ជាតិ
បាក់ឌុប
ក្រសួង​អប់រំ ពន្យល់​មូលហេតុ​ដែលសិស្សជាប់​និទ្ទេស​A,B និង​C ថយចុះ​
09, Sep 2018 , 1:26 pm        
រូបភាព
​ភ្នំពេញ​៖ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ លទ្ធផល​និទ្ទេស A,B និង C ធ្លាក់ចុះ​ជាង​មុន​។ ការធ្លាក់ចុះ​នៃ​លទ្ធផល​ប្រឡង​បែបនេះ គឺ​ដោយសារ​ក្រសួង​អប់រំ បាន​បង្កើន​ស្ដង់ដា​ប្រធាន​វិញ្ញាសា​ប្រឡង​ឲ្យ​ខ្លាំង​ជាង​មុន ក្នុង​គោលដៅ​ពង្រឹងគុណភាព​អប់រំ និង​ជំរុញ​បេក្ខជន​ឲ្យ​ខិតខំ​រៀនសូត្រ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​។​



​ក្នុង​ឆ្នាំ​២០១៨​នេះ និទ្ទេស A,B និង​C មាន​ចំនួន​ថយ​ចុះបើ​ប្រៀប​ឆ្នាំមុន ដោយ​និទ្ទេស A មាន​ចំនួន ២៩០ នាក់ (​ឆ្នាំ​២០១៧ មាន​ចំនួន ៤២៤​នាក់​), និទ្ទេស B មាន​ចំនួន ១៥៣២​នាក់ (​ឆ្នាំ​២០១៧ មាន​ចំនួន ២៤៦៤​នាក់​) និង​និទ្ទេស C មាន​ចំនួន ៤៦៣១​នាក់ (​ឆ្នាំ​២០១៧ មាន​ចំនួន ៥០០០​នាក់​។​
 
​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួង​អប់រំ​ខាងលើ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​មូលហេតុ​ដែល​នាំ​ឲ្យ​បេក្ខជន​ទទួលបាន​និទ្ទេស A, B និង C ធ្លាក់ចុះ គឺ​ដោយសារ​ក្រសួង​អប់រំ​បាន​បង្កើន​ស្ដង់ដា​ប្រធាន​វិញ្ញាសា​ប្រឡង​ឲ្យ​ខ្លាំង​ជាង​មុន ក្នុង​គោលដៅ​ពង្រឹងគុណភាព​អប់រំ និង​ជំរុញ​បេក្ខជន​ឲ្យ​ខិតខំ​រៀនសូត្រ​ឲ្យ​កាន់តែ​មានចំណេះដឹង​ជ្រៅជ្រះ​ថែមទៀត​»​។​
 
​ដោយឡែក​បេក្ខជន​ជាប់​និទ្ទេស A មាននៅ​១៨​រាជធានី​-​ខេត្ត​រួមមាន​៖ ភ្នំពេញ​១៣៥​នាក់ សៀមរាប​២១​នាក់ កណ្តាល​១៦​នាក់ បាត់ដំបង​១៥​នាក់ តាកែវ​១៥​នាក់ កំពង់ចាម​១៣​នាក់ កំពត​១១​នាក់ ត្បូងឃ្មុំ​៩​នាក់ កំពង់ធំ​៩​នាក់ កំពង់ឆ្នាំង​៩​នាក់ បន្ទាយមានជ័យ​៩​នាក់ ព្រៃវែង​៨​នាក់ ក្រចេះ​៦​នាក់ ពោធិ៍សាត់​៤​នាក់ ស្វាយរៀង​៣​នាក់ កំពង់ស្ពឺ​៣​នាក់ ព្រះសីហនុ​៣​នាក់ និង​ខេត្តរតនគិរី​១​នាក់​។ 
 
​គួរ​បញ្ជាក់ថា លទ្ធផល​បាក់​ឌុប​ឆ្នាំ​២០១៨​នេះ បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) មាន​ចំនួន ៧៥០៥៩​នាក់  ត្រូវ​ជាជាង​៦៦,២១​ភាគរយ​។ លទ្ធផល​នេះ​កើនឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​ចំនួន​៦៣,៨៤​ភាគរយ​៕

Tag:
 បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com