ្ណការងាររបស់ពលករបរទេសដែលបានមកធ្វើការងារនៅកម្ពុជា ដោយជនបរទេសទាំងអស់ត្រូវមានលិខិតឆ្លងដែន ទិដ្ឋាការការងារ និងបណ្ណការងារត្រឹមត្រូវ ដើម្បីឱ្យស្របទៅនឹងច្បាប់របស់កម្ពុជា។
គិតចាប់ពីឆ្នាំ២០១៤ រហូតដល់ ខែសីហា ឆ្នាំ២០១៨ ជនបរទេស ដែលត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនទៅប្រទេសដើមវិញប្រមាណ ១៥.០០០នាក់ ដែលមាន ៩១ សញ្ជាតិ ក្នុងនោះមានជនជាតិវៀតណាមចំនួន ១១.១៩៥នាក់៕
Tag:
សុខ ផល
ជនបរទេស
អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com