ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ត្រូវ​ឃុំខ្លួន​ក្នុងផ្ទះ​វិញ​?
10, Sep 2018 , 9:40 am        
រូបភាព
អ្នកកាសែត និងសកម្មជនរង់ចាំជួបលោក កឹម សុខា បន្ទាប់ពីទទួលបានដំណឹងនៃការដោះលែងនៅព្រឹកថ្ងៃទី១០ កញ្ញា
អ្នកកាសែត និងសកម្មជនរង់ចាំជួបលោក កឹម សុខា បន្ទាប់ពីទទួលបានដំណឹងនៃការដោះលែងនៅព្រឹកថ្ងៃទី១០ កញ្ញា
ដោយ: ថ្មីៗ
ភ្នំពេញ៖ ​លោក កឹម សុខា បានមក​ដល់​គេហដ្ឋាន​របស់លោក​វិញ​ហើយ​។ តែ​នៅមាន​សំណួរ​ដែល​សាធារណជន​ចោទសួរ​ខ្លួនឯង ថា​តើ​លោក កឹម សុខា ត្រូវបាន​ដោះលែង​ទាំងស្រុង ឬ​ត្រូវ​ដោះលែង​បណ្តោះអាសន្ន​? ឬ​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​វិញ​?

 
​ដីកា​របស់​ចៅក្រម​ស៊ើបសួរ លោក គី ឬ​ទ្ធី បាន​បង្គាប់​ឲ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ «​ម​៣» (​ត្រពាំង​ផ្លុង​) ដោះលែង​លោក កឹម សុខា​។ ប៉ុន្តែ បើ​យោងតាម​លិខិត​ដោះលែង​របស់​ប្រធាន​មណ្ឌល​កែប្រែ ម​៣ លោក កឹម សុខា ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ដើម្បី​ទៅ​រស់នៅ​មូលដ្ឋាន​ដើម​វិញ (​គេហដ្ឋាន​របស់លោក​)​។​

​ភ្លាមៗ​ក្រោយពី​ការដោះលែង​លោក កឹម សុខា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​ដើម្បី​ពន្យល់ថា អំពី​លក្ខខណ្ឌ​នៃ​ការដោះលែង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​។​

​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​សរសេរ​យ៉ាង​ដូច្នេះ​៖«​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​បង្គាប់​ឲ្យ​ដោះលែង​លោក កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ ហើយ​បានសម្រេច​ជំនួស​មកវិញ​នូវ​វិធានការ​នៃ​ការដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដោយ​ភ្ជាប់​នូវ​កាត​កិច្ច​តាមផ្លូវ​ច្បាប់​មួយចំនួន​»​។​
 
​អ្នកនាំពាក្យ​ដដែល​បន្តថា ការដោះលែង​លោក កឹម សុខា ពី​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ ត្រូវបាន​យោងទៅលើ​មូលហេតុ​សុខភាព និង​ការធានា​ផ្នែក​នីតិវិធី​ច្បាស់លាស់​ដែលថា «​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា នឹង​មិនអាច​រត់គេច​ខ្លួន​ពី​នីតិវិធីតុលាការ​ឡើយ​»​។​
 
​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​គេហដ្ឋាន​ទាំង​ពាក់កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២​ចូល​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៧ ក្រោម​បណ្តឹង​របស់​រដ្ឋាភិបាល​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស (​សមគំនិត​ជាមួយ​បរទេស​) តាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​៕
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com