អន្តរជាតិ
លោក ផេ​ន ថា គ្មាន​ការជជែក​ជាមួយ​គណៈរដ្ឋមន្ត្រី​ដើម្បី​ដកតំណែង​លោក ត្រាំ ឡើយ​
10, Sep 2018 , 10:19 pm        
រូបភាព
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន នៅ​ថ្ងៃទី​៩ ខែកញ្ញា បាន​អះអាងថា លោក​មិនបាន​ជជែក​ជាមួយ​សមាជិក​គណៈរដ្ឋមន្ត្រី​ផ្សេងទៀត​លើ​លទ្ធភាព​ដកតំណែង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅឡើយ​។ លោក ផេ​ន និយាយ​បែបនេះ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CBS ដើម្បី​ឆ្លើយតប​ទៅនឹង Op-ed របស់​កាសែត The New York Times ដែល​សរសេរ​ដោយ​មន្ត្រី​សេត​វិមាន​មិន​បញ្ចេញ​មុខ​ម្នាក់​ជុំវិញ​ការដកហូត​តំណែង​ពី​លោក ត្រាំ វិសោធនកម្ម​ទី​២៥ ។


Op-ed របស់​មន្ត្រី​សេត​វិមាន​លាក់​មុខ​ដែល​ផ្សាយ​លើ​កាសែត The New York Times ធ្វើ​ឲ្យ​រំជើបរំជួល​ពេញ​នយោបាយ​អាមេរិក រហូត​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​វែកមុខ​ម្ចាស់​អត្ថបទ​ទៀតផង​។ អ្វី​ធ្វើ​ឲ្យ​រំជើបរំជួល​នោះ គឺ​ត្រង់​ថា អ្នកសរសេរ​បាន​បញ្ចេ​ញ​ពី​ការជជែក​ផ្ទៃក្នុង​របស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​ដើម្បី​អនុវត្ត​វិសោធនកម្ម​ទី​២៥ រដ្ឋធម្មនុញ្ញ សំដៅ​ដកតំណែង​ប្រធានាធិបតី​របស់លោក ត្រាំ ។​

​យ៉ាងណាមិញ លោក​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន បាន​បដិសេធ​ព័ត៌មាន​នេះ ខណៈ​លោក គឺជា​អ្នកទទួល​ប្រយោជន៍​ខ្លាំងជាងគេ បើ​វិសោធនកម្ម​ទី​២៥ ត្រូវអនុវត្ត​មែន​នោះ ព្រោះ​លោក​នឹងត្រូវ​ស្នង​តំណែង​ពី​លោក ត្រាំ មិន​ខាន​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CBS ដែល​ផ្សាយ​នៅ​ថ្ងៃទី​៩ ខែកញ្ញា លោក ផេ​ន បាន​ឆ្លើយថា «​ទេ​! មិនដែល​ឡើយ​» ទៅនឹង​សំណួរ​របស់​ពិធី​ការិនី Margaret Brennan ដែលថា លោក​បាន​ពិភាក្សា​ពី​វិសោធនកម្ម​ទី​២៥ ឬ​អត់​។​

​វាក្យខណ្ឌ​មួយ​វិសោធនកម្ម​ទី​២៥ នេះ​បានចែង​ពី​ការដកហូត​តំណែង​ពី​ប្រធានាធិបតី​។ ពោល គី​បើ​អនុ​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ភាគច្រើន​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅកាន់​ប្រធាន​បណ្ដោះអាសន្ន​ព្រឹទ្ធសភា និង​ប្រធានរដ្ឋសភា​ថា ប្រធានាធិបតី​មិនអាច​អនុវត្ត​អំណាច និង​តួនាទី​របស់ខ្លួន​បាន អនុ​ប្រធានាធិបតី​នឹង​ស្នង​អំណាច និង​តួនាទី​របស់​ប្រធានាធិបតី​ក្នុងនាម​ជា​ប្រធានាធិបតី​ស្ដីទី​។ តែបើ​ប្រធានាធិបតី​ជូនដំណឹង​ទៅ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិបញ្ញត្តិ​ថា ខ្លួន​នៅតែ​អាចដឹកនាំ​បាន នោះ​ប្រធានាធិបតី​អាច​បន្តអំណាច​ដដែល​។​

​លោក ត្រាំ ខឹងសម្បារ​យ៉ាងខ្លាំង​ចំពោះ​អត្ថបទ​របស់​មន្ត្រី​ក្នុង​សេត​វិមាន​របស់លោក ហើយ​លោក​ក៏បាន​ប្រកាស​រកមុខ​មន្ត្រី​ជាន់ខ្ពស់​នោ​ផង​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​ក៏​ទទូច​ឲ្យ​ក្រសួងយុត្តិធម៌​ស្វែងរក​អត្តសញ្ញាណ​មន្ត្រី​រូបនេះ​ផង​។ សំណើ​របស់លោក ត្រាំ បង្ក​ជាការ​ព្រួយបារម្ភ​ថា លោក​ចង់​ប្រើ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​ជា​ឧបករណ៍​ផ្ដល់​រង្វាន់ និង​ដាក់ពិន័យ​ផ្នែក​នយោបាយ​។​

​បក្ស​ប្រជាធិបតេយ្យ​អាមេរិក ក៏បាន​រិះគន់​លោក ត្រាំ ដែល​បញ្ជា​ឲ្យ​ក្រសួងយុត្តិធម៌​វែកមុខ​មន្ត្រី​ដែល​សរសេរ Op-ed នេះ ហើយ​ចាត់ទុក​ការទទូច​របស់លោក​ថា ទៅ​ហួស​ពី​ព្រំដែន​ទៅហើយ​។ សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ Mark R Warner បាន​លើក​ជា​សំណួរ​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ CNN ថា​៖ «​តើ​ប្រធានាធិបតី​រូបនេះ​មិន​យល់​ឬទេ​ថា ក្រសួងយុត្តិធម៌​មិនមែនជា​ឧបករណ៍​នយោបាយ​រប​ស់​ខ្លួន​ឡើយ​?»
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ម៉ៃ ផេ​ន
© រក្សាសិទ្ធិដោយ thmeythmey.com