អន្តរជាតិ
មិន​មក​ប្រជុំ​អាស៊ាន លោក ត្រាំ ពិតជា​លែង​ឲ្យ​តម្លៃ​ដល់​អាស៊ី និង​ទុក​ឲ្យ​ចិន​ពង្រីក​ឥទ្ធិពល​?
04, Sep 2018 , 9:59 pm        
រូបភាព
​សេត​វិមាន​អាមេរិក​បានប្រកាស​នៅ​សប្តាហ៍​មុន​ថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹងមិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​សិង្ហ​បុរី និង​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ក្លាយជា​កង្វល់​មួយ​ថ្មី​ទៀត​សម្រាប់​ប្រទេស​ក្នុង​តំបន់​។ គេ​លើក​ហេតុផល​ថា  រដ្ឋបាលអាមេរិកហាក់​មិនសូវ​យកចិត្តទុកដាក់​នឹង​តំបន់​អាស៊ី បណ្តោយឲ្យ​ចិន​បន្ត​កើនឡើង​ឥទ្ធិពល​ទាំង​នយោបាយ សេដ្ឋកិច្ច និង​យោធា​។

 
 
​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន លោក ត្រាំ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ធំៗ​មាន​កិច្ចប្រជុំ​កំពូលអាមេរិក​-​អាស៊ាន និង កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​ក្រុងម៉ានីលប្រទេសហ្វីលីពីន រួមទាំង​កិច្ចប្រជុំ APEC នៅ​វៀតណាម​ផង។ សម្រាប់​ឆ្នាំនេះ លោក ត្រាំ សម្រេច​ចាត់តាំង​អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃ ផេ​ន (Mike Pence) ឲ្យ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​សិង្ហ​បុរី  និង APEC នៅ​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ជំនួស​លោក​វិញ​។ 
 
​ជាធម្មតា អនុ​ប្រធានាធិបតី មានអំណាច​ និង​សិទ្ធិ​ដើម្បី​និយាយ​តំណាង​ឲ្យ​ប្រធានាធិបតី​។ លោក ផេ​ន អាច​នឹង​ជជែក​ចរចា និង​សម្រេច​ការងារ​ក្នុង​ក្របខណ្ឌ​ការបរទេស​ដូចគ្នា​នឹង​ប្រធានាធិបតី​ដែរ​។ អ្នកជំនាញ​ការបរទេស​ខ្លះ​ហាក់​មិន​ភ្ងា​ក់​ផ្អើល​នឹង​ការសម្រេចចិត្ត​របស់លោក ត្រាំ ដែល​មិន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​តំបន់​ទេ​។ គេ​អះអាង​ធម្មតា​ថា លោក ត្រាំ មិនសូវ​ចង់​ធ្វើដំណើរ​ចេញ​ក្រៅប្រទេស​ទេ ហើយ​លោក​រឹតតែ​មិន​ចូលចិត្ត​កិច្ចប្រជុំ​ពហុភាគី​ដែលមាន​មេដឹកនាំ​បរទេស​ច្រើន​ទៀត​។ ប៉ុន្តែអ​វត្តមាន​ប្រមុខ​រដ្ឋអាមេរិក​នៅក្នុង​​កិច្ចប្រជុំសំខាន់​នៅក្នុង​តំបន់ដូចជាអាស៊ី មិនត្រូវ​បានគេចាត់ទុកជារឿងវិជ្ជមានឡើយ។
 
១. អវត្តមាន​លោក ត្រាំ នៅ​អាស៊ី ទុក​ឱកាស​ឲ្យ​ចិន​ពង្រីក​ឥទ្ធិពល​?

​តាមពិតទៅ ពេល​លោក ត្រាំ ជាប់ឆ្នោត និង​ស្បថ​ចូលកាន់​តំណែង​ដើម​ឆ្នាំមុន ​គោលជំហរនយោបាយ​ការបរទេសអាមេរិក​ចំពោះអាស៊ីក្លាយជាសំនួ​រដែលគេលើកឡើងជាហូរហែ ហើយការប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក (TPP) នោះ​រឹតតែ​ធ្វើ​ឲ្យ​គេ​បារម្ភ​ថែមទៀត​។ យ៉ាងណាមិញ គ្រប់​យ៉ាង​​ត្រឡប់​ទៅរក​ភាពស្ងប់ស្ងាត់ និងក្តីបារម្ភ​ពីជំហរអាមេរិកបានរសាយទៅវិញ​ បន្ទាប់​លោក ត្រាំ បង្ហាញ​វត្ត​មាននៅ​ទីក្រុងដា​ណា​ង ប្រទេសវៀតណាម និង​ក្រុង​ម៉ានីល ហ្វីលីពីន​។ ប៉ុន្តែ​អវត្តមាន​លោក​ក្នុងឆ្នាំនេះ​ក្លាយជា​កង្វល់ និង​សំណួរ​ថ្មី​ទៀត​ចំពោះ​ជំហរ​អាមេរិក​ក្នុង​តំបន់​អាស៊ី​។​
 
​វត្តមាន​ប្រធានាធិបតី​អាមេរិក​ជា​និមិត្តរូប និង​ជាការ​ឲ្យ​តម្លៃ​មួយ​ដែរ។ ដូច្នេះហើយ រាល់អវត្តមាន​របស់​ប្រមុខរដ្ឋ​អាមេរិក​ក្នុង​កិច្ចប្រជុំ​សំខាន់ៗ​ពេលនេះ នឹងមាន​ផលប៉ះពាល់​ដែរ​លើគោលជំហរ​នយោបាយ​ការបរទេស​អាមេរិក​ក្នុង​តំបន់ និង​ធ្វើ​ឲ្យ​មានការ​យល់ឃើញថា អាមេរិក​មិន​យកចិត្តទុកដាក់​ចំពោះ​សម្ព័ន្ធមិត្ត​និង​ដៃគូ​ក្នុង​តំបន់​អាស៊ី​ទេ បើទោះជា​រដ្ឋបាល​នេះ​បន្ត​លើកស្ទួយ​«​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» ដែលជា​យុទ្ធសាស្ត្រ​ការបរទេស​ថ្មី​ក្នុង​តំបន់​ក៏ដោយចុះ​។ 
 
​មេដឹកនាំ​តំបន់​ខ្លះទៀត​ដែល​ចង់​ឲ្យ​អាមេរិក​ពង្រឹង​តួនាទី​ទប់ទល់​ជាមួយ​ចិន បារម្ភ​ថា អាមេរិក​កំពុង​បន្សល់​ចន្លោះ​សម្រាប់​ចិន​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​កាន់តែខ្លាំង​ថែមទៀត​ក្នុង​តំបន់​ដែរ​។​
 
​កន្លងមក អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក និង​មិន​គាំទ្រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគី​។ ឥឡូវនេះ ក្រោម​គោលនយោបាយ​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ លោក ត្រាំ បន្ត​បញ្ឆេះ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​ទាំង​ដៃគូ ទាំង​គូប្រជែង និង​សម្ព័ន្ធមិត្ត​ទៀត​។ ចំណែក​ចិន​ឯណោះ​វិញ កាន់​តែមាន​ទឹកមាត់ប្រៃ និង​មាន​តួនាទី​កាន់តែ​ចម្បង​ក្នុងការ​លើកស្ទួយ​ពាណិជ្ជកម្ម​អន្តរជាតិ​ថែមទៀត​។​
 
​ការបិទ​បញ្ចប់​ដំណើរ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ (RCEP) ដែល​ដឹកនាំ​ដោយ​ចិន នៅត្រឹម​ចុងឆ្នាំ​នេះ​ពេល​ប្រជុំ​នៅ​សិង្ហ​បុរី ជា​រឿង​មួយ​ជា​ឧទាហរណ៍​មួយ​សំខាន់​។ ក្រៅពី​ជា​យន្ត​ការជំរុញ​ពាណិជ្ជកម្ម​សេរី វា​ក៏​ជា​ច្រកទ្វារ​សម្រាប់​ឲ្យ​ចិន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់​ផង ខណៈ​អាមេរិក​ដើរចេញ​ឆ្ងាយ​។​
RCEP ត្រូវបាន​ចិន​ស្នើឡើង​ដំបូង​នៅ​ឆ្នាំ ២០១២ ហើយ​មាន​សមាជិក​សរុប ១៦ ហើយ​គ្មាន​អាមេរិក​ឡើយ​។ សមាជិក​ទាំងនោះ​មាន​រដ្ឋ​អាស៊ាន ១០ និង​ដៃគូ​ប្រាំ​មួយទៀត​មាន​ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។ 
 
២.​អវត្តមាន​ត្រាំ​៖ ជំហរ​អាមេរិក​នៅ​មិន​ច្បាស់លាស់ ឯ​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៅ​ស្រពេចស្រពិល​

​ការប្រកាស​មិន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​តំបន់​នេះ កើតឡើង​ស្រប​ពេលដែល​មន្ត្រី​អាមេរិក​កំពុង​បន្ត​ពពាយនាយ​រក​ការគាំទ្រ​«​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» ពី​បណ្តា​ប្រទេស​នៅក្នុង​តំបន់ «​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» សំដៅ​ដល់​លើ​ការធានា​ស្ថិរភាព និង​សន្តិភាព​តំបន់ ដែល​គ្រប់ភាគី​អាចអនុវត្ត​សេរីភាព​នាវាចរណ៍ និង សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែក​សំខាន់​លើ​ច្បាប់​អន្តរជាតិ​ត្រូវ​ភាគី​ទាំងអស់​គោរព​ប្រតិបត្តិ​។​
 
​ប៉ុន្តែ​គេ​មើលឃើញថា វា​ជា​យុទ្ធសាស្ត្រ​ទប់​ឥទ្ធិពល ឬ​ហ៊ុមព័ទ្ធ​ចិន​ដែល​កំពុង​កើនឡើង​ឥទ្ធិពល​ឥត​ឈប់​នៅក្នុង​តំបន់​ទាំង​យោធា នយោបាយ និង​សេដ្ឋកិច្ច​។ វា​អាច​រួមមាន​ទាំង​ការ​ចាប់ដៃគ្នា​ជាមួយ​មហាអំណាច​តំបន់​ផ្សេងទៀត​ដូចជា​ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី​ជាដើម​។  
 
​ក្នុងពេល​ទស្សនកិច្ច​តំបន់​អាស៊ីអាគ្នេយ៍ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ កាលពី​ខែ​មុន​បានប្រកាស​ផ្តល់​ហិរញ្ញវត្ថុ​ទំហំ ៣០០​លាន​ដុល្លារ​សម្រាប់​ពង្រឹង​សន្តិសុខ​តំបន់​។ មកដល់​ពេលបច្ចុប្បន្ន អាមេរិក​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា តាមរយៈ​ការគាំទ្រ​ហ្វឹកហ្វឺន​បំពាក់បំប៉ន​សមត្ថភាព​កងទ័ព​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ កងទ័ព​អាមេរិក​ក៏​បន្ត​អនុវត្ត និង​គាំទ្រ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​នៅក្បែរ​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ស្របតាម​ច្បាប់​អន្តរជាតិ​ដែរ​។​
 
​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​វិញ អាមេរិក​ក៏​ប្តេជ្ញាចិត្ត​បន្ត​គាំទ្រ​និង ជំរុញ​ការកសាង​សេដ្ឋកិច្ច​ឌីជីថល និង​ការផ្សាភ្ជាប់​ក្រោម​ក្របខណ្ឌ​នៃ​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក្នុង​តំបន់​ដែល​ធានា​ប្រយោជន៍​យូរអង្វែង​រវាង​អាមេរិក និង​ប្រទេស​ក្នុង​តំបន់​ដូចគ្នា​។​
 
​ទោះជា​បែបនេះ​ក្តី គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៅតែ​ស្រពេចស្រពិល និង​គ្មាន​និយមន័យ​ច្បាស់លាស់​នៅឡើយ​។ អ្នកជំនាញ​នៅតែ​បន្ត​ចោទ​សួរថា តើ​គោល​គំនិត​នេះ​អ្វី​ឲ្យ​ពិតប្រាកដ​នោះ និង​មាន​គោលដៅ​បែបណា​។ ដូច្នេះហើយ​ទើប​អវត្តមាន​លោក ត្រាំ ក្នុង​កិច្ចប្រជុំ​តំបន់​ខាងមុខ​បង្កើត​ក្តីបារម្ភ​កាន់តែច្រើន​។ 
 
​ក្រោយពី​បានលឺ​ពី​ដំណឹង​ដែលថា​លោក ត្រាំ មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​តំបន់ ប្រធាន​អាស៊ាន​សិង្ហ​បុរី បានបង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា អាមេរិក​នឹង​បន្ត​ការផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ី​ជាពិសេស​បណ្តា​ប្រទេស​អាស៊ាន រួមទាំង​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មី​ទៀត​ដើម្បី​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ថ្នាក់​តំបន់​ដែរ​។ 
 
​យ៉ាង​ក៏ដោយ លោក ត្រាំ មិនមែនជា​ប្រធានាធិបតី​អាមេរិក​ដំបូង​ទេ ដែល​អាក់​ខានមក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​កម្រិត​តំបន់​អាស៊ី​នេះ​។ សូម្បីតែ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលជា​អ្នក​ផ្តួចផ្តើម​គោលនយោបាយ​ពង្រឹង​តុល្យភាព​អំណាច​និង​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី​វិញ​នោះ ក៏​អាក់ខាន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​ព្រុយ​ណេ​នៅ​ឆ្នាំ ២០១៣ និង​ប្រជុំ APEC នៅ​ឥណ្ឌូណេស៊ី​ដែរ​ព្រោះ​បញ្ហានយោបាយ​ក្នុងស្រុក គឺ​ការបិទ​រដ្ឋាភិបាល (Government Shutdown)​។ 
 
៣.​បោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ​អាចជា​ហេតុផល​ដែល​លោក ត្រាំ មិន​មក​អាស៊ី​? 
 
​ដូច​ឆ្នាំ ២០១៣ ដែរ បញ្ហានយោបាយ​ក្នុងស្រុក​អាមេរិក​អាចជា​ហេតុផល​មួយផ្នែក​ដែល​តម្រូវ​ឲ្យ​លោក ត្រាំ សម្រេច​មិន​អញ្ជើញ​មក​អាស៊ី​។ បញ្ហា​ក្នុងស្រុក​នោះ​គឺ ការរៀបចំ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ដែល​នឹងត្រូវ​រៀបចំ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​មកដល់​។ ជាធម្មតា ការបោះឆ្នោត​នេះ​ផ្តល់ឱកាស​ដល់​ប្រជាជន​ដែល​មិន​ពេញ​ចិត្តនឹង​ប្រធានាធិបតី​បញ្ចេញ​សំឡេង​របស់ខ្លួន ឬ​អាច​និយាយ​ម្យ៉ាង​ទៀតថា ប្រជាប្រិយភាព​ប្រធានាធិបតី​ជា​កត្តា​ដែល​កំណត់​លទ្ធផល​នៃ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​នេះដែរ​។
​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០០៦ បក្ស​ប្រជាធិបតេយ្យ​ដណ្តើម​អាសនៈ​ភាគច្រើន​ពី​ក្រុម​ប្រជាធិបតេយ្យ ហើយ​ក្នុង​ឆ្នាំ ២០១០ បក្ស​សាធារណរដ្ឋ​ដណ្តើម​អាសនៈ​ភាគច្រើន​នៃ​សភា​ទាំងពីរ​ត្រឡប់មកវិញ​ដែរ​។​
 
​ក្នុងការ​បោះឆ្នោត​ថ្ងៃ ៦ ខែវិច្ឆិកា​ខាងមុខ គេ​វាយតម្លៃថា បក្ស​ប្រជាធិបតេយ្យ​នឹង​អាច​ដណ្តើម​សំឡេង​ភាគ​ច្រើ​នៅ​សភា​ទាំងពីរ ស្រប​ពេលដែល​ប្រជាប្រិយភាព​លោក ត្រាំ មិនសូវ​ល្អ​។ បើតាម​ការស្ទង់មតិ​ដើមខែ​សីហា Gallup poll ប្រជាជន​អាមេរិក ៥៤ ភាគរយ​មិន​គាំទ្រ​ប្រធានាធិបតី ត្រាំ ទេ ហើយ​វា​ជា​សញ្ញា​អវិជ្ជមាន​មួយ​សម្រាប់​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​នេះ​។​
 
 បើសិនជា​បក្ស​សាធារណរដ្ឋ​ចាញ់ឆ្នោត​ហើយ​បាត់បង់​អាសនៈ​ភាគច្រើន​ដែល​ខ្លួន​កំពុង​កាន់កាប់​នៅក្នុង​សភា​ទាំងពីរ គ្រោះថ្នាក់​ចំពោះ​លោក ត្រាំ​នឹង​កើតឡើង​ជាក់​ជាមិនខាន​។ គ្រោះថ្នាក់​ធំ​នោះ​គឺ អាចជា​ការផ្តើម​នីតិវិធី​ការដកហូត​តំណែង​ប្រធានាធិបតី​ផង ជុំវិញ​សំណុំរឿង​ចូល​ដៃ​ចូល​ជើង​ជាមួយ​រុស្ស៊ី និង​ការ​លូកលាន់​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​អាមេរិក​ឆ្នាំ ២០១៦​។ 
 
៤.​លោក ត្រាំ​មិន​មក​អាស៊ី ខណៈ​សំណុំរឿង​ចរចា​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជាប់គាំង
 
​ការប្រកាស​មិន​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​របស់លោក ត្រាំ កើតឡើង​ខណៈពេលដែល​ដំណើរ​ការចរចា​ជាមួយ​កូរ៉េខាងជើង​លើ​ការរំសាយ​នុយក្លេអ៊ែរ​ជាប់គាំង​ដែរ​។ ដើមឡើយ​គេ​ធ្លាប់​រំពឹង​ខ្ពស់ ថា លោក ត្រាំ នឹង​ត្រឡប់មក​សិង្ហ​បុរី​ជាថ្មីទៀត ព្រោះ​លោក​បាន​ចូលរួម​កិច្ចប្រជុំ​ពិសេស​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​បុរី​រដ្ឋ​នេះដែរ​ពី​ខែមិថុនា​កន្លងមកនេះ​។ 
 
​ក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ វា​មានការ​ឯកភាពគ្នា និង​ប្តេជ្ញាចិត្ត​ជំរុញ​ការរំសាយ​នុយក្លេអ៊ែរ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​លោក ត្រាំ បានធ្វើ​សម្បទាន​ទ្រង់ទ្រាយ​ធំ​ដែរ​ដោយ​ផ្អាក​សមយុទ្ធ​យោ​ជាមួយ​កូរ៉េខាងត្បូង​និង​ជប៉ុន​ដើម្បី​បញ្ចៀស​ការប្រឈមមុខ​ដា​ក់​គ្នា​ដោយ​ប្រការ​ណាមួយ​ផង​។ កូរ៉េខាងជើង​បង្ហាញ​ឆន្ទៈ​ល្អ ដោយ​កម្ទេច​ទីតាំង​បាញ់​សាកល្បង​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​របស់ខ្លួន​ដូចគ្នា​។​
 
​ប៉ុន្តែ​គ្រប់យ៉ាង​មិន​ដើរទៅ​រលូន​ដូច​ការរំពឹងទុក​ទេ​។ អាមេរិក​អះអាងថា ខ្លួន​បន្ត​រក្សា​សម្ពាធ​ដែលមាន​ប្រឆាំង​កូរ៉េខាងជើង​រហូតដល់​ឃើញ​កិច្ច​ការសំខាន់​ត្រូវ​ចេញ​ជា​រូបរាង​។ ឯ​នៅ​កូរ៉េខាងជើង​វិញ គេ​រកឃើញថា របប​ដឹកនាំ​នេះ​បន្តសកម្មភាព​នុយក្លេអ៊ែរ​របស់ខ្លួន​ដដែល​។ មកដល់​ឥឡូវ ដំណើរការ​ចរចា​នៅ​ទ្រឹង​មិន​ទៅមុខ​។ លោក ត្រាំ លុបចោល​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ទៅកាន់​កូរ៉េខាងជើង​ចុងខែ​សីហា​ដោយសារ​មិនឃើញ​ការវិវត្ត​នៃ​ការចរចា​នេះឡើយ​។ លោក ត្រាំ បន្ទោស ចិន ដែល​ធ្វើ​ឲ្យ​បញ្ហា​ស្មុគស្មាញ ដោយ​លើក​ហេតុផល​ថា ចិន​ព្យាយាម​សងសឹក​អាមេរិក​ព្រោះ​ខឹង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​។​
 
​តាមពិតទៅ ពេល​នាំ​លោក គីម ជុង​អ៊ុន មក​ប្រជុំ​ទល់មុខ​សិង្ហ​បុរី លោក ត្រាំ អួតអាង​ថា គោលនយោបាយ​របស់លោក​មានគុណ​សម្បត្តិ​ច្រើន​ក្នុង​ការដាក់​សម្ពាធ​ឲ្យ​កូរ៉េខាងជើង​ប្តូរ​ឥរិយាបថ​៣៦០​ដឺ​ក្រេ​បែបនេះ​។ ប៉ុន្តែ​ពេលនេះ ទាំង​លោក ត្រាំ និង​មន្ត្រី​ខ្លួន ហាក់​បាក់អំណួត​ដែរ ព្រោះ​ធ្លាប់​អួតអាង និង​មាន​សុទិដ្ឋិនិយម​ខ្ពស់​ពេក​ចំពោះ​ការចរចា​ជាមួយ​កូរ៉េខាងជើង​នេះ​។ 
 
៥.​មិន​មក​អាស៊ី​តែ លោក ត្រាំ នឹង​ទៅ​អឺរ៉ុប និង​អាមេរិក​ឡាទីន​

​ថ្វីបើ​មិន​មក​ចូលរួម​ប្រជុំ​កំពូល​នៅ​អាស៊ី​ក៏ដោយ លោក ត្រាំ បែរជា​នឹង​ចំណាយពេល​ធ្វើដំណើរ​ទៅកាន់​តំបន់​អឺរ៉ុប​វិញ​។ យោងតាម​ការប្រកាសរ​បស់​សេត​វិមាន លោក ត្រាំ នឹងចូលរួម​ខួប ១០០ ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី​មួយ​នៅ​បារាំង ហើយនឹង​បន្តទៅ​ទស្សនកិច្ច​នៅ​អ៊ៀ​រឡ​ង់​ដើម្បី​ពង្រឹង​ចំណង​ទំនាក់ទំនង​ស៊ីជម្រៅ​ដែលមាន​យូរអង្វែង​និង​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​
 
​ឥរិយាបថ​នេះ ត្រូវបាន​គេ​បកស្រាយ លោក ត្រាំ កំពុងផ្តល់​អាទិភាព​ដល់​តំបន់​អឺរ៉ុប​ជាជាង​អាស៊ី​ដែរ​។ គេ​ដឹង​ច្បាស់​ថា បច្ចុប្បន្ននេះ​ទំនាក់ទំនង​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​មិនសូវ​ល្អ​ប៉ុន្មាន​ទេ ដោយសារ​នយោបាយ​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ​។ ក្នុង​កិច្ចប្រជុំ​ប្រទេស​ប្រាំពីរ (G7) នៅ​កាណាដា​ខែកក្កដា មេដឹកនាំ​អាមេរិក​នេះ​បន្ត​ទិតៀន​រដ្ឋ​អឺរ៉ុប​ដែល​បន្ត​ពឹង​ផ្អែកលើ​លុយ​អាមេរិក​ក្នុងការ​ការពារ​សន្តិសុខ និង​បន្ត​កេងចំណេញ​ពី​អាមេរិក​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ថែមទៀត​។​
 
​ដើមខែ​មិថុនា​កន្លងមក រដ្ឋបាល​លោក ត្រាំ បានប្រកាស​ដាក់​បន្ថែម​ពន្ធ ២៥​ភាគរយ ប្រឆាំង​ផលិតផល​ដែកថែប និង​កម្រិត ១០​ភាគរយ​ប្រឆាំង​ផលិតផល​អាលុយមីញ៉ូម​នាំចូល​ពី​អឺរ៉ុប កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ផងដែរ​។ ប្រទេស​ជា​សម្ព័ន្ធមិត្ត​អាមេរិក​ទាំងនេះ​បានដាក់​វិធាន​ការតបត​វិញ​ផងដែរ​ភ្លាមៗ​នោះ​។ 
 
​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មេដឹកនាំ​អឺរ៉ុប ដូចជា អាល្លឺម៉ង់ និង​បារាំង ធ្លាប់​អះអាង​ដែរ​ថា អឺរ៉ុប​លែង​ពឹងពាក់​អាមេរិក​បាន​ទៀតហើយ​រឿង​សន្តិសុខ និង​ការពារជាតិ​នោះ​។ ប្រទេស​ទាំងនោះ​អះអាងថា វា​ចាំបាច់​ដែល​អឺរ៉ុប​ត្រូវ​ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួន​ដើម្បី​បន្ថយ​ការពឹង​ពាក់​លើ​អាមេរិក​ផងដែរ​នាពេល​អនាគត​។​
 
​ចំណែក​រឿង​ផ្សេងទៀត​ដូចជា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ការប្រែប្រួល​អាកាសធាតុ​រឹតតែ​ធ្វើ​ឲ្យ​អឺរ៉ុប និង​អាមេរិក​បែកខ្ញែក​គ្នា​ថែមទៀត​។ យ៉ាងណាក៏ដោយ វត្តមាន​របស់​ប្រធានាធិបតី​អាមេរិក​នៅ​អឺរ៉ុប​ចុង​ឆ្នាំនេះ​ទំនងជា​ការប្រែប្រួល​ជំហរ​ការបរទេស​អាមេរិក​ចំពោះ​តំបន់​អឺរ៉ុប​ក្នុង​ក្របខណ្ឌ​ណាមួយ​ផង​។  
 
​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច វា​ហាក់បីដូច​ជាមាន​សញ្ញា​វិជ្ជមាន​ខ្លះៗ​ហើយ​។ ដូច​ឃើញស្រាប់ កាលពី​ចុងខែ​កក្កដា លោក ត្រាំ បាន​យល់ព្រម​ចរចា​សម្របសម្រួល​លើ​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប​ក្រោយ​ការដំឡើង​ពន្ធ​ប្រឆាំង​គ្នា​ទៅវិញទៅមក​នោះ​។ 
 
​មួយវិញទៀត មិន​មក​ប្រជុំ APEC ប៉ុន្តែ​លោក ត្រាំ នឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រទេស ២០ នាទី​ក្រុង Bueno Aires  ប្រទេស​អា​ហ្ស​ង់​ទីន​ចុងខែ​វិច្ឆិកា​វិញ​។ នៅ​ទីនោះ​លោក ត្រាំ នឹងមាន​ឱកាស​ឆ្លៀត ជជែក​ពិភាក្សាគ្នា​ជាមួយ​ប្រមុខរដ្ឋ​ចិន ស៊ី ជិន​ភីង ផងដែរ​ពី​ទំនាក់ទំនង​ទ្វេភាគី​ជាពិសេស​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ជ្រួលច្របល់​នោះ​។​
 
​អាមេរិក​ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​ចិន​កាលពីដើម​ខែកក្កដា​កន្ល​ង​ទៅ ដោយមាន​ការបង្កើន​ព​ន្ធ​ប្រឆាំង​ទំនិញ​ចិន​បន្តបន្ទាប់​សរុប​ទាំងអស់​មាន​ទំហំ ៥០​ពាន់​លាន​ដុល្លារ​ឯណោះ​។ គេ​ឃើញ​មានការ មានការ​ព្យាយាម​រក​វិធី​បញ្ចៀស​កុំ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ផងដែរ ដោយមាន​ការបញ្ជូន​តំណាង​ជាន់ខ្ពស់​នៃ​ភាគី​ទាំងពីរ​ទៅ​ចរចា​គ្នា​ដែរ​។ ត្រាំ ម្តង​ជា​ពីរដង​បន្ត​គំរាម​ដាក់​ពន្ធ​បន្ថែម​ប្រឆាំង​ទំនិញ​មានតម្លៃ ២០០​ពាន់​លាន​ដុល្លារ​ដែល​នាំចូល​ពី​ចិន​ដូចគ្នា បើសិនជា​ការចរចា​នេះ​គ្មាន​ផ្លែផ្កា​ទេ​។​
 
​បើសិនជា​លោក ត្រាំ និង​ស៊ី នឹង​ជួប​ពិភាក្សាគ្នា​នៅក្រៅ​កិច្ចប្រជុំ​ប្រទេស ២០ វា​អាចជា​ឱកាស​ពិសេស​សម្រាប់​ឲ្យ​មេដឹកនាំ​ទាំងពីរ​ស្វែងរ​រក​ជំហ​រួម​បញ្ចប់សង្គ្រាម​សេដ្ឋកិច្ច​សតវត្ស​ន៍ទី ២១ ដែល​គំរាមកំហែង​ចរន្ត​សេដ្ឋកិច្ចពិភពលោក​ដែរ​៕
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  អាស៊ាន​
  ចិន​
  APEC
© រក្សាសិទ្ធិដោយ thmeythmey.com