ជាតិ
សុខភាព
ប្រវត្តិសង្ខេប វេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ វីរបុរសនៃកុមារកម្ពុជា លោក បេអាត រីចឈ្នឺរ ប្រើជំនាញតន្ត្រី និងវេជ្ជសាស្ត្រដើម្បីជួយដល់កុមារកម្ពុជារាប់លាននាក់
× លោក វេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ (Dr.Beat Richner) ប្រធានមូលនិធិ និងស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ឆា បានទទូលមរណភាពក្នុងអាយុ៧១ឆ្នាំនៅក្រុងហ្សួរិច ប្រទេសស្វីស នាម៉ោង២ និង៤៥នាទី ថ្ងៃទី៩ ខែកញ្ញា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ជា។ តន្ត្រីករសេឡូ និងជាវេជ្ជបណ្ឌិតឯកទេសថែទាំកុមាររូបនេះ ត្រូវបានចាត់ទុកជាទេព្តាដែលបានជួយសង្គ្រោះកុមារខ្មែររាប់លាននាក់។
វេជ្ជបណ្ឌិត បេអាត រីចឆ្នឺរ កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧នៅក្រុងហ្សួរិច ប្រទេសស្វីស។ លោកបានទទួលសញ្ញាបត្រវេជ្ជសាស្ត្រនៅឆ្នាំ១៩៧៣ ហើយបំពេញការងារជាវេជ្ជបណ្ឌិតឯកទេសថែទាំកុមារនៅមន្ទីរពេទ្យ Zurich Children’s Hospital។
នាអំឡុងឆ្នាំ១៩៧៤-១៩៧៥ លោកត្រូវបានបញ្ជូនមកកាន់កម្ពុជាក្នុងបេសកកម្មកាកបាទក្រហមស្វីស ឲ្យបម្រើការមន្ទីរពេទ្យគន្ធបុប្ឆាក្នុងក្រុងភ្នំពេញ។ លោកត្រូវបានបង្ខំចិត្តវិលត្រឡប់ទៅស្វីសវិញ នៅមុនការកាន់កាប់អំណាចរបស់ក្រុមខ្មែរក្រហម។
ក្រៅពីជំនាញវេជ្ជសាស្ត្រ លោក Beat Richner ក៏ជាតន្ត្រីករសេឡូម្នាក់ផងដែរ។ នៅខែធ្នូ ឆ្នាំ១៩៩១ លោកត្រូវបានរដ្ឋាភិបាលកម្ពុជា ស្នើសុំឲ្យជួយជុសជុល និងគ្រប់មន្ទីរពេទ្យគន្ធបុប្ឆាដែលរងការបំផ្លិចបំផ្លាញ។
បុរសចិត្តធម៌ម្នាក់នេះ បានទទួលយកតាមសំណើរ ហើយនៅឆ្នាំ១៩៩២ លោកបានបង្កើតមូលនិធិគន្ធបុប្ឆាដែលមានមូលដ្ឋាននៅហ្សួរិច ប្រទេសស្វីស ហើយធ្វើការជុសជុល និងដាក់ដំណើរការមន្ទីរពេទ្យគន្ធបុប្ឆាដែលត្រូវបានបំផ្លាញដោយសង្គ្រាមឡើងវិញ។
បច្ចុប្បន្ន មូលនិធិគន្ធបុប្ឆាមានមន្ទីរពេទ្យកុមារចំនួន៥ (គន្ធបុប្ឆាទី១ ទី២ ទី៤ និងទី៥នៅភ្នំពេញ) មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ឆាទី៣នៅសៀមរាប។ តាមរបាយការណ៍នៅឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ឆា បានចំណាយថវិកា១២ម៉ឺនដុល្លារអាមេរិកក្នុង១ថ្ងៃដើម្បីព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ។
៨៦,៤ភាគរយជាវិភាគទានសប្បុរសជនដែលភាគច្រើនរស់នៅក្នុងប្រទេសស្វីស ៨,៩ភាគរយជាវិភាគទានរបស់រដ្ឋាភិបាលស្វីស និង៤,៧ភាគរយ ជាវិភាគទានរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកត្រូវបានគេហៅជាទូទៅថា Dr. Beat Beatocello Richner ដោយសារតែលោកបានប្រើប្រាស់ឧបករណ៍សេឡូ ជាមធ្យោបាយក្នុងការស្វែងរកថវិកាជួយដល់កុមារកម្ពុជា៕
Tag:
គន្ធបុប្ឆា
Beat Richner
© រក្សាសិទ្ធិដោយ thmeythmey.com