ជាតិ
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា​ លោកវេជ្ជបណ្ឌិត Beat Richner ទទួលមរណភាពនៅប្រទេសស្វីស
09, Sep 2018 , 7:37 pm        
រូបភាព
ដោយ: ថ្មីៗ
សេចក្តីប្រកាសព័ត៌មាន​របស់​មូលនិធិ​គន្ធបុប្ជា បាន​បង្ហាញ​ក្តីសោកសៅ​ និងសោកស្តាយ​ចំពោះ​ការបាត់បង់​លោក​វេជ្ជបណ្ឌិត​ Beat Richner ដែលបានទទួលមរណភាព​ដោយសារ​ជំងឺ​ក្នុងវ័យ​៧១​ឆ្នាំ នៅក្នុងទីក្រុង​ Zurichនៃប្រទេស​ស្វីស នៅម៉ោង​២​និង​៤៥នាទី​ថ្ងៃទី​៩​ខែ​កញ្ញានេះ។



លោកវេជ្ជបណ្ឌិត Beat Richner មានឈ្មោះល្បីមួយទៀត​ គឺ Beattocello ដែលជាឈ្មោះ​សម្រាប់ហៅពេលដែលលោកប្រគំ​ឧបករណ៍​ Cello រៃអង្គាស​ថវិកា​ដើម្បី​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្ជាដែលបានជួយ​កុមារ​កម្ពុជា​រាប់លានមកហើយ។ 

បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញ​ពេទ្យកុមារ​ក្នុងឆ្នាំ​១៩៧៣ លោក Beat Richner ត្រូវបាន​កាកបាទក្រហមនៃប្រទេស​ស្វិស បញ្ជូន​មក​បំពេញបេសកកម្ម​សប្បុរសធម៌​នៅក្នុងប្រទេស​កម្ពុជា​នៅឆ្នាំ​១៩៧៤ ដល់ឆ្នាំ​១៩៧៥ ដែលជាឆ្នាំ​ដែលខ្មែរ​ក្រហម​បាន​ឡើងកាន់អំណាច ហើយលោកត្រូវបាន​បង្ខំ​ឲ្យចាកចេញ​ពី​កម្ពុជា។
នៅក្នុងឆ្នាំ​១៩៩១ លោកBeat Richner ត្រូវបាន​ស្នើមកជួយ​ដឹកនាំ​មន្ទីរគន្ធបុប្ជា​រហូតដល់លោកអាចពង្រីក​មន្ទីរពេទ្យ​បាន​ដល់​៥​កន្លែងក្នុងរាជធានីភ្នំពេញ និង​នៅ​ក្នុងខេត្ត​សៀមរា​ក្នុងពេលបច្ចុប្បន្ននេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com