អន្តរជាតិ
ព្រឹទ្ធសភា​អាមេរិក ស្នើច្បាប់​ដាក់ពិន័យ​ប្រទេស​ដែល​បោះបង់​តៃវ៉ាន់ ហើយ​ចាប់​ចិន​
06, Sep 2018 , 7:19 pm        
រូបភាព
បុរសម្នាក់កាន់ទង់ជាតិតៃវ៉ាន់ខាងមុខវិមានប្រធានាធិបតីក្នុងទីក្រុងតៃប៉ិ (រូបភាព AFP)
បុរសម្នាក់កាន់ទង់ជាតិតៃវ៉ាន់ខាងមុខវិមានប្រធានាធិបតីក្នុងទីក្រុងតៃប៉ិ (រូបភាព AFP)
​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយក្រុម នៅ​ថ្ងៃទី​៣ ខែកញ្ញា បានស្នើ​ឲ្យ​បង្កើត​ច្បាប់​មួយ ដែល​សំដៅ​លើកទឹកចិត្ត​ប្រទេស​ដែលមាន​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ កុំ​ឲ្យ​បោះបង់​ដែន​កោះ​នេះ ហើយ​ស្រវា​ចាប់​ចិន​វិញ​។ បើតាម​សេចក្ដីស្នើច្បាប់​ដែល​ស្នើ​ដោយ​សមាជិក​ព្រឹទ្ធសភា​បួន​នាក់​មកពី​បក្ស​ធំ​ទាំងពីរ ប្រទេស​ណា​ដែល​ផ្ដាច់ចំណង​ការទូត​ជាមួយ​តៃវ៉ាន់ នឹង​ប្រឈមមុខ​ការដាក់ពិន័យ ការផ្ដាច់​ជំនួយ ឬ​ការទម្លាក់​កម្រិត​ការទូត​ជាមួយ​អាមេរិក​។

 
​ដង្ហើម​ការទូត​របស់​តៃវ៉ាន់​លើ​ឆាក​អន្តរជាតិ កាន់តែ​ខ្សត់ខ្សោយ​ទៅៗ ក្រោយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ងាក​ទៅរក​ចិនដីគោក​ជា​បន្តបន្ទាប់​។ គ្រាន់តែ​ឆ្នាំ​២០១៨ នេះ ប្រទេស​បី​ដែលជា​កល្យាណមិត្ត​របស់​តៃវ៉ាន់​រាប់សិប​ឆ្នាំ​មកហើយ​នោះ បានប្រកាស​ផ្ដាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ហើយ​បង្កើត​ចំណង​ការទូត​ជាមួយ​ចិន​វិញ​។ មកទល់ពេលនេះ មានតែ​ប្រទេស​ចំនួន​១៨​ប៉ុណ្ណោះ​នៅ​ជុំវិញ​ពិភពលោក ដែល​ទទួលស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​។ 
 
​ដើម្បី​ការពារ​តៃវ៉ាន់ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ក៏​ស្នើច្បាប់​មួយ​ដើម្បី​ជួយ​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​អាច​បន្ត​ឈរជើង​លើ​ឆាក​អន្តរជាតិ​។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​បួន​នាក់​មាន Cory Gardner និង Marco Rubio នៃ​បក្ស​សាធារណរដ្ឋ ជាមួយនឹង​លោក Ed Markey និង Bob Menendez នៃ​បក្ស​ប្រជាធិបតេយ្យ បានស្នើ​ច្បាប់ «​គំនិត​ផ្ដួចផ្ដើម​ការពារ​និង​ជំរុញ​សម្ព័ន្ធមិត្ត​អន្តរជាតិ​តៃវ៉ាន់ (TAIPEI)» នៅ​ដើម​សប្ដាហ៍​នេះ​។ នេះ​បើតាម​ការប្រកាស​ព័ត៌មាន​របស់លោក Gardner នៅ​ថ្ងៃទី​៥ ខែកញ្ញា​។​
 
​សេចក្ដីស្នើច្បាប់​នេះ មាន​គោលដៅ​ឆ្លើយតប​នឹង​ការផ្ដាច់​ទំនាក់ទំនង​ការទូត​រវាង​តៃវ៉ាន់​ពី​សំណាក់​ប្រទេស​មួយចំនួន ដែល​ចុង​ក្រោយនេះ គឺ​អែល​សាល់​វ៉ា​ឌ័​រ​នៅ​អាមេរិក​ខាងត្បូង​។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាងលើ​ចោទ​ចិន​ថា បានដាក់​សម្ពាធ និង​អនុវត្ត​នយោបាយ​សម្លុត​ប្រទេស​ផ្សេង​។ ខណៈ​អាមេរិក​គ្មាន​ចំណង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​នោះ សេចក្ដីស្នើច្បាប់​ដដែល​នេះ នឹង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បង្កើត​យុទ្ធសាស្ត្រ​ដើម្បី​ជួយ​ក្រុង​តៃប៉ិ​។​
 
​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ក៏​ផ្ដើមគំនិត​ដាក់ពិន័យ​ប្រទេស​ដែល​ងាក​ចេញពី​តៃវ៉ាន់​ដែរ​។ ត្រង់ចំណុច​នេះ ពេល​ចូល​ជា​ធរមាន ក្រសួងការបរទេស​អា​មេ​រិ​ក​អាច​ទម្លាក់​កម្រិត​ការទូត​ជាមួយ​ប្រទេស​ដែលមាន​ទំនាក់ទំនង​ជាមួយ​អាមេរិក ហើយ​បោះបង់​តៃវ៉ាន់ រួច​ចាប់ដៃ​ចិន​វិញ​។ លើសពីនោះ អាមេរិក​ក៏​អាច​ចាត់វិធានការ​ផ្សេងទៀត​ដូចជា ផ្អាក ឬ​កាត់បន្ថយ​ជំនួយ​ទៅកាន់​ប្រទេស​ដែល​ទើប​បង្កើត​ចំណង​ការទូត​ជាមួយ​ចិន​ដែរ​។​
 
​កន្លងមក អាមេរិក​តែង​តែង​បង្ហាញ​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់​ប្រទេស​នានា​ដែល​បោះបង់​តៃវ៉ាន់​។ ចុងក្រោយ​គេ អាមេរិក​បាន​គំរាម​កាត់​ជំនួយ​អែល​សាល់​វ៉ា​ឌ័​រដែ​ល​ទើប​មាន​ទំនាក់ទំនង​ការទូត​ចិនដីគោក​។ ឯ​ក្រុង​តៃប៉ិ​វិញ​ក៏បាន​ចោទប្រកាន់​ជារឿយៗ​ថា ក្រុង​ប៉េកាំង​កំពុង​ប្រើប្រាស់​គោលនយោបាយ​ការទូត​ដុល្លារ​ដើម្បី​អូសទាញ​សម្ព័ន្ធមិត្ត​ខ្លួន ខណៈ​តៃវ៉ាន់​ប្រកាសថា​ខ្លួន​មិន​ធ្វើ​ទង្វើ​បែបនេះ​ឡើយ​៕

Tag:
 អាមេរិក​
  ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com