ចុងសប្តាហ៍នេះ វេណេស៊ុយអេឡាថ្លែងការណ៍ទិតៀនអាមេរិកដោយការខឹងសម្បារខ្លាំង ក្រោយបានលឺដំណឹងថា រដ្ឋបាលអាមេរិកលួចពិភាក្សារៀបចំគម្រោងធ្វើរដ្ឋប្រហារជាក្រុមយោធាវេណេស៊ុយអេឡាដែលចង់ទម្លាក់ប្រធានាធិបតីលោក នីកូឡា ម៉ាឌុយរ៉ូ ពីតំណែង។
នាថ្ងៃអាទិត្យទី ៩ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាបានចេញមុខថ្កោលទោសសហរដ្ឋអាមេរិកចំៗ ដោយចោទប្រកាន់ថា អាមេរិកគាំទ្រគម្រោងធ្វើរដ្ឋប្រហាររបស់ក្រុមយោធាវេណេស៊ុយអេឡា។
រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា Jorge Arreaza បានថ្លែងដូច្នេះ៖ «យើងថ្កោលទោសគម្រោងអន្តរាគមន៍ និងការគាំទ្ររបស់រដ្ឋាភិបាលអាមេរិកចំពោះក្រុមយោធាដែលមានផែនការធ្វើរដ្ឋប្រហារ »។
ប្រតិកម្មតបទាំងខឹងសម្បារនេះធ្វើឡើងក្រោយពេលដែលមានការចុះផ្សាយដោយសារព័ត៌មាន New York Times ថា វាមានការប្រជុំជាសម្ងាត់រវាងមន្ត្រីរដ្ឋបាលលោក ដូណាល់ ត្រាំ ជាមួយមន្ត្រីយោធាវេណេស៊ុយអេឡាដើម្បីរកវិធីទម្លាក់មេដឹកនាំវេណេស៊ុយអេឡាលោក ម៉ាឌុយរ៉ូ។
កាសែតអាមេរិកនេះបានចុះសម្ភាសជាមួយអតីតមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ត្រាំ និងអតីតបញ្ជាការកងទ័ពវេណេស៊ុយអេឡាផងដែរដែលសរុបទាំងអស់មានគ្នារហូតដល់ ១១ នាក់ឯណោះ។ ប៉ុន្តែគេមិនច្បាស់ថា វាជារបាយការណ៍ដែលគួរឲ្យទុកចិត្តកម្រិតណាឡើយ។
អ្នកសារព័ត៌មាន New York Times បានអះអាងថា កិច្ចប្រជុំរកវិធីរៀបចំរដ្ឋប្រហារនេះកើតឡើងក្រោយពេលលោក ត្រាំ បានថ្លែងក្នុងខែសីហាថា លោកមិនបោះបង់ចោលការប្រើប្រាស់វិធានការយោធាដើម្បីប្រឆាំរបបដឹកនាំលោក ម៉ាឌុយរ៉ូឡើយក្នុងការដោះស្រាយវិបត្តិដែលកើតឡើងបច្ចុប្បន្ន។
ក្រោយមានការចុះផ្សាយព័ត៌មាននេះ មន្ត្រីលោក ត្រាំ មិនបានប្រកាសជាផ្លូវការបដិសេធ ឬទទួលស្គាល់បញ្ហានេះទេ។
ជានិច្ចជាកាល រដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ តែងតែចោទប្រកាន់រដ្ឋាភិបាលអាមេរិកថា បានរៀបចំគម្រោងផ្តួលរំលំរបបដឹកនាំលោក។ ចំណែកអាមេរិកវិញនោះតែងតែអះអាងម្តងហើយម្តងទៀតថា ខ្លួនចង់ឲ្យវេណេស៊ុយអេឡាត្រឡប់ទៅរកផ្លូវប្រជាធិបតេយ្យវិញតាមសន្តិវិធី ហើយគោលជំហរនេះមិនប្រែប្រួលឡើយ។
អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិក Garrett Marquis បាននិយាយដូច្នេះ៖ «ដំណោះស្រាយចុងក្រោយសម្រាប់ស្ថានភាពដ៏អាក្រក់នៅវេណេស៊ុយអេឡាគឺ កើតឡើងក្រោយការស្តារឡើវិញនៃអភិបាលកិច្ចដែលពឹងផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិសេរីភាពជាមូលដ្ឋានផងដែរ»៕