ជាតិ
សង្គមជាតិ
មន្ត្រី​កាំកុងត្រូល ដកហូត​ទំនិញ​ខូចគុណភាព​ទូទាំងប្រទេស​ជាង ៥២​តោន រយៈពេល​៨​ខែ
08, Sep 2018 , 4:43 pm        
រូបភាព
ប្រភព៖ ហ្វេសប៊ុក អគ្គនា​​យ​​កដ្ឋាន​​កាំកុង​​ត្រូល
ប្រភព៖ ហ្វេសប៊ុក អគ្គនា​​យ​​កដ្ឋាន​​កាំកុង​​ត្រូល
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដកហូត​ទំនិញ​ខូចគុណភាព​ទូទាំងប្រទេស​ជាង ៥២​តោន ក្នុង​រយៈពេល​៨​ខែ​មកនេះ​។​ទំនិញ​ខូចគុណភាព​ទាំងនោះ ភាគច្រើន​ហួស​កាល​បរិ​ច្ឆ​ទ​ប្រើប្រាស់ ហើយ​មាន​សារធាតុ​គីមី​។​


​ប្រធាន​នាយកដ្ឋាន​ផ្នែក​ស្ថិតិ​នៃ​នាយកដ្ឋាន​កាំកុងត្រូល លោក ឃួន សាវុធ បាន​និយាយថា ក្រុមមន្ត្រី​ជំនាញ បាន​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទំនិញ ១១៤៨​លើក តាម​បណ្ដា​ផ្សារ​ទូទាំងប្រទេស​ជាង​១​ពាន់​ទីតាំង ដោយ​រឹបអូស​ទំនិញ​ហួស​កាលបរិច្ឆេទ ប្រើប្រាស់ និង​មាន​សារធាតុ​គីមី ចំនួន ៤២​តោន និង​១៧១​គីឡូក្រាម​។ ចំណែក​ទំនិញ​ខូចគុណភាព​១០​តោន​ទៀត បាន​រឹបអូស​នៅតាម​ច្រកព្រំដែន ដែលមាន​ជង្គង់​មាន់ និង​ប្រភេទ​សាច់​មួយចំនួនទៀត​។​


 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​លោក ឃួន សាវុធ ដូច្នេះ​ថា​៖« ម្ចាស់​ទំនិញ​មួយចំនួន​មិនបាន​ដឹងថា ទំនិញ​របស់​ពួកគាត់​ហួស​កាលបរិច្ឆេទ​នៃ​ការប្រើប្រាស់​ទេ ក្នុងនោះ​មាន​ភេសជ្ជៈ​ជាដើម ហើយ​ការ​ដាក់លក់​នេះ​នៅតាម​ផ្សារ ឬក៏​នៅតាម​ផ្ទះ​។ ក្រោយពី​បាន​ដកហូត​ទំនិញ​ទាំងនោះ ហើយ​បានឱ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​ដោយ​មិន​ដាក់​លក់ទំនិញ ដូចដែល​ធ្លាប់បាន​ដកហូត​នោះ​ទៀត​ទេ ហើយ​ប្រាប់​ពួកគាត់​អំពី អំពី​ទោសកំហុស និង​ទោសទណ្ឌ​ផងដែរ​។​ប្រជាពលរដ្ឋ​លក់ដូរ ដូចជា​តាម​តូប​តូចៗ ឬ​ដាក់​កញ្ច្រែង​លក់ មន្ត្រី​មាន​សមត្ថកិច្ច​មិនបាន​ដកហូត​ទេ តែ​ទិញ​ពី​ពួកគាត់ ពីព្រោះ​បើ​ដកហូត ឬ​រឹបអូស​ទៅ​វា​ពិបាក​មើល ណាមួយ​ក៏​អាណិត​ពួកគាត់ ។​បន្ទាប់ពី​ទិញ​ហើយ​យក​របស់​នោះ​ទៅ​ដុត​កម្ទេចចោល »​។​


 
​លោក ឃួន សាវុធ បាន​បន្ថែមថា បើ​ក្នុងករណី​អាជីវករ​ទាំងនោះ​អនុវត្ត​ផ្ទុយ​ពី​ការណែនាំ នោះ​ពួកគេ​នឹងត្រូវ​ប្រឈមមុខ តាមផ្លូវ​ច្បាប់​។​«​ការពិន័យ​នេះ​ធ្វើទៅ​តាមច្បាប់ ស្ដីពី​ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព បើ​ករណី​តូចតាច​មិនអាច​អនុវត្ត​ទេ ប៉ុន្តែ​បើ​ករណី​ធំ​ទើប​អាចអនុវត្ត​បាន​។ ការ​គ្រាន់តែ​រកឃើញ​តូចតាច​មិន​ពិន័យ​គាត់​ទេ ដោយ​ប្រើ​វិធានការ​រដ្ឋបាល​ប៉ុណ្ណោះ​។ ប៉ុន្តែ​កន្លងមក​មាន​ករណី​ធំៗ បាន​បញ្ជូនទៅ​តុលាការ ក្នុង​នោះបាន​នាំចូល​ទំនិញ​ខូចគុណភាព​ច្រើន​តាម​ច្រកព្រំដែន មាន​ជង្គង់​មាន់​ជាដើម​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​នាយកដ្ឋាន​ផ្នែក​ស្ថិតិ​នៃ​នាយកដ្ឋាន​កាំកុងត្រូល​។​
 
​កាលពីពេល​ថ្មី​នេះ មន្ត្រី​កាំកុងត្រូល​នៅ​ខេត្តស្វាយរៀង បាន​ដកហូត​ចា​ហ៊ួ​យ​ជាង ៣៧​គីឡូក្រាម នៅ​ផ្សារ​២​កន្លែង ក្នុង​ក្រុង​បាវិត ដោយ​សង្ស័យ​មាន​សារធាតុ​ជាតិ​ប្លា​ស្ទិ​ក ដែល​នាំចូល​ពី​វៀតណាម​។ ប៉ុន្តែ​ករណីនេះ​លោក ឃួន សាវុធ បាន​អះអាងថា តាម​ការពិត​ចា​ហ៊ួ​យ​នោះ​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ និង​គ្មាន​កាលបរិច្ឆេទ​ផលិត​ច្បាស់លាស់​ប៉ុណ្ណោះ​។ វា​ជាការ​យល់ច្រឡំ​ទេ ។ 
 
​ប្រធាន​នាយកដ្ឋាន​ផ្នែក​ស្ថិតិ​នៃ​នាយកដ្ឋាន​កាំកុងត្រូល បាន​និយាយថា ការដកហូត​ទំនិញ​ខូចគុណភាព​តាម​ច្រកព្រំដែន រយៈពេល​២​ឆ្នាំ​មកនេះ មានការ​ថយចុះ​ប្រហាក់ប្រហែលគ្នា​។ ប៉ុន្តែ​ការដកហូត​ទំនិញ​នៅតាម​ទីផ្សារ នៅតែមាន​ច្រើន ហើយ​មន្ត្រី​រឹបអូស និង​ដកហូត​បាន​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​៕







Tag:
 ឃុន សាវុធ​
 ​ ទំនិញ​ខូចគុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com