អន្តរជាតិ
ជំនួប​កំពូល​រដ្ឋ​ប៉ាស៊ីហ្វិក​៖ ម្ចាស់ផ្ទះ​ណូ​រូ រង​ការរិះគន់​ព្រោះ​រើស​អើ​ងប្រតិភូ​ចិន​
05, Sep 2018 , 8:39 pm        
រូបភាព
មន្រ្តីចិនចូលរួមក្នុងវេទិកាកោះសមុទ្រប៉ាស៊ីហ្វិកនៅណូរូ (រូបភាព AFP)
មន្រ្តីចិនចូលរួមក្នុងវេទិកាកោះសមុទ្រប៉ាស៊ីហ្វិកនៅណូរូ (រូបភាព AFP)
ដោយ: ថ្មីៗ
​វេទិកា​កោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​កោះ​ណូ​រូ​ជា​ម្ចាស់ផ្ទះ ប៊ិះ​តែ​នឹង​មិនអាច​កើតមាន​ទៅហើយ ខណៈដែល​កោះ​ណូ​រូ​បាន​ប្រទាំង​ប្រទើស​ជាមួយ​ចិន​រឿង​ផ្ដល់​ទិដ្ឋាការ​។ កោះ​ណូ​រូ ដែល​ទទួលស្គាល់​ឯករាជ្យ​របស់​តៃវ៉ាន់ បាន​បដិសេធ​បោះត្រា​ទិដ្ឋាការ​លើ​លិខិតឆ្លងដែន​ការទូត​របស់​ប្រតិភូ​ចិន​ដែល​ត្រូវ​ចូលរួម​ជំនួប​ដ៏​ធំ​ប្រចាំ​ប៉ាស៊ីហ្វិក​។ ការណ៍​នេះ​ធ្វើ​ឲ្យ​សមាជិក​វេទិកា​ផ្សេងទៀត​ដែលមាន​ទំនាក់ទំនង​ជាមួយ​ចិន​មិន​ពេញចិត្ត ហើយ​គំរាម​ដកខ្លួន​ចេញពី​វេទិកា​នេះ​ផង​។

 
​ការទាស់ទែង​ផ្នែក​ទិដ្ឋាការ​រវាង​កោះ​ណូ​រូ និង​ចិន សឹង​ធ្វើ​ឲ្យ​ជំនួប​មេដឹកនាំ​ប្រទេស​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ជួប​បញ្ហា ក្រោយ​អាជ្ញាធរ​ណូ​រូ​មិន​ព្រម​បោះត្រា​លើ​លិខិតឆ្លងដែន​របស់​មន្ត្រី​ចិន​។ ចិន​មិនមែនជា​សមាជិក​នៃ​វេទិកា​កោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក តែ​តែង​បាន​ចូលរួម​ជំនួប​នេះ​រហូតមក ស្រប​ពេលដែល​ឥទ្ធិពល​របស់ខ្លួន​ក៏​កើន​ឡើងជា​លំដាប់​នៅ​តំបន់​មួយ​នេះ រហូត​ធ្វើ​ឲ្យ​ប្រទេស​មួយចំនួន​បារម្ភ​ក្នុង​ចិត្ត​។​
 
​ចិន និង​ណូ​រូ គ្មាន​ទំនាក់ទំនង​ការទូត​នឹង​គ្នា​ឡើយ ព្រោះ​ណូ​រូ​ទទួលស្គាល់​តៃវ៉ាន់​ជា​តំណាង​ស្របច្បាប់​របស់​ចិន មិនមែន​ចិនដីគោក​ឡើយ​។ តៃវ៉ាន់​បាន​ជួយឧបត្ថម្ភ​មិត្ត​របស់​ដើម្បី​រៀ​ចំ​វេទិកា​មួយ​នេះ​។ ដោយសារ​ហេតុនេះ អាជ្ញាធរ​ណូ​រូ​បាន​បដិសេធ​ផ្ដល់​ទិដ្ឋាការ​ឲ្យ​ប្រតិភូ​ចិន​ដែល​កាន់​លិខិតឆ្លងដែន​ការទូត តែ​នឹង​ដំណើរ​ឲ្យ​តែ​លិខិតឆ្លងដែន​ធម្មតា​ប៉ុណ្ណោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​នៅ​ថ្ងៃទី​៤ ខែកញ្ញា​។​
 
​អាច​ថា នេះ​ជា​បញ្ហា​តិចតួច​ក្នុង​ការរៀបចំ​ជំនួប​នេះ​ក្ដី ប៉ុន្តែ​សមាជិក​វេទិកា​ដទៃទៀត​ដែលជា​សម្ព័ន្ធមិត្ត​និង​បានទទួល​ជំនួយ ឬ​កម្ចី​ជាច្រើន​ពី​ចិន បាន​ប្រតិកម្ម​យ៉ាងខ្លាំង​។ នាយករដ្ឋមន្ត្រី​កោះ​សា​ម័​រ Tuilaepa Sailele Malielegaoi បាន​ផ្ញើលិខិត​មួយ​ទៅកាន់​មេដឹកនាំ​ណូ​រូ Baron Waqa ដោយបាន​គំរាម​ដកខ្លួន​ចេញពី​កិច្ចប្រជុំ និង​បាន​ព្រមាន​ទៀតថា មេដឹកនាំ​កោះ​ប៉ាស៊ីហ្វិក​ផ្សេងទៀត ក៏​អាច​ធ្វើតាម​សា​ម័​រដែរ​។​
 
​ក្នុង​លិខិត​របស់ខ្លួន លោកនាយក​រដ្ឋមន្ត្រី​សា​ម័​រ​ប្រា​ប់លោក Waqa ថា សកម្ម​ភាពជា​ឯកតោភាគី​របស់លោក​ក្នុងនាម​ជា​ប្រធានាធិបតី​ណូ​រូ គឺជា​គ្រោះថ្នាក់​មិន​ធ្លាប់មាន​។ លោក Malielegaoi ជឿថា មេដឹកនាំ​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក​ផ្សេងទៀត ក៏​ទំនងជា​មិនអាច​ទទួលបាន​យកបាន​ដែរ​។ មេដឹកនាំ​សា​ម័​រ​បន្តថា ការសម្រេចចិត្ត​របស់​ណូ​រូ បង្កើតជា​សំណួរ​លើ​សុចរិត ភាព​គួរ​ឲ្យ​ទុកចិត្ត និង​មូលដ្ឋានគ្រឹះ​របស់​អង្គការ​តំបន់​មួយ​នេះ​។​
 
​ចុងក្រោយ​បញ្ហា​ក៏​ត្រូវបាន​ដោះស្រាយ​វិញ ដោយ​ណូ​រូ​បាន​យល់ព្រម​បោះត្រា​លើ​លិខិត​ស្នើសុំ​ទិដ្ឋាការ​របស់​មន្ត្រី​ចិន ជំនួស​ឲ្យ​ការបោះ​ត្រា​លើ​លិខិតឆ្លងដែន​។ បញ្ហា​មួយ​នេះ ក៏បាន​បង្ហាញ​ឥទ្ធិពល​ចិន​ក្នុងចំណោម​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក ដែល​បានទទួល​ជំនួយ​យ៉ាងច្រើន​ពី​ចិន​នាពេល​កន្លងមក​។ មិនបាច់​និយាយ​ឆ្ងាយ កោះ​សា​ម័​រ​នេះ​ក៏​ទទួលបាន​ជំនួយ និង​កម្ចី​យ៉ាងច្រើន​ពី​ចិន​រហូតដល់​ជំពាក់​បំណុល​ច្រើន​ដែរ​៕ 

Tag:
 ចិន​
  ណូ​រូ​
  សា​ម័​រ
© រក្សាសិទ្ធិដោយ thmeythmey.com