អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ថា អាមេរិក​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​
09, Sep 2018 , 2:30 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៧ ខែកញ្ញា និយាយថា អាមេរិក គឺជា​ប្រទេស​កំពុង​អភិវឌ្ឍ​។ លោក ត្រាំ និយាយ​បែបនេះ​ក្នុងន័យ​រិះគន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​ចាត់ទុក​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីក​ច​ម្រើ​ខ្លាំង​ចំនួន​ពីរ គឺ​ឥណ្ឌា និង​ចិន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​។ ដោយ​ស្ថិតក្នុង​បញ្ជី​ប្រទេស​កំពុង​អភិវឌ្ឍ​នោះ ឥណ្ឌា និង​ចិន​អាច​ទទួល​ប្រយោជន៍​ច្រើន​ជាពិសេស​លក្ខខណ្ឌ​ឧបត្ថម្ភ​ធន​តែម្ដង​។

 
​ក្នុងការ​ជួបជុំ​នៅឯ​រដ្ឋ North Dakota ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ចិន និង​ឥណ្ឌា​ដែល​ជ្រក​ក្រោម​ស្លាក «​ប្រទេស​កំពុង​អភិវឌ្ឍ​» របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ទទួលបាន​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​។ ដោយ​មិន​ពេញ​ចិត្តនឹង​រឿងនេះ លោក ត្រាំ ក៏​ប្រកាសថា អាមេរិក​មិនអាច​ឧបត្ថម្ភ​ឲ្យ​ប្រទេស​ទាំងពីរ​នេះ​ទៀតឡើយ ព្រោះ​អាមេរិក​ក៏​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែរ ហើយ​ជំនួស​មកវិញ រដ្ឋាភិបាល​របស់លោក​នឹង​ផ្ដោតលើ​អាមេរិក​មួយគត់​។​
 
​ចំពោះ​អ្នកគាំទ្រ​ដែល​ហ៊ោ​តបសម្ដី​របស់ខ្លួន លោក ត្រាំ សួរ​និង​ឆ្លើយ​ដោយ​ខ្លួន​ដូច្នេះ​ថា​៖ «​យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​មែន​ទេ​? សម្រាប់​ខ្ញុំ យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​។ ខ្ញុំ​ចង់​ឲ្យ​អាមេរិក​មានឈ្មោះ​ក្នុង​បញ្ជី​ប្រទេស​កំពុង​អភិវឌ្ឍ​ដែរ ព្រោះ​យើង​កំពុង​រីកចម្រើន​ដែរ ហើយ​យើង​នឹង​រីកចម្រើន​ជាង​អ្នកណា​ទាំងអស់​។​» នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RT ។​
 
​ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​ចោទ​អង្គការ WTO ថា អនុញ្ញាត​ឲ្យ​ចិន​ក្លាយជា​ខ្លួន​ជា​មហាអំណាច​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​តាមរយៈ​ការចាត់​បញ្ចូល​ប្រទេស​នេះ​ក្នុង​បញ្ជី​ប្រទេស​កំពុង​អភិវឌ្ឍ​។ ចំពោះ​លោក ត្រាំ ចិន​ទទួល​ការ​ទំនុកបម្រុង​ជា​ប្រាក់​ផង ប៉ុន្តែ​លោក​នឹងមិន​ឲ្យ​រឿងនេះ​កើត​ទៀតឡើយ​។ លោក​លើកឡើងថា មាន​ប្រទេស​ជាច្រើន​ដែល​ត្រូវ​ចាត់ទុកជា​ប្រទេស​មាន​សេដ​កិច្ច​កំពុង​រីកចម្រើន ហើយ​ដែល​អាមេរិក​ត្រូវ​ជួយឧបត្ថម្ភ​ឲ្យ​ប្រទេស​ទាំងនោះ​ដូចជា ចិន និង​ឥណ្ឌា​ជាដើម​។​
 
​លោក ត្រាំ ក៏​ឆ្លៀត​រិះគន់​ចិន​ជុំវិញ​ឱនភាព​ពាណិជ្ជកម្ម​ផង ទោះជា​លោក​ទទួលស្គាល់ថា លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្ដី​។ ក្នុងន័យ​ដាក់​សម្ពាធ​លើ​ក្រុង​ប៉េកាំង រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បានដាក់​ពន្ធ​ទំហំ​៥០​ពាន់​លាន​ដុល្លារ​លើ​ផលិតផល​នាំចូល​ពី​ចិន ដែល​ធ្វើ​ឲ្យ​ចិន​សងសឹក​វិញ​ជាមួយនឹង​ការដំឡើង​ពន្ធ​ដូចគ្នា​ដែរ​។ មិនទាន់​អស់​ឡើយ លោក ត្រាំ ចង់​ដាក់​ពន្ធ​តម្លៃ​ជាង​ពីរ​រយ​លាន​ដុល្លារ​បន្ថែម​ទៀតផង​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ មេដឹកនាំ​អាមេរិក​រូបនេះ​ប្រុង​ទារ​ថ្លៃ​ការពារ​ពី​ប្រទេស​មួយចំនួន​ផង​។ ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណាមួយ​នោះ លោក ត្រាំ លើកឡើងថា អស់​ពេល​ជាច្រើន​ឆ្នាំ អាមេរិក​បានការ​ពារ​គេឯង ហើយ​ប្រទេស​ទាំងនោះ​ក្លាយជា​អ្នកមាន ចំណាយ​ផ្នែក​យោធា​តិច ឯ​អាមេរិក​ជាប់​ជា​ប្រទេស​ចំណាយ​យោធា​ច្រើនជាងគេ​ទៅវិញ​។ លោក​បន្តថា មាន​ប្រទេស​ខ្លះ​ទទួល​ការការពារ​របស់​អាមេរិក តែ​ស្អប់​អាមេរិក​ទៅទៀត​៕

Tag:
 អាមេរិក​
  ចិន​
  ឥណ្ឌា​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com