ជាតិ
សង្គមជាតិ
លទ្ធផលបាក់ឌុប នឹងប្រកាសនៅថ្ងៃទី៩-១០កញ្ញា មុនការកំណត់
× ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មុនការកំណត់ គឺប្រកាសនៅថ្ងៃទី៩ ខែកញ្ញា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១០ ខែកញ្ញា សម្រាប់ខេត្តផ្សេងៗទៀត។ នេះបើតាមក្រសួងអប់រំ ដែលបានពន្យល់តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថា ការប្រកាសលទ្ធផលមុនការកំណត់នេះ ដោយសារដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ បានប្រព្រឹត្តទៅដោយរលូន និងតម្លាភាព។
ដើមឡើយក្រសួងគ្រោងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី១១ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ចំណែកនៅថ្ងៃទី១២ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងតាមបណ្តាខេត្ត។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងមក មានសិស្សដែលប្រឡងជាប់៦៣៦៦៨នាក់ ត្រូវជា៦៣,៨៤ភាគរយ ក្នុងចំណោមបេក្ខជនវត្តមានប្រឡង៩៩,៧២៨នាក់ ដោយក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ៤២៤នាក់ និទ្ទេស B មានចំនួន ២ ៤៦៤នាក់ និទ្ទេស C មានចំនួន ៥០០០នាក់ និទ្ទេស D មានចំនួន ៩១២៣នាក់ និងនិទ្ទេស E មានចំនួន ៤៦ ៦៥៧នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com