អន្តរជាតិ
មី​យ៉ាន់​ម៉ា ទាត់ចោល​យុត្តាធិការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​លើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
10, Sep 2018 , 8:39 pm        
រូបភាព
ដោយ:
​ដូច​ការ​រពឹង​ទុក​មី​យ៉ាន់​ម៉ា មិន​ទទួលស្គាល់​សេចក្តីសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) លើ​ការប្រកាស​ពី​យុត្តាធិការ​ជំនុំជម្រះ​សំណុំរឿង​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នោះទេ​។ សម្រាប់​មី​យ៉ាន់​ម៉ា ការណ៍​មិន​ស្ថិតក្នុង​សមាជិក​នៃ​ភាគី​របស់​លក្ខន្តិកៈ​ក្រុង​រ៉ូម​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​សក្ខីកម្ម​គ្រប់គ្រាន់​បំផុត​ហើយ​សម្រាប់​ខ្លួន​ក្នុង​ការជំទាស់​ពី​យុត្តាធិការ​លើ​ការជំនុំជម្រះ​។​


 
​ក្រោយ​មួយថ្ងៃ​ប៉ុណ្ណោះ នៃ​ការចេញ​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​យុត្តាធិការ​លើ​សំណុំរឿង​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បានចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ​ទាត់ចោល និង​ជំទាស់​យ៉ាង​ដាច់ខាត​។ ក្រុង​ណៃ​ពិដោរ ចាត់ទុក​សេចក្តី​សេច​សម្រេច​នោះ ថា​ជា​កង្វះខាត និង​កំហុស​ផ្នែក​ច្បាប់​មួយ​ដ៏​ធំ​។​
 
​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន Reuters សេចក្តីថ្លែងការណ៍​ការិយាល័យ​ប្រធានាធិបតី បាន​ហៅ​សេចក្តីសម្រេច​របស់​តុលាការ​ថា មាន​កំហុស​ផ្នែក​នីតិវិធី ដែល​ធ្វើ​ឲ្យ​សេចក្តីសម្រេច​នោះ មិន​ស្តែង​ចេញពី​ការពិត​នោះទេ​។ សម្រាប់​មី​យ៉ាន់​ម៉ា កំហុស​នីតិវិធី​ដ៏​ធំ​របស់​តុលាការ​នោះ​គឺ ការប្រកាស​យុត្តាធិការ​លើ​មី​យ៉ាន់​ម៉ា ដែល​ទាំង​មី​យ៉ាន់​ម៉ា មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​ផង​នោះ​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុង​ណៃ​ពិដោរ ថែមទាំង​ចោទ​បណ្តឹង​ដែល​ធ្វើ​ដោយ​អគ្គ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ថា ធ្វើឡើង​តែ​តាម​អារម្មណ៍​ខ្លួនឯង ហើយ​កត្តា​នេះ ធ្វើ​ឲ្យ​ភស្តុតាង​មិនមាន​ភាពស្របច្បាប់​នោះទេ​។ សម្រាប់​ប្រតិកម្ម​ពី​ទីប្រឹក្សា​រដ្ឋ និង​ជា​ប្រមុខ​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន លោកស្រី អ៊ុង​សាន ស៊ូ​ជី មិនទាន់មាន​ឡើយ ពោលគឺ លោកស្រី បន្ត​រក្សា​ភាពស្ងប់ស្ងាត់​ដដែល​។ 
 
​សូម​ជម្រាប​ផងដែរ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ថ្ងៃ​៦ កញ្ញា បានសម្រេច​ដោយ​សំឡេង​ភាគច្រើន​ថា តុលាការ មាន​យុត្តាធិការ​លើ​សំណុំរឿង​ជនភៀសខ្លួន​រាប់សិប​ម៉ឺន​នាក់​របស់​មី​យ៉ាន់​ម៉ា ដែល​កំពុងតែ​ផ្ញើ​ជីវិត​លើទឹក​ដី​បង់​ក្លា​ដែ​ស​។ 
 
​អង្គជំនុំជម្រះ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​រកឃើញថា តុលាការ មានអំណាច​ក្នុងការ​ជំនុំជម្រះ​តាមរយៈ​បណ្តឹង​របស់​អគ្គ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​បានស្នើ​ឲ្យ​ចាត់ការ​មី​យ៉ាន់​ម៉ា​លើ​ករណី​វិបត្តិ​ជនភៀសខ្លួន ដែល​អគ្គ​រដ្ឋអាជ្ញា បាន​រកឃើញ​ពាក់ព័ន្ធ​នឹង​សញ្ញាណ​នៃ​ការប្រព្រឹត្ត​បទល្មើស​ប្រឆាំងនឹង​មនុស្សជាតិ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  ICC
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com