អន្តរជាតិ
មន្ត្រី​កំពូល​ទី​៣​របស់​ចិន​ទទូច​ឲ្យ​លោក គីម ជុង​អ៊ុន ធ្វើតាម​ការសន្យា​ជាមួយ​លោក ត្រាំ
10, Sep 2018 , 9:19 pm        
រូបភាព
ប្រធានសភាប្រជាជនចិន-លី-ចាន់ស៊ូ-ចាប់ដៃមេដឹកនាំកូរ៉េខាងជើង-គីម-ជុងអ៊ុន-(រូបភាព-Xinhua)
ប្រធានសភាប្រជាជនចិន-លី-ចាន់ស៊ូ-ចាប់ដៃមេដឹកនាំកូរ៉េខាងជើង-គីម-ជុងអ៊ុន-(រូបភាព-Xinhua)
​មន្ត្រីជាន់ខ្ពស់​លំដាប់​ទី​៣ របស់​ទីក្រុង​ប៉េកាំង បានស្នើ​ដោយផ្ទាល់​ទៅកាន់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ឲ្យ​ធ្វើតាម​ការឯកភាព​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ស្ដីពី​ការរំសាយ​នុយក្លេអ៊ែរ​កាលពី​ជំនួប​នៅ​សិង្ហ​បុរី​។ ការស្នើ​នេះ ធ្វើ​ឡើងខណៈ​ការចរចា​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ឈានដល់​ការរំសាយ​នុយក្លេអ៊ែរ​នេះ បាន​ជាប់គាំង​មិន​ដំណើរការ​។ ក្រុង​វ៉ាស៊ីនតោន​ចោទ​ក្រុង​ប៉េកាំង​ថា ជា​អ្នកធ្វើ​ឲ្យ​រាំងស្ទះ​។​

 
​ប្រធាន​ស​ភ​ប្រជាជន​ចិន​លោក លី ចាន់​ស៊ូ នៅ​ថ្ងៃទី​៩ ខែកញ្ញា បាន​ជួប​ជជែក​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នាឱកាស​ចូលរួម​ខួប​ទី​៧០​ឆ្នាំ ថ្ងៃកំណើត​កូរ៉េខាងជើង​។ នា​ជំនួប​ក្នុង​ទីក្រុង​ព្យុងយ៉ាង លោក លី ដែលជា​តំណាង​ពិសេស​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង បាន​និយាយ​ដល់​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ដែល​កំពុង​រាំងស្ទះ​មិន​ទៅមុខ ព្រោះ​អាមេរិក និង​កូរ៉េខាងជើង​និយាយ​មិនត្រូវ​គ្នា​ពី​ដំណើរការ​លុបបំបាត់​អាវុធ​នេះ​។​
 
​បើតាម​ការផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ចិន CCTV លោក លី ដែលជា​មេដឹកនាំ​លំដាប់​ទី​៣ ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ក្រុង​ប៉េកាំង បាន​សង្កត់ធ្ងន់​ទៅកាន់​ប្រមុខ​ដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​ពី​ភាពចាំបាច់​ដែល​អាមេរិក និង​កូរ៉េខាងជើង​ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ត់ចត់​នូវ​កុងសង់ស៊ីស​ដែល​ឯកភាពគ្នា​កាលពី​ជំនួប​នៅ​សិង្ហ​បុរី​។ កាលពី​ជំនួប​លើក​នោះ លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​យល់ព្រម​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង តែ​មិនបាន​និយាយ​ពី​វិធីសាស្ត្រ​ឡើយ​។​
 
​មន្ត្រី​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន​បាន​ជួប​ជជែក​គ្នា​ជាច្រើនលើក​ដើម្បី​អនុវត្តតាម​ការយល់ព្រម​របស់​មេដឹកនាំ ប៉ុន្តែ​មិនអាច​ស្វែងរក​ចំណុចរួម​បានទេ​។ អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ​ឲ្យ​បាន​ជាក់ស្ដែង​សិន មុននឹង​ខ្លួន​ធ្វើ​សកម្មភាព​តាម​ក្រោយ​ដូចជា​ការព្យួរ​ទណ្ឌកម្ម​ជាដើម​។ ប៉ុន្តែ​កូរ៉េខាងជើង​វិញ មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​ការទាមទារ​របស់​អាមេរិក ព្រោះ​ខ្លួន​ក៏បាន​កម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ និង​ផ្អាក​សាកល្បង​នុយក្លេអ៊ែរ​យូរ​ដែរ​ហើយ ខណៈ​អាមេរិក​នៅ​ស្ងៀម​ដដែល​។​
 
​អំឡុង​ជំនួប​ជាមួយ​លោក លី ដែលជា​មនុស្ស​ជំនិត​របស់លោក ស៊ី ដែរនោះ លោក គីម លើកឡើងថា កូរ៉េខាងជើង​បានធ្វើ​សកម្មភាព​ច្រើនណាស់​ហើយ​សំដៅ​លុបបំបាត់​នុយក្លេអ៊ែរ​។ លោក​ចង់​ឲ្យ​អាមេរិក​ធ្វើ​សកម្មភាព​ដូចគ្នានេះដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​តាមផ្លូវ​ការទូត​។ ជាងនេះទៅទៀត លោក គីម ក៏​ប្រា​ប់លោក លី ទៀតថា កូរ៉េខាងជើង​ចង់​រៀនសូត្រ​ពីបទ​ពិសោធ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ចិន​ផង​។​
 
​សូម​រំឭកថា នៅ​ថ្មីៗ​នេះ លោក​ប្រធានាធិបតី ត្រាំ បាន​ចោទ​ចិន​ដោយ​ចំៗ​ថា ធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង​រកាំរកូស ហើយ​ចិន​មិនបាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ​អ្វី​ឡើយ ទោះជា​ចិន​មាន​ទឹកមាត់ប្រៃ​លើ​កូរ៉េខាងជើង​ក៏ដោយចុះ​។ យ៉ាងណាមិញ ការលើក​ទទូច​របស់​លោក​មន្ត្រីជាន់ខ្ពស់​ចិន​ពេលនេះ អាចជា​យុទ្ធសាស្ត្រ​របស់​ក្រុង​ប៉េកាំង​ដើម្បី​បង្ហាញ​អាមេរិក​ថា ខ្លួន​ពិត​មាន​ឆន្ទៈ​ជួយ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​មែន​៕
 

Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងត្បូង​
  គីម ជុង​អ៊ុន​
  លី ចាន់​ស៊ូ​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com