សុគ​ម្ភៈ ជា​ប្រធាន​ក្រុម​នា​ការប្រកួត​មិត្តភាព​ដែល​លោក Keisuke Honda ដឹកនាំ​លើកដំបូង​
កីឡាជាតិ
ជាតិ
សុគ​ម្ភៈ ជា​ប្រធាន​ក្រុម​នា​ការប្រកួត​មិត្តភាព​ដែល​លោក Keisuke Honda ដឹកនាំ​លើកដំបូង​
09, Sep 2018 , 3:15 pm        
រូបភាព
អ្នកចាត់ការទូទៅ​លោក Honda គ្រូបង្វឹកលោក Felix និងប្រធានក្រុម គួច សុគម្ភៈ នាសន្និសីទសារព័ត៌មាន។ រូបថត AFP
អ្នកចាត់ការទូទៅ​លោក Honda គ្រូបង្វឹកលោក Felix និងប្រធានក្រុម គួច សុគម្ភៈ នាសន្និសីទសារព័ត៌មាន។ រូបថត AFP
លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់​ក្នុង​ការដឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​ឈានទៅរក​ភាព​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត​។ ទោះបី​ដឹងថា​ការដឹកនាំ​មិនមែនជា​រឿង​ងាយស្រួល តែ​សមាជិក​របស់​ក្លិប​បាល់ទាត់​អូស្ត្រាលី Melbourne Victory រូបនេះ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ។ សម្រាប់​ជំនួប​មិត្តភាព​ជាមួយ​ម៉ាឡេស៊ី​នា​ថ្ងៃស្អែក លោក​បានជ្រើសរើស​កីឡាករ គួច សុគ​ម្ភៈ ជា​ប្រធាន​ក្រុម​។​



«​បើ​ខ្ញុំ​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ទេ ខ្ញុំ​មិន​ទទួល​ការងារ​ជា​អ្នកដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នោះទេ​»​។ នេះ​ជាការ​តាំងចិត្ត​របស់លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចំពោះ​ការអភិវឌ្ឍ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ តែ​យ៉ាងណា​សមាជិក​ក្លិប​បាល់ទាត់​ក្របខណ្ឌ​កំពូល​អូស្ត្រាលី  Melbourne Victory រូបនេះ​ទទួលស្គាល់ថា ការដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ពោល​គឺមាន​បញ្ហា​ប្រ​ឈប​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​។​

​ទោះបី​យ៉ាងនេះ​ក្តី អ្នកចាត់ការ​ទូទៅ​រូបនេះ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​ដំណោះស្រាយ និង​យុទ្ធសាស្ត្រ​ថ្មីៗ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ក្នុង​អាណត្តិ​ពីរ​ឆ្នាំ​២​របស់ខ្លួន​។ ទន្ទឹមនឹងនេះ លោក​ស្ទើ​ឲ្យ​អ្នកគាំទ្រ ក៏ដូចជា​ប្រជាជន​កម្ពុជា កុំ​គិត​លើ​លទ្ធផល​រយៈពេល​ខ្លី ត្រូវ​មើល​ពី​ការអភិវឌ្ឍ​រយៈពេល​វែង​។​

«​ក្នុង​រយៈពេល​២​ឆ្នាំ​ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​។ ហើយ​សូមកុំ​មើល​លើ​លទ្ធផល​ភ្លាមៗ ព្រោះ​បាល់ទាត់​អាច​រីកចម្រើន​បាន គឺ​កើត​ពី​ការ​សន្សំ​បន្តិច​ម្តងៗ ទើប​ទទួលបាន​ផ្លែផ្កា​។ ពោលគឺ​យើង​មិនមែន​ចំណាយ​ត្រឹម​១​ទៅ​២​ខែ ឬ​១​ឆ្នាំ​ទទួលបាន​លទ្ធផល​ល្អ​នោះទេ​»​។ ការលើកឡើង​បែបនេះ​រប​ល់ Keisuke Honda ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៩ ខែកញ្ញា នៅ​សណ្ឋាគារ​ភ្នំពេញ​។

​យ៉ាងណាមិញ លោក​សង្កត់ធ្ងន់​ឲ្យ​កីឡាករ​កុំ​បាក់​ទឹកចិត្ត និង​បោះបង់​ការខិតខំ​ពេល​ជួប​នូវ​បរាជ័យ​។ លោក​ជំរុញ​យ៉ាង​ដូច្នេះ​៖«​ចំពោះ​កីឡាករ​នៅពេល​យើង​ជួប​លទ្ធផល​មិនសូវ​ល្អ យើង​ប្រឹងប្រែង​បន្ថែមទៀត​។ ឧទាហរណ៍​ថ្ងៃនេះ​យើង​ប្រឹង​ត្រឹម​១០​តែ​បាន​លទ្ធផល​មិនល្អ យើង​ត្រូវ​ប្រឹង​១០ ឬ​២០​នៅ​ថ្ងៃ​បន្តបន្ទាប់​។ មួយវិញទៀត កីឡាករ​ត្រូវ​ចេះ​ធ្វើការ​ជា​ក្រុម និង​យល់ចិត្ត​គ្នា​»​។

​គួច សុគ​ម្ភៈ ដែល​ខកខាន​បង្ហាញ​វត្តមាន​កន្លងមក​នៅក្នុង​ក្រុម​ជម្រើសជាតិ​ដោយសារតែ​បញ្ហា​របួស​នោះ ត្រូវបាន​លោក Keisuke Honda ជ្រើសរើស​ឲ្យ​ធ្វើ​ប្រធាន​ក្រុម​។ កាលពី​ពីរ​ឆ្នាំកន្លងមក Honda ក៏​ធ្លាប់បាន​សរសើរ​សុគ​ម្ភៈ​ផងដែរ ខណៈ​ជប៉ុន និង​កម្ពុជា ប៉ះគ្នា​នា​វគ្គ​ជម្រុះ World Cup​។​

​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨៕  


Tag:
 បាល់ទាត់​
  Keisuke Honda
  ជម្រើសជាតិ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 68849 [1] => 31,9 [2] => សុគ​ម្ភៈ ជា​ប្រធាន​ក្រុម​នា​ការប្រកួត​មិត្តភាព​ដែល​លោក Keisuke Honda ដឹកនាំ​លើកដំបូង​ [3] => content [4] => [5] => បាល់ទាត់​, Keisuke Honda, ជម្រើសជាតិ​កម្ពុជា​ [6] => 69 [7] => 0 [8] => )