កីឡាអន្តរជាតិ
អន្តរជាតិ
ក្រៅពី​ដឹកនាំ​ក្រុម​កម្ពុជា Keisuke Honda ក៏​ត្រៀមខ្លួន​លេង​តទល់​ជាមួយ Usain Bolt ផងដែរ​
05, Sep 2018 , 10:51 am        
រូបភាព
លោក Honda កំពុងដឹកនាំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជាលើកដំបូងនាកីឡដ្ឋានជាតិ
លោក Honda កំពុងដឹកនាំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជាលើកដំបូងនាកីឡដ្ឋានជាតិ
​លោក Keisuke Honda កំពុង​ទន្ទឹងរង់ចាំ​ការប្រកួត​ដ៏​អស្ចារ្យ​ទល់នឹង Usain Bolt អតីត​កីឡាករ​រត់ប្រណាំង​ពិភពលោក​នៅលើ​ទឹកដី​អូស្ត្រាលី​។ តារា​ឆ្នើម​របស់​ជប៉ុន​និយាយ​បែបនេះ​នៅក្រោយ​បញ្ចប់​ការហ្វឹកហាត់​លើកដំបូង​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី នៅ​ថ្ងៃទី​៤ ខែកញ្ញា នា​ពហុ​កីឡដ្ឋាន​ជាតិអូឡាំពិក​។​



អត្ថបទទាក់ទង
 
 
​ក្រុម Central Coast Mariners នៃ​លី​គ​កំពូល​អូស្ត្រាលី បាន​ចុះហត្ថលេខា​នាំយក​បុរស​រហ្សនាម​ស្តេច​ល្បឿន Bolt ដែលជា​អតីត​អត្តពលិករត់ប្រណាំង និងជាម្ចាស់៨មេដាយមាសកីឡា​អូឡាំពិក​ ហើយបានក្លាយជាកីឡាករបាល់ទាត់វិញដោយទៅ​រួម​ក្រុម​កាលពី​ខែសីហា ដើម្បី​ប្រជែង​ពាន A-League ដែល​នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ក្នុង​ខែតុលា ឆ្នាំ​២០១៨​។​
 
​លោក Honda បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លិប Melbourne Victory របស់ A-League ផង​នោះបាន​ធ្វើដំណើរ​មកកាន់​ទឹកដី​កម្ពុជា​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ដើម្បី​កោះហៅ​កីឡាករ​២៣​រូប​របស់​ក្រុម​រហស្សនាម​គោព្រៃ​កម្ពុជា​ហ្វឹកហាត់​ត្រៀម​ទទួលភ្ញៀវ​ម៉ាឡេស៊ី​សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​នា​ថ្ងៃទី​១០ ខែកញ្ញា ខាងមុខ​។ 
  
 
​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​ខ្មែរ​នៅឯ​កីឡដ្ឋាន​ជាតិ អតីត​កីឡាករ AC Milan រូបនេះ​បាន​និយាយថា លោក​មិនដឹងថា​អ​តី​កំពូល​អ្នករត់​ប្រណាំង​សញ្ជាតិ​ហ្សា​ម៉ៃ​អ៊ី​ក Usain Bolt នឹង​ក្លាយជា​គូប្រជែង​របស់ខ្លួន​នៅ​ថ្ងៃ​ណាមួយ​នោះទេ​។​
 
​សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន វ័យ​៣២​ឆ្នាំ ដែល​បាន​ចូលរួម​ជាមួយ​ក្លិប Melbourne កាលពី​ខែសីហា និង​ជា​អ្នកចាត់ការ​ទូទៅ​ស្ម័គ្រចិត្ត​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផង​នោះ​និយាយថា​៖ «​ខ្ញុំ​មិនបាន​ដឹង​ទេ​ថា​តើ​ពេលណា​ខ្ញុំ​អាច​បង្ហាញខ្លួន​សម្រាប់​ក្រុម Melbourne នោះទេ​។ វា​នឹង​អស្ចារ្យ​ប្រសិនបើ​ខ្ញុំ​អាច​លេង​ទល់នឹង​ក្រុម​គាត់ [Bolt]»​។​
 



​ការប្រកួត​ដំបូង​រវាង Melbourne Victory និង Central Coast Mariners ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​
 
​និយាយ​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​វិញ បន្ទាប់ពី​ការហ្វឹកហាត់​លើកដំបូង លោក Honda បានបញ្ជាក់​ជាថ្មី​ពី​ផែនការ​របស់លោក​ក្នុងការ «​ជួសជុល និង​កែលម្អ​ក្រុម​»​នៅក្រោម​ការដឹកនាំ​រប​ស់លោក​។​
 
«​ខ្ញុំ​ចង់​រួមចំណែក​រាល់​បទពិសោធ​ន៍​ទាំងអស់​របស់ខ្ញុំ​ជូន​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ បេសកកម្ម​របស់ខ្ញុំ​គឺ​ចង់​ផ្លាស់ប្តូរ​កីឡាបាល់ទាត់​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ... ប៉ុន្តែ​ជាការ​ពិត​វា​មិន​ងាយស្រួល​នោះទេ​»៕
 




Tag:
 បាល់ទាត់​
  Keisuke Honda
  Usain Bolt
  ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com