អន្តរជាតិ
លោក ស៊ី មិន​ទៅ​កូរ៉េខាងជើង​តាម​ការអញ្ជើញ និង​ឲ្យ​តំណាង​ទៅ​ជំនួស
05, Sep 2018 , 11:48 am        
រូបភាព
​ប្រធាន​ធិបតី​ចិន ស៊ី ជិន​ភីង បានសម្រេច​ចិត្ត​មិន​ទៅ​កូរ៉េខាងជើង​តាម​ការអញ្ជើញ​របស់​មេ​ដឹកនាំ​កូរ៉េខាងជើង​ឡើយ​។ តំណាង​ឲ្យ​លោក ស៊ី គឺប្រធាន​សភា​ប្រជាជន​ចិន លី ចាន់​ស៊ូ ដែលជា​មនុស្ស​ជំនិត​របស់លោក​ផងដែរ​។ មិនមាន​មូលហេតុ​អ្វី​ត្រូវបាន​បញ្ចេញ​ឡើយ តែ​ទំនងជា​មកពី​កាលវិភាគ​ដ៏​មមាញឹក​របស់លោក ស៊ី ដែល​ត្រូវ​ទទួល​មេដឹកនាំ​អាហ្វ្រិក​ជាច្រើនរូប​។ ម្យ៉ាង​ទំនងជា​មេដឹកនាំ​ចិន​មិន​ចង់​ឲ្យ​អាមេរិក​យល់​ខុស​ផង ដោយសារ​កំពុង​ខឹង​ចិន​ព្រោះ​មិន​ជួយ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ផង​។​

 
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ផ្សាយ​ថា ប្រធានសភា​ប្រជាជន​លោក លី ចាន់​ស៊ូ នឹងធ្វើ​ដំណើរ​ទៅកាន់​កូរ៉េខាងជើង​នៅ​ថ្ងៃទី​៨ ខែកញ្ញា ដើម្បី​ចូលរួម​ក្នុង​ខួប​ទី​៧០ ថ្ងៃ​បង្កើត​កូរ៉េខាងជើង​ដែល​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​បន្ទាប់​។ លោក លី ត្រូវ​ធ្វើជា​តំណាង​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែល​មិនអាច​ទៅ​ក្រុង​ព្យុងយ៉ាង​តាម​ការអញ្ជើញ​របស់រ​បប​ដឹកនាំ​កូរ៉េខាងជើង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​មិនបាន​ផ្សាយ​ពត៌មាន​លម្អិត​ទាក់ទង​បញ្ហា​នេះឡើយ​។​
 
​លោក លី ដែល​គេ​ស្គាល់​ថា ជា​ដៃស្ដាំ​របស់លោក ស៊ី នឹង​ក្លាយជា​មន្ត្រី​ថ្នាក់ខ្ពស់​ជាងគេ​របស់​ចិន​ដែល​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង ចាប់តាំងពី​លោក​ក្ដាប់​អំណាច​នៅ​ឆ្នាំ​២០១២ មក​។ កាលពី​ឆ្នាំ​២០១៥ មន្ត្រីជាន់ខ្ពស់​ចិន​មួយរូប គឺ​លោក លីវ យុន​សាន ដែល​ពេលនោះ​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ក៏បាន​ទៅ​កូរ៉េខាងជើង​ម្ដង​ដែរ តែ​ឋានៈ​របស់លោក​ទាប​ជាង​លោក លី នៅពេលនេះ​។​
 
​អាចមាន​មូលហេតុ​ពីរ​ដែល​លោក ស៊ី មិន​ទៅ​កូរ៉េខាងជើង​ដោយផ្ទាល់ ហើយ​បញ្ជូន​មនុស្ស​ទី​៣​ក្នុង​ជួរ​បក្ស​ទៅជា​តំណាង​វិញ​។ មូលហេតុ​ទីមួយ គឺ​លោក ស៊ី ត្រូវ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​អាហ្វ្រិក​មួយចំនួន​ដែល​ចូលរួម​វេទិកា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក​។ ទោះជា​ជំនួប​នេះ​បានបញ្ចប់​ក្ដី មេដឹកនាំ​អាហ្វ្រិក​ខ្លះ​មិនទាន់​ចាកចេញ​ឡើយ និង​មាន​គម្រោង​បន្ត​ទស្សនកិច្ច​ផ្លូវការ​រហូតដល់​ចុង​សប្ដាហ៍​នេះ​។ លោក ស៊ី ក៏ត្រូវ​ទួល​ប្រមុខរដ្ឋ​ម៉ូ​ណា​កូ​ដែល​ទស្សនកិច្ច​នៅ​ចិន​ផង​។​
 
​មូលហេតុ​ទី​ពីរ ជា​រឿង​សំខាន់ និង​ជា​សំណុំរឿង​ចាស់ គឺ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចោទ​ចិន​ដោយ​ចំៗ​ថា ធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងជើង​រកាំរកូស ហើយ​មិន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ​អ្វី​ឡើយ​។ មានន័យថា បើ​លោក ស៊ី ទៅ​កូរ៉េខាងជើង​ពេលនេះ វា​ប្រៀបដូចជា​ចិន​ពិតជា​ធ្វើ​ទង្វើ​ដូច​អាមេរិក​ចោទ​មែន ហើយ​អាមេរិក​នឹង​រឹតតែ​មិន​សប្បាយចិត្ត​មិន​ខាន​។​
 
​ការបញ្ជូន​លោក លី ទៅ​ជំនួស​បែបនេះ ជា​ផ្លូវ​ដោះខ្លួន​មួយ​ដ៏​ប្រសើរ​សម្រាប់​លោក ស៊ី ។ ម្យ៉ាង​វា​បង្ហាញ​ជា​ឆន្ទៈ​ល្អ​របស់​ចិន​ទៅកាន់​កូរ៉េខាងជើង​ក្នុងនាម​ជា​មិត្តភក្តិ​ម៉ឺន​ឆ្នាំ​ធ្លាប់​ប្រកៀក​ស្មា​ប្រយុទ្ធ​ជាមួយ​ទាហាន​អាមេរិក​។ ហើយ​ម្យ៉ាងទៀត វា​ក៏​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​អាមេរិក កុំ​ឲ្យ​យ៉ាប់យ៉ឺន​ខ្លាំង​ជាង​បច្ចុប្បន្ន​ផង​។ បើ​លោក ត្រាំ ស្រែក​ផង រិះគន់​ចំៗ​ផង​នោះ លោក ស៊ី ត្រូវ​លៃលក​ប្រយោជន៍​ចិន​សិន​ហើយ ចាំ​គិត​រឿង​កូរ៉េខាងជើង​ទៀត​៕
 
   
 
 

Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងជើង​
  ស៊ី ជិន​ភីង​
  លី ចាន់​ស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com