ជាតិ
សម្ដេច ហ៊ុន សែន នឹងចូលរួម​តាំងពិព័រណ៍​ចិន​-​អាស៊ាន នៅ​ថ្ងៃទី​១០ កញ្ញា​
07, Sep 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​តាំងពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែកញ្ញា នៅក្នុង​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ។​

 
​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​រួមគ្នា​កសាង​វិថី​សូត្រ​សមុទ្រ​សតវត្ស​ទី​២១ និង​ន​វា​នុ​វត្ត​សហគមន៍​ចិន​-​អាស៊ាន​»​។ ពិព័រណ៍​នេះ មានការ​ដាក់​បង្ហាញ​នូវ​ផលិតផល​ផ្សេងៗ​គ្នា​ជាច្រើន​ពី​អាស៊ាន និង​ចិន ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិការ​រ​បស់​វិស័យ​ឯកជន នៅក្នុង​ផ្នែក​ពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និង​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរឡើង​។ 
 
​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដំបូង​នៃ​នីតិកាល​ទី​៦​នេះ ត្រូវបាន​អមដំណើរ​ដោយ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​
 
​នៅក្នុងនាម​ជា​ប្រទេស​កិត្តិយស​នៅក្នុង​ពិព័រណ​ឆ្នាំនេះ​សម្ដេច ហ៊ុន សែន និង​លោក ហាន់ ចឹ​ង ឧបនាយករដ្ឋមន្ត្រី​ចិន និង​ធ្វើជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ ដើម្បី​សម្ភោ​ធ​ព្រះ​ពន្លា​ជាតិ​កម្ពុជា ស្រប​ពេលដែល​ទស្សនា​សា​ល​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​។ មិនតែប៉ុណ្ណោះ​សម្ដេចនាយក​រដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ឥស្សរជន​ជន ថ្នាក់ដឹកនាំ​ខេត្ត​ក្វាង​ស៊ី និង​ធុរកិច្ច​សំខាន់ៗ​នៃ​ក្រុមហ៊ុន​នានា​របស់​ចិន​ទៀតផង​។​
 
​ពិព័រណ៍​ចិន​-​អាស៊ាន ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​សំខាន់ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កាលានុវត្តភាព​ធុរកិច្ច និង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​វិនិយោគទុន​ទំហំ​ទឹកប្រាក់​១​ទ្រី​លាន​ដុល្លារ​អាមេរិក ពី​ប្រទេស​ចិន​មកកាន់​តំបន់​អាស៊ាន និង​១៥០​ពាន់​លាន​ដុល្លារ​អាមេរិក ពី​តំបន់​អាស៊ាន​ទៅកាន់​ប្រទេស​ចិន​នៅត្រឹម​ឆ្នាំ​២០២០​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨៕
 

Tag:
 នយោបាយ​
 ​នីតិកាល​ទី​៦
© រក្សាសិទ្ធិដោយ thmeythmey.com