អន្តរជាតិ
ទូតអាមេរិកប្រចាំUN ៖ លោក ត្រាំ នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខលើបញ្ហាអ៊ីរ៉ង់
× អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley នៅថ្ងៃទី៤ ខែកញ្ញា ប្រកាសថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែក្រោយ។ កិច្ចប្រជុំដែលលោក ត្រាំ ដឹកនេះ នឹងផ្ដោតលើបញ្ហាអ៊ីរ៉ង់ ដែលអាមេរិកកំពុងប្រឈមមុខជាមួយក្នុងសំណុំរឿងនុយក្លេអ៊ែរ និងការអន្តរាគមន៍របស់អ៊ីរ៉ង់ក្នុងវិបត្តិស៊ីរី។
អាមេរិក នឹងធ្វើជាប្រធានប្ដូរវេនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែកញ្ញានេះ។ ស្របគ្នានេះ អាមេរិកនឹងរៀបចំកិច្ចប្រជុំមួយស្ដីពីបញ្ហាអ៊ីរ៉ង់ ដែលប្រធានាធិបតី ដូណាល់ ត្រាំ នឹងដឹកនាំកិច្ចប្រជុំនេះដោយផ្ទាល់ ស្របពេលលោកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កស្រាប់។ នេះបើតាមការលើកឡើងរបស់តំណាងអាមេរិកប្រចាំអង្គការនេះ លោកស្រី Nikki Haley ។
លោក Haley បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៤ ខែកញ្ញា ថា លោក ត្រាំ មានបំណងធ្វើជាប្រធានកិច្ចប្រជុំនេះ ហើយប្រធានបទសំខាន់ គឺបញ្ហាអ៊ីរ៉ង់។ ក្រៅពីប្រកាសកម្មវិធីលោក ត្រាំ អគ្គរដ្ឋទូតអាមេរិករូបនេះក៏ឆ្លៀតរិះគន់អ៊ីរ៉ង់ថា ធ្វើឲ្យរំលោភច្បាប់អន្តរជាតិ និងសាបព្រោះអស្ថិរភាពនៅមជ្ឈិមបូព៌ា។ សម្រាប់លោកស្រី អ៊ីរ៉ង់បានស្ថិតនៅចំកណ្ដាលរាល់បញ្ហាដែលកើតឡើង ហើយអាមេរិកចាត់ទុករឿងនេះជាបញ្ហា។
បើតាមសារព័ត៌មាន RT លោកស្រី Haley ចង់ឲ្យអ៊ីរ៉ង់វិលចូលរួមជាមួយសហគមន៍អន្តរជាតិ និងធ្វើខ្លួនជាប្រទេសបានការដែលចង់បង្កើតរឿងល្អសម្រាប់ពិភពលោក។ យ៉ាងណាមិញ តំណាងអាមេរិកដែលរិះគន់អ៊ីរ៉ង់កប់មាត់នាពេលកន្លងមក មើលមិនឃើញពីសកម្មភាពបែបនោះរបស់អ៊ីរ៉ង់ឡើយ។
អ៊ីរ៉ង់ បានស្ថិតនៅចំកណ្ដាលនៃការរិះគន់របស់រដ្ឋបាលលោក ត្រាំ តាំងមុនលោកដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ មក។ នយោបាយការបរទេសរបស់អាមេរិកចំពោះអ៊ីរ៉ង់ គឺពោរពេញដោយការចោទប្រកាន់មិនចេះចប់ រហូតដល់មានការផ្លោងសម្ដីគំរាមវាយប្រហារគ្នាទៅទៀត។ ក្រៅពីចោទអ៊ីរ៉ង់ថា បង្កើតមីស៊ីលបាលីស្ទិកដើម្បីគំរាមខ្លួននោះ អាមេរិកក៏រិះគន់អ៊ីរ៉ង់ចំពោះតួនាទីរបស់មហាអំណាចតំបន់មួយនេះក្នុងជម្លោះស៊ីរីផង។
ក្រោយការគំរាមចុះឡើងជាបន្តបន្ទាប់ អាមេរិកក៏គំរាមប្រទេសនានាឲ្យឈប់ទិញប្រេងរបស់អ៊ីរ៉ង់ ដែលដឹកនាំច្រកសមុទ្រ Hormuz ។ ការគំរាមរបស់អាមេរិក ធ្វើឲ្យអ៊ីរ៉ង់ខឹងសម្បារយ៉ាងខ្លាំង និងបានប្រកាសវិញថា ខ្លួននឹងបិទច្រកសមុទ្រដ៏សំខាន់មួយនេះ បើអាមេរិកហ៊ានធ្វើបែបនោះ។ ការបិទច្រកដឹកជញ្ជូនមួយនេះ នឹងបង្កបញ្ហាផ្នែកប្រេងមិនខាន ព្រោះការផ្គត់ផ្គង់ប្រេងទៅកាន់ទីផ្សារអន្តរជាតិពីមជ្ឈិមបូព៌ា ធ្វើឡើងតាមច្រកនេះ៕
Tag:
UN
អាមេរិក
អ៊ីរ៉ង់
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com