អន្តរជាតិ
ប្រេសិត​កូរ៉េខាងត្បូង​៖ លោក គីម ចង់​រំសាយ​នុយក្លេអ៊ែរ​នៅត្រឹម​អាណត្តិ​ទីមួយ​របស់លោក ត្រាំ
06, Sep 2018 , 8:59 pm        
រូបភាព
មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រេសិតកូរ៉េខាងត្បូង ជុង អ៊ីយ៉ុង (រូបភាព KCNA)
មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រេសិតកូរ៉េខាងត្បូង ជុង អ៊ីយ៉ុង (រូបភាព KCNA)
ប្រេសិត​កូរ៉េខាងត្បូង ជុង អ៊ីយ៉ុង ដែល​ទើប​ត្រឡប់​ពី​កូរ៉េខាងជើង បានប្រកាសថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ចង់បាន​ការរំសាយ​នុយក្លេអ៊ែរ​នៅត្រឹម​អាណត្តិ​ទីមួយ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៦ ខែកញ្ញា លោក ជុង ក៏​បញ្ចេញ​ជំហរ​មិន​ពេញចិត្ត​របស់លោក គីម ចំពោះ​សហគមន៍​អន្តរជាតិ​ដែល​មិន​ជឿជាក់​លើ​ឆន្ទៈ​របស​កូរ៉េខាងជើង​ក្នុងការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​ដែរ​។​

 
​ជា​រឿង​មិន​ធ្លាប់មាន​ពីមុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបង្ហាញ​កាលបរិច្ឆេទ​នៃ​ការរំសាយ​នុយក្លេអ៊ែរ​។ លោក គីម ចង់បាន​ការរំសាយ​នុយក្លេអ៊ែរ​កើតឡើង​នៅក្នុង​អាណត្តិ​ទីមួយ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ នេះ​ជា​សម្ដី​របស់​ប្រេសិត​ពិសេស​កូរ៉េខាងត្បូង ជុង អ៊ីយ៉ុង នៅ​ថ្ងៃទី​៦ ខែកញ្ញា ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​លទ្ធផល​ដំណើរ​ទស្សនកិច្ច​មួយថ្ងៃ​នៅ​រដ្ឋធានី​ព្យុងយ៉ាង​នៅ​ថ្ងៃទី​៥ ខែកញ្ញា​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​សំដៅ​កំណត់​ថ្ងៃ​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​នោះ លោក ជុង បាន​ជួប​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ហើយ​លោក គីម ក៏​ប្រាប់​ពី​ជំហរ​ខាងលើ​ទៅ​មន្ត្រី​កូរ៉េខាងត្បូង​តែម្ដង​។ មិនមែន​តែ​ការរំសាយ​នុយក្លេអ៊ែរ​ឡើយ លោក គីម ក៏​ចង់​បញ្ចប់​ទំនាក់ទំនង​អរិភាព​រវាង​កូរ៉េខាងជើង និង​អាមេរិក​រយៈពេល​៧០​ឆ្នាំ​ក្នុង​កាលបរិច្ឆេទ​ខាងលើ​ដូចគ្នា​ដែរ​។ អាណត្តិ​របស់លោក ត្រាំ នឹង​ចប់​នៅ​ដើមឆ្នាំ​២០២១ ។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ផ្សាយ​ថា មេដឹកនាំ​កូរ៉េខាងជើង​ក៏​ប្រាប់​មន្ត្រី​កូរ៉េខាងត្បូង​ពី​ការជឿជាក់​ឥត​ងាករេ​របស់លោក​ចំពោះ​លោក​ប្រធានាធិបតី ត្រាំ និង​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​អាមេរិក​រហូត​ទីបញ្ចប់​ទៀតផង​។ លោក ជុង និយាយថា​៖ «​លោក គីម សង្កត់ធ្ងន់ថា លោក​មិនដែល​និយាយ​ពី​ភាពអវិជ្ជមាន​របស់លោក ត្រាំ ទៅកាន់​មន្ត្រី ឬ​អ្នកណា​ឡើយ​។​» ប៉ុន្តែ​មន្ត្រី​កូរ៉េខាងត្បូង​ក៏​លើកឡើង​ពី​ការមិន​ពេញចិត្ត​របស់លោក គីម ចំពោះ​អាមេរិក និង​អន្តរជាតិ​ដែរ​។​
 
​បើតាម​មន្ត្រី​កូរ៉េខាងត្បូង​ដដែល​នេះ មេដឹកនាំ​កូរ៉េខាងជើង​មិន​រីករាយ​ឡើយ​នៅ​ដែល​សហគមន៍​អន្តរជាតិ​មិន​ជឿថា ខ្លួន​ពិតជា​មានបំណង​រំសាយ​នុយក្លេអ៊ែរ​មែន​។ ជាការ​ពិត ដូចដែល​លោក គីម ប្រាប់​ម​ប្រតិភូ​កូរ៉េខាងត្បូង ក្រុង​ព្យុងយ៉ាង​ពិតជា​បានធ្វើ​សកម្មភាព​មួយចំនួន​មែន​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​នេះ​ដូចជា​ការកម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ដ៏​ធំ និង​បាន​ផ្អាក​ការសាកល្បង​មី​ស៊ី​ល ឬ​នុយក្លេអ៊ែរ​ជាច្រើន​ខែ​ផង​។ 
 
​យ៉ាងណាមិញ អាមេរិក​នៅតែ​សង្ស័យ​អាកប្បកិរិយា​របស់​កូរ៉េខាងជើង ខណៈ​ការចរចា​បាន​ជាប់គាំង​នៅពេល​ចុងក្រោយ​នេះ​។ លោក ត្រាំ ក៏​ថែមទាំង​លុបចោល​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ព្យុងយ៉ាង​កាលពី​ខែ​មុន​ទៀត​។ នេះ​ក៏​ព្រោះតែ​អាមេរិក​ចង់ឃើញ​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើនជាង​នេះ និង​រឹងមាំ​ជាង​នេះ​មុននឹង​ខ្លួន​ផ្អាក​ទណ្ឌកម្ម​។ ប៉ុន្តែ​លោក គីម បាន​ផ្ដាំ​តាម​លោក ជុង ថា កូរ៉េខាងជើង​ចង់បាន​ការទទួលស្គាល់​ឆន្ទៈ​របស់ខ្លួន​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
  ជុង អ៊ីយ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com