ពីនេះ ពីនោះ
ជំនន់​ទន្លេមេគង្គ ផ្តល់​ផល​អាក្រក់ ឬ​ល្អ សម្រាប់​អ្នករស់នៅ​តាម​ដង​ទន្លេ​មួយ​នេះ​?
05, Sep 2018 , 7:19 pm        
រូបភាព
​រូបភាព​ពីលើ​អាកាស​ក្នុងភូមិ​កោះ​ប្រាក់ ស្រុក កៀនស្វាយ ខេត្តកណ្តាល​។  រូបភាព​៖ ឈុត ឈា​ណា​
​រូបភាព​ពីលើ​អាកាស​ក្នុងភូមិ​កោះ​ប្រាក់ ស្រុក កៀនស្វាយ ខេត្តកណ្តាល​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
​នេះ​ជា​រូបភាព​ពីលើ​អាកាស ស្ថិតនៅ​ក្នុងភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ភូមិ​កោះ​ប្រាក់ តិច​ឬ​ច្រើន តែងតែ​រង​ឥទ្ធិពល​ទឹកជំនន់​ទន្លេមេគង្គ ក្នុង​រដូវវស្សា​ជា​រៀងរាល់ឆ្នាំ​។ ទឹកជំនន់​ទន្លេមេគង្គ បាន​ក្លាយជា​ទម្លាប់​ប្រចាំឆ្នាំ​របស់​អ្នកភូមិ​មួយ​នេះ​ទៅហើយ​។



ប្រជាជន​ក្នុងភូមិ​ភាគច្រើន ប្រកប​របរ​កសិកម្ម ធ្វើ​ចំការ ដោយ​ប្រើប្រាស់​ប្រភពទឹក​ពី​ទន្លេមេគង្គ​ស​ម្រា​បើ​ស្រោចស្រព​។ ថ្វីដ្បិតតែ​ទឹកជំនន់​ទន្លេមេគង្គ ហាក់​បាន​នាំ​ផល​លំបាក​ខ្លះៗ សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នកភូមិ ក្នុង​រយៈពេល​ពីរ​ទៅ​បី​ខែ ដូចជា លំបាក​ក្នុងការ​ធ្វើដំណើរ លំបាក​ក្នុង​ការរក​ទីទួល​សុវត្ថិភាព​សម្រាប់ គោ ជ្រូក មាន់ ទា​។​ល​។ ប៉ុន្តែ នោះ​ពុំមែន​ពិតជា​ផល​អវិជ្ជមាន ឬ​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​ពួកគាត់​ទាំងស្រុង​ឡើយ​។ ប៉ុន្តែ ទឹកជំនន់​ទន្លេមេគង្គ បាន​នាំមក​ជាមួយ​នូវ​ភក់ល្បាប់​ប្រកបដោយ​ជីវជាតិ ទៅ​ចាក់​បំពេញ​លើដី​ចំការ​របស់​ពួកគាត់​។

ផ្ទុយទៅវិញ បើ​ឆ្នាំ​ណា​ទឹកតូច មិន​លិច​គ្របដណ្តប់​ដល់​ដីចំការ នោះ​ពួកគាត់​មិនសូវ​សប្បាយចិត្ត​ទេ​។ មូលហេតុ បើ​ទឹកតូច ដីចំការ​របស់​ពួកគាត់​នឹង​ក្លាយទៅជា​ទីជម្រក​របស់​សត្វ​កណ្តុរ ព្រមទាំង​រុក្ខជាតិ​ផ្សេងៗ​គ្រប់​ប្រភេទ ដូចជា​ស្មៅ បន្លា​ស្អិត ដើម​ត្រែង​នឹង​កើតឡើង​ច្រើន មិនតែប៉ុណ្ណោះ ដី​ក៏​មិនសូវមាន​ជីជាតិ​ផងដែរ​។ ដល់​រដូវ​ដាំ​ដុះ​នា​រដូវ​ទឹកសម្រក ពួកគាត់​ត្រូវ​ចំណាយ​ទាំង​ពេលវេលា កម្លាំងកាយ​យ៉ាងច្រើន ដើម្បី​កាត់​ស្មៅ កាត់​រុក្ខជាតិ​ផ្សេងៗ និង​កំចាត់​សត្វ​កណ្តុរ​ចង្រៃ​ចេញ​ឲ្យ​អស់ ទើប​អាចធ្វើ​ការដាំដុះ​បាន​។

មិនតែប៉ុណ្ណោះ ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់កាស​ច្រើន ដើម្បី​ទិញ​ជីគីមី​មក​ដាក់​ដំណាំ​ឲ្យ​មាន​ផ្លែផ្កា​ល្អ​ថែម​ទៀតផង​។ ទាំងនេះ សបញ្ជាក់​ថា ទឹកជំនន់​ទន្លេមេគង្គ ជាទូទៅ​បានផ្តល់​ផល​ល្អ​ច្រើនជាង​ផល​អាក្រក់ ដល់​អ្នករស់នៅ​តាម​ដង​ទន្លេ​ដែល​ប្រកប​របរ​កសិកម្ម​។ ទឹកទន្លេ​មេគង្គ​នឹង​ចាប់ផ្តើម​ស្រក រវាង​ខែសីហា ឬ​តុលា​។ អ្នកភូមិ​កោះ​ប្រាក់ ក៏​ចាប់ផ្តើម​រៀបចំ​បណ្តុះ​កូន​ដំណាំ​ផ្សេងៗ ដូចជា ល្ហុង ប៉េង​បោះ ត្រប់ ននោង ម្ទេស​។​ល​។ ពេល​ទឹក​ស្រក​អស់ ពួកគាត់​ក៏​ចាប់ផ្តើម កាប់ឆ្កា ភ្ជូ​រ​រាស់ រាន​ដី លើក​រង និង​ដាំ​ដំណាំ​ទាំងនោះ​។​

© រក្សាសិទ្ធិដោយ thmeythmey.com