អាមេរិក និងឥណ្ឌា នៅថ្ងៃទី៦ ខែកញ្ញា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យការពារជាតិ ដែលនឹងបើកផ្លូវឲ្យឥណ្ឌាទិញយុទ្ធោបករណ៍ទំនើបៗពីអាមេរិកដើម្បីបម្រើការក្នុងជួរកងទ័ព។ ភាគីទាំងពីរក៏រីករាយនឹងការវិវត្តនានាក្នុងទំនាក់ទំនងទ្វេភាគីកន្លងមកដែរ។ យ៉ាងណាមិញ អាមេរិក និងឥណ្ឌា នៅមិនទាន់អាចរកច្រកចេញបាននៅឡើយជុំវិញសំណុំរឿងពីរ គឺគម្រោងរបស់ឥណ្ឌាក្នុងទិញខែលការពារ S-400 របស់រុស្ស៊ី និងការបន្តរកស៊ីជាមួយអ៊ីរ៉ង់ ដែលអាមេរិកសុទ្ធតែចង់ឥណ្ឌាផ្អាក។
រដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស និងរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ បានចូលរួមក្នុងកិច្ចសន្ទនា២បូក២ ជាមួយសមភាគីឥណ្ឌា គឺរដ្ឋមន្ត្រីការពារជាតិ Nirmala Sitharaman និងរដ្ឋមន្ត្រីការពារជាតិ Sushma Swaraj នៅថ្ងៃទី៦ ខែកញ្ញា នៅទីក្រុងញូវដែលី។ លទ្ធផលសំខាន់ជាងគេនៅក្រោយជំនួបថ្នាក់ខ្ពស់នេះ គឺអាមេរិកបើកឲ្យឥណ្ឌាទទួលបានប្រព័ន្ធការពារជាតិទំនើបៗដូចជាដ្រូនជាដើមផង សំដៅពង្រឹងសមត្ថភាពយោធារបស់ឥណ្ឌា។
កិច្ចព្រមព្រៀងសន្តិសុខ និងការស្រុះស្រួលផ្នែកគមនាគមន៍រវាងអាមេរិក និងឥណ្ឌា នឹងអនុញ្ញាតឲ្យយោធាឥណ្ឌាអាចប្រើប្រាស់ឧបករណ៍យោធាដែលទិញពីអាមេរិកឲ្យបានច្រើនមុខងារថែមទៀត និងជាកិច្ចព្រមព្រៀងសម្រាប់តែឥណ្ឌាមួយគត់។ បើតាមសារព័ត៌មានឥណ្ឌា Economic Times អាមេរិកនឹងផ្គត់ផ្គង់សម្ភារចាំបាច់នានាទៅឲ្យឥណ្ឌា ហើយក៏ធានាថា ព័ត៌មានយោធាឥណ្ឌាក្រោមកិច្ចព្រមព្រៀងនេះ នឹងមិនត្រូវបានចែករំលែកឲ្យភាគីទីបីឡើយ។
ប្រមុខការទូតអាមរិកលោក ប៉ុមប៉េអូ ចាត់ទុកកិច្ចព្រមព្រៀងនេះចំណុចដ៏ល្អមួយក្នុងទំនាក់ទំនងសម្ព័ន្ធមិត្តទាំងពីរ។ ចំណែកឯប្រមុខការពារជាតិឥណ្ឌា Sitharaman និយាយថា កិច្ចព្រមព្រៀងផ្នែកយោធានេះ នឹងបង្កើនសមត្ថភាពរបស់ឥណ្ឌាក្នុងការត្រៀមខ្លួនប្រយុទ្ធ។ នេះក៏ព្រោះតែកិច្ចព្រមព្រៀងនេះ នឹងចូលជាធរមានភ្លាមៗសម្រាប់រយៈពេលដល់ទៅ១០ឆ្នាំឯណោះ ដែលនេះនឹងធ្វើឲ្យកងទ័ពឥណ្ឌាអាចពង្រឹងឥទ្ធិពលបានខ្លាំងទៀត។
អាមេរិកមិនទាន់ច្បាស់ត្រូវដាក់ទណ្ឌកម្មឬអត់ បើឥណ្ឌាទិញ S-400 ពីរុស្ស៊ី
ទោះជាបានចុះកិច្ចព្រមព្រៀងលើវិស័យយោធាដ៏សំខាន់មែន អាមេរិក និងឥណ្ឌានៅតែមិនទាន់អាចស្វែងរកច្រកចេញជុំវិញបំណងរបស់ឥណ្ឌាដែលចង់ទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ីឡើយ។ ក្រោយកិច្ចសន្ទនា២បូក២ រវាងមន្ត្រីជាន់ខ្ពស់ផ្នែកការទូត និងការពារជាតិ អាមេរិកនៅតែមិននិយាយថា ខ្លួននឹងឲ្យឥណ្ឌាទិញអាវុធរុស្ស៊ីឬអត់ឡើយ ខណៈកន្លងមកអាមេរិកធ្លាប់ប្រាប់ឲ្យឥណ្ឌាពិចារណាឲ្យមែនទែនលើរឿងនេះ បើមិនចង់រងទណ្ឌកម្មរបស់អាមេរិក។
តបនឹងសំណួរថា លោក ដូណាល់ ត្រាំ នឹងលើកលែងទណ្ឌកម្មឲ្យឥណ្ឌាឬយ៉ាងណា ប្រមុខការទូតអាមេរិករូបនេះបញ្ជាក់ថា អាមេរិកកំពុងតាមច្បាប់របស់ខ្លួនលើសំណុំរឿងនេះ ហើយនឹងពិចារណាលើកលែងទណ្ឌកម្មលើករណីដែលត្រឹមត្រូវ។ លោកបន្តថា មន្ត្រីអាមេរិកបន្តការជជែកជាមួយភាគីឥណ្ឌាលើបញ្ហានេះទៀត ដើម្បីសម្រេចឲ្យបានលទ្ធផលដែលប្រទេសទាំងពីរអាចទទួលយកបាន។
ក្រុងវ៉ាស៊ីនតោនបារម្ភដោយសារមហាយក្សប្រជាធិបតេយ្យអាស៊ីខាងត្បូងមួយនេះដែលជាប្រទេសនាំចូលសព្វាវុធដ៏ធំលើលោក បន្តពឹងផ្អែកខ្លាំងលើសព្វាវុធ និងបច្ចេកវិទ្យាយោធារុស្ស៊ី។ ឯរបបដឹកនាំឥណ្ឌាដែលតែងចាត់ទុកវិស័យការពារជាតិជាសរសរស្តម្ភនៃឋានៈជាមហាអំណាចពិភពលោកវិញ ចង់បានបច្ចេកវិទ្យាពីរុស្ស៊ីដើម្បីធានាសមត្ថភាពនិងគុណភាពសព្វាវុធដែលខ្លួនមាន និងនាំចូលពីសហភាពសូវៀតនោះ។ ម្យ៉ាងឥណ្ឌាចង់បានអ្នកផ្គត់ផ្គង់ផ្សេងពីអាមេរិក។
អាមេរិកចង់ឲ្យឥណ្ឌាឈប់ទិញប្រេងពីអ៊ីរ៉ង់
បញ្ហាអ៊ីរ៉ង់ ក៏ជាសំណុំរឿងធំមួយក្នុងទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌាដែរ។ អាមេរិក ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បានប្រាប់ឲ្យប្រទេសនានាបញ្ឈប់ការនាំចូលប្រេងរបស់អ៊ីរ៉ង់ ដើម្បីជាការដាក់សម្ពាធលើរដ្ឋមួយនេះ។ ប៉ុន្តែមានប្រទេសជាច្រើនមិនធ្វើតាមអាមេរិក រាប់ទាំងឥណ្ឌានេះផង។ ឥណ្ឌាត្រូវការប្រេងរបស់អ៊ីរ៉ង់ដើម្បីបំប៉នកំណើនសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងស្ទុះឡើងខ្លាំង។
ចំណាត់ការបិទការនាំចេញអ៊ីរ៉ង់របស់អាមេរិក នឹងចូលធរមាននៅថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ ហើយប្រទេសដែលបន្តរកស៊ីប្រេងជាមួយអ៊ីរ៉ង់ នឹងត្រូវរងទណ្ឌកម្មមិនខាន។ មកទល់ពេលនេះ រដ្ឋបាលលោក ត្រាំ មិនទាន់មានផែនការលើកលែងការអនុវត្តទណ្ឌកម្មលើប្រទេសណាមួយឡើយ។ ថ្លែងក្រោយជំនួបជាមួយមន្ត្រីឥណ្ឌា លោក ប៉ុមប៉េអូ បានត្រឹមលើកឡើងថា អាមេរិកនៅតែចង់ឲ្យប្រទេសទាំងអស់ឈប់នាំចូលប្រេងពីអ៊ីរ៉ង់។
ទោះជាបង្ហើបពីលទ្ធភាពដែលអាមេរិកលើកលែងទណ្ឌកម្មលើប្រទេសខ្លះក្ដី លោក ប៉ុមប៉េអូ បានបង្ហាញក្ដីរំពឹងចង់ឲ្យការទិញប្រេងឆៅពីអ៊ីរ៉ង់ធ្លាក់ដល់កម្រិតសូន្យនៅគ្រប់ប្រទេស បើមិនដូច្នេះទេ ទណ្ឌកម្មនឹងត្រូវអនុវត្តមិនខាន។ ករណីឥណ្ឌាវិញ រដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយថា អាមេរិក នឹងបន្តធ្វើការជាមួយឥណ្ឌា៕