ជាតិ
សម្ដេច ហ៊ុន សែន ទៅចូលរួមតាំងពិព័រណ៍ចិន-អាស៊ាន
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីកម្ពុជា ទៅកាន់ប្រទេសចិន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ដើម្បីចូលរួមតាំងពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលរៀបចំធ្វើនៅ ទីក្រុងណាននីង ខេត្តក្វាងស៊ី ។ នេះជាដំណើរទៅក្រៅប្រទេសលើកដំបូង បន្ទាប់ពីលោកបានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលអាណត្តិទី៦នេះ។
ពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញានេះ ធ្វើឡើងក្រោមប្រធានបទ«រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន»។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានបន្តឲ្យដឹងទៀតថា ក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញផលិតផលផ្សេងៗជាច្រើនពីអាស៊ាន និងចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ របស់វិស័យឯកជន នៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើង។
បើតាមសេចក្តីជូនព័ត៌មានដដែល ក្នុងនាមជាប្រទេសកិត្តិយសនៅក្នុងពិព័រណ៍ឆ្នាំនេះ សម្ដេច ហ៊ុន សែន និង លោក ហាន់ ចឹង ឧបនាយករដ្ឋមន្ត្រីចិន និងធ្វើជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា ស្របពេលដែលទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា។ សេចក្តីជូនព័ត៌មានដដែល បញ្ជាក់ទៀតថា សម្ដេចនាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារជាមួយឥស្សរជនជន ថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងធុរកិច្ចសំខាន់ៗនៃក្រុមហ៊ុននានារបស់ចិនទៀតផង។
សូមជម្រាបថា ពិព័រណ៍ចិន-អាស៊ាន បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកាលានុវត្តភាពធុរកិច្ច និងពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចឲ្យបាននូវគោលដៅវិនិយោគទុនទំហំទឹកប្រាក់១ទ្រីលានដុល្លារអាមេរិក ពីប្រទេសចិនមកកាន់តំបន់អាស៊ាន និង១៥០ពាន់លានដុល្លារអាមេរិក ពីតំបន់អាស៊ានទៅកាន់ប្រទេសចិននៅត្រឹមឆ្នាំ២០២០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com