បទយកការណ៍ / បទសម្ភាសន៍
គ្មាន​បរទេស​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ទេ តែ​លោក បេ​អាត រី​ច​ឈ្នឺ​រ មិន​ដូច្នោះ​ឡើយ​
11, Sep 2018 , 10:03 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដំណឹង​មរណភាព​របស់លោក​វេ​ជ្ជ​បណ្ឌិត Beat Rachner បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន មានការ​សោកស្ដាយ​។ សោកស្ដាយ ដោយសារ​បាត​បង់ ជនបរទេស​ម្នាក់​ដែលមាន​លះបង់​ជីវិត​ផ្ទាល់ខ្លួន ដើម្បី​ការសង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា តាមរយៈ​ការបង្កើត​មូល​និ​ធី ដើម្បី​ព្យាបាល​កុមារ យ៉ាង​យកចិត្ត​ទុក្ខ និង​មិន​គិតថ្លៃ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។  ហេតុនេះហើយ បានជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន បាន​បង្ហោះ​នូវ​សារ​ចូលរួម​រំលែក​ទុក្ខ និង​សោកស្ដាយ​តាមរយៈ​បណ្ដាញ​សង្គម ក៏ដូចជា​ចូលរួម​ផ្ទាល់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។

 

 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​អំពី​ទឹកចិត្ត​ប្រជាពលរដ្ឋ​ជុំវិញ​មរណៈភាព​របស់លោក​វេ​ជ្ជ​បណ្ឌិត Beat Racher សុំ​លោក​អ្នកនាង ស្ដាប់​នូវ​បទ​យកការណ៍ ដែល​រៀបចំ​ជូន​ដោយ​កញ្ញា ថា​ន រស្មី ដូចតទៅ​៖


 
 
​នេះ​គឺជា​សំឡេង ដែល​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​រង់ចាំ​ការពិនិត្យ​ព្យាបាល​របស់​កូន ក្មួយ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា សាខា​វត្តភ្នំ​។ នៅទីនេះ​ក្រៅពី​ការរង់ចាំ​ការព្យាបាល​កូន ក្មួយ ក៏មាន​ពលរដ្ឋ​មួយចំនួន​បាន​និយាយ​អំពី​ការស្លាប់​របស់​ប្រធាន​មូលនិធិ​គន្ធបុប្ផា​គឺ​លោក​វេជ្ជបណ្ឌិត Beat Rachner ដែល​បាន​លាចាក​លោក កាលពី​ម៉ោង ២ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ទីក្រុង ហ្សុ​យ​រិ​ក ប្រទេស​ស្វី​ស ជា​ដែន​កំណើត​របស់លោក ក្នុង​វ័យ​៧១​ឆ្នាំ​។​
 
​បុរស​អ្នករត់ម៉ូតូឌុប​មួយរូប ដែលមាន​សម្បុរ​ខ្មៅ ពាក់​ម៉ា​សបាន​និយាយ​ទៅកាន់​បុរស​វ័យ​ណាស់​មួយរូប​ទៀតថា ប្រធាន​មន្ទីរ​ជនជាតិ​បរទេស​នៅទីនេះ បាន​ស្លាប់​ហើយ​កាលពី​យប់​ម៉ិ​ញ​។ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​អង្គុយ​រង់ចាំ​ការចាប់​លេខ​នៅ​ទីនោះ បែរ​សំដៅ​មើលទៅ​បុរស​វ័យ​ជាង​៤០​ឆ្នាំ​រូបនេះ​គ្រប់ៗ​។ ពិតណាស់​លោក សេង វុ​ឌ្ឍា បាន​ឲ្យ​ដឹងថា លោក​មានការ​សោកស្ដាយ​ខ្លាំង​ចំពោះ​មរណៈភាព​របស់​ប្រធាន​មូលនិធិ​គន្ធបុប្ផា​ខាងលើ ដោយ​អ្នក​ខេត្តកំពង់ស្ពឺ​រូបនេះ អះអាងថា លើ​លោក​នេះ​គ្មាន​នរណាម្នាក់​អាច​លះបង់​ដើម្បី​កុមារ​កម្ពុជា​ដូច​លោក​វេជ្ជបណ្ឌិត Beat Rachner ឡើយ​។​
 
​លោក សេង វុ​ឌ្ឍា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សោកស្ដាយ​ណាស់​ចំពោះ​គាត់ ហើយ​ជនជាតិ​គេ​ទៀត បើទោះជា​ជនជាតិខ្មែរ​មាន​លុយ​វាល់​លាន​ក៏​មិនអាច​ធ្វើបាន​ដូច​គាត់​ដែរ​មើលទៅ​។ ហើយ​គាត់​ជួយ​ក្មេង​ខ្មែរ​បាន​ច្រើនណាស់​។ កា​លះបង់​របស់គាត់​ធំធេង​ណាស់​មិនអាច​ប្រៀប​បានទេ គាត់​នៅ​ដល់​ណា​ដល់​ណី ឆ្លង​សមុទ្រ​មក​ដើម្បី​តែ​ជួយ​ក្មេង​ខ្មែរ សណ្ដាន​ចិត្ត​របស់គាត់ ពិតជា​មិនអាច​រកបាន​ទេ​មនុស្ស​»​។​
 
​អ្នក​អ្នក​ធ្លាប់​នាំ​កូន ក្មួយ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក វុ​ឌ្ឍា អះអាងថា លោក​មិន​គិតថា​មាន​ពេទ្យ​ណា​ដែល​លោក​អាច​ជឿ​ទុក្ខ​ចិត្ត បាន​ក្នុងការ​ព្យាបាល​កូនក្មួយ​របស់លោក ក្រៅពី​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះឡើយ​។ ហើយ​មរណៈភាព​របស់​ប្រធាន​មូលនិធិ​ខាងលើ​ក៏​ជាការ​ព្រួយបារម្ភ​របស់​អ្នករត់ម៉ូតូឌុប​រូបនេះ​។​
 
​លោក សេង វុ​ឌ្ឍា បញ្ជាក់​៖ «​កាល​កូន​ខ្ញុំ​ឈឺ​របេង​កូនកណ្ដុរ ខ្ញុំ​បាន​នាំ​គាត់​មក​ហ្នឹង​។ ខ្ញុំ​មិនបាន​យក​គា​ត់ទៅ​ពេទ្យ​ណា​សិន​ទេ គឺ​យកមក​ហ្នឹង​តែម្ដង ព្រោះ​ខ្ញុំ​មិន​ទុក្ខ​ចិត្ត​ពេទ្យ​ណា ជាង​ពេទ្យ​នេះ​ទៀត​។ ខ្ញុំ​ព្រួយបារម្ភ​ច្រើន ព្រោះ​គិតថា​គ្មាន​បុគ្គល​ផ្សេង​អាចធ្វើ​ដូច​គាត់​បាន​។ ខ្លាច​ថ្ងៃក្រោយ​ពេទ្យ​នេះ​មិនមែនជា​ពេទ្យ​អង្គការ​ដូច​ឥលូវ ខ្លាច​គ្រប់គ្រង​ដោយ​អ្នកផ្សេង​ទៅ​ដូច​ពេទ្យ​រដ្ឋ ឬ​បុគ្គល ក៏​វា​ពិបាក​ដែរ​។ តែ​ប្រហែលជា​មិនអាច​រក​មនុ​ស្សបាន​ដូច​គាត់​ទេ​»​។​
 
​មិន​ត្រឹមតែ សេង វុ​ឌ្ឍា នោះទេ ដែល​គិត​មុនគេ​ក្នុង​ការជូន​កូន ក្មួយ មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា សូម្បីតែ​សន្តិសុខ មួយរូប​ដែល​ធ្វើ​នៅ​មន្ទីរពេទ្យ​នេះ ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ ក៏​មិនដែល​គិតថា លោក​នឹង​យក​កូន​ទៅ​ព្យាបាល​នៅឯណា​ក្រៅពី​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើយ​។ បុរស​វ័យ​ជាង​៤០​រូបនេះ បាន​ឲ្យ​ដឹងថា គ្រាន់តែ​ដឹង​ដំណឹង​មរណៈភាព​នេះ​ភ្លាម គឺ​លោក​យំ​ទាំងយប់​តែម្ដង ក៏​ព្រោះតែ​សោកស្ដាយ​ចំពោះ​ថ្នាក់ដឹកនាំ​ល្អ និង​ជា​បុគ្គល មានគុណ​សម្រាប់​កូន​ខ្មែរ​រាប់លាន​នាក់​។​
 
​សន្តិសុខ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា មួយរូប​បញ្ជាក់ថា​៖ «​មិន​ស្ដាយ​គាត់​យ៉ាង​មិច បើ​គាត់​បាន​ជួយ​កូន​ខ្មែរ​តាំងពី​អើយ​មក មកដល់​ឥលូវ​ពូ​នៅតែ​ក្ដុកក្ដួល​។ ពូ​ហួស​ពី​សោកស្ដាយ​ហើយ​ឥលូវ​នេះ ព្រោះ​គាត់​ជា​អ្នកមានគុណ គិត​ទៅ​តាំងពី​ឆ្នាំ​១៩៩២ ដល់​២០១៨​នេះ គាត់​លឺ​គាត់​មរណៈ​ក្ដុកក្ដួល​យំ​តាំងពី​យប់​។ ឲ្យ​តែ​ឈឺ​ដឹង​តែ​មក​ហ្នឹង​ទាំងអស់ កូន​ពូ​៣​នាក់ ឥលូវ​ក​ម្លោះ ក្រមុំ អស់ហើយ​»​។ 
 
​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការលើកឡើង​អំពី​សេចក្ដីសោកស្ដាយ​សម្រាប់ ពលរដ្ឋ​ខ្មែរ​ក្រោយ​មរណៈភាព របស់លោក​វេជ្ជបណ្ឌិត និង​ជា​សិល្បៈ​ក៏​ដ៏​ល្បីឈ្មោះ​ដែល​គេ​ស្គាល់​ថា Beatocello​។ ងាក​ចេញពី​ទិដ្ឋភាព​ផ្ទាល់​នៅក្នុង​មន្ទីរពេទ្យ នៅក្នុង​បណ្ដាញ​សង្គម​ជាពិសេស ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឯណោះ​វិញ មាន​ពលរដ្ឋ​ជាច្រើន​បានបង្ហាញ​ការសោកស្ដាយ រៀងៗ​ខ្លួន​។​
 
​ដោយមាន​ពលរដ្ឋ​ខ្លះ​បាន​ប្ដូរ​រូបភាព​Profile fb ឬ Cover fb ដោយ​អម​ជាមួយ​ពាក្យពេជន៍ សោកស្ដាយ និង​ភាព​ក្ដុកក្ដួល ក្នុងការ​បាត់បង់​បុគ្គលភាព នៃ​ការចងចាំ​របស់​កុមារ​។ ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ បាន​លើកឡើងថា «​ក្នុងនាម​ខ្ញុំ​ជា​ក្មេងស្រី​ម្នាក់ ដែល​រួច​ផុតពី​ពិការភាព ដោយសារ​ជំងឺ​គ្រុន​ស្វិតដៃជើង សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ដែល​លោក​វេជ្ជបណ្ឌិត Beat Rachner បានទទួល​មរណៈភាព​។ ខ្ញុំ​អាចមាន​ធ្វើ​ការងារ អាច​ដើរ​បាន ក៏​ព្រោះតែ​ខ្ញុំ​ទទួលបាន​ការព្យាបាល​យ៉ាង​យកចិត្ត​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​»​។​
 
​ចំណែក ព្រះ​តេជគុណ គូ សុភាព ដែល​មនុស្ស​ជាច្រើន​បាន​ស្គាល់​ព្រះអង្គ​ថា ជាស​ង្ឃ​ដែល​បង្រៀន​ពលរដ្ឋ​អំពី​ព្រះធម៌ និង​សមាធិ​នោះ បាន​ជម្រុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ ធ្វើ​សមាធិ ឬ​រាប់បាត្រ ដើម្បី​ឧទ្ទិស​កុស​ល្យ​ជូន​ដល់​លោក​វេជ្ជ​ណ្ឌិ​ត តាមបែប​ព្រះពុទ្ធសាសនា​។ ការធ្វើ​បែបនេះ ត្រូវបាន​ព្រះ​តេជគុណ​បញ្ជាក់ថា ធ្វើ​ដើម្បី​បង្ហាញ​ពី​កតា​ញ្ញូ និង​ដឹងគុណ​ដល់​លោក​វេជ្ជបណ្ឌិត​។ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១០ ព្រះ​តេជគុណ​បានធ្វើ​ពិធី​សមាធិ ជាមួយ​និស្សិត​ប្រមាណ​៣០​នាក់ ដើម្បី​ឧទ្ទិស​គុណ​ដល់ លោក​វេជ្ជបណ្ឌិត Beat Rachner​។​
 
​លោក​វេជ្ជបណ្ឌិត Beat Rachner កើត​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៤៧ លោក​បានទទួល​មរណៈភាព នៅ​ម៉ោង​២ និង​៤៥​នាទី​ព្រឹក ម៉ោង​នៅ​ទីក្រុង​ហ្សុ​យ​រិ​ក ប្រទេស​ស្វី​ស ថ្ងៃទី​៩ ខែកញ្ញា​។ លោក គឺជា​ស្ថាបនិក​មូលនិធិ​គន្ធបុប្ផា បន្ទាប់ពី​លោក​បានមក​ប្រទេស​កម្ពុជា តាម​ការអញ្ជើញ​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ កាលពី​ឆ្នាំ​២៩៩២​។ ដោយ​ព្រះអង្គ​បានស្នើ​ឲ្យ​លោក មកជួយ​ជួសជុល សាងសង​ឡើងវិញ នូវ​មន្ទីរពេទ្យ​កុមារ​ក្រុងភ្នំពេញ ដែល​ត្រូវបាន​បំផ្លាញ​ដោយ​របប​ប៉ុលពត​។​
 
​ក្រោយ​ទទួល​ការស្នើសុំ​ពី​ព្រះ​បរម​រតន​កោដ្ឋ អស់​រយៈពេល​២៥​ហើយ ដែល​លោក​វេជ្ជបណ្ឌិត បាន​ចំណាយពេល ថវិការ របស់លោក​ទាំងស្រុង ដើម្បី​បំពេញ​នូវ​ពាក្យសន្យារ និង​ក្ដី​អាណិត ស្រលាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កុមារ​កម្ពុជា​។ រយៈពេល​២៥​ឆ្នាំ​មកនេះ លោក​បានធ្វើ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​ពេទ្យ​គំរូ​ទាំង​សេវាកម្ម និង​ក្រមសីលធម៌ ក៏ដូចជា​តម្លៃ ដែល​ធ្វើ​ឲ្យ​កូនអ្នកក្រីក្រ ឬ​អ្នកមាន​ក្ដី អាច​ទទួលបាន​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​។​
 
​ដើម្បី​ជាការ​ដឹងគុណ​ដល់​លោក​វេជ្ជបណ្ឌិត Beat Rachner ក្រសួងសុខាភិបាល ក៏បាន​ចូលរួម​កាន់ទុក្ខ ដែល​ធ្វើឡើង​នៅ​ក្រសួងសុខាភិបាល និង​មន្ទីរពេទ្យ​បុប្ផា​ក្បែរ​វត្តភ្នំ​។ ដែល​បើក​ឲ្យ​ប្រជាពលរដ្ឋ បាន​ចូលរួម​សម្ដែង​នូវ​ការសោកស្ដាយ និង​ចែករំលែក​ទុក្ខ ដល់​ក្រុមគ្រួសារ​លោក​វេជ្ជបណ្ឌិត និង​មន្ទីរពេទ្យ​គន្ធបុប្ផា​ផ្ទាល់​។ ហើយក៏​ដើម្បី​បង្ហាញ​ពី​ការដឹងគុណ លើ​វីរភាព របស់លោក​វេជ្ជបណ្ឌិត Beat Rachner៕
 
 
 

Tag:
 Beat Rachner
 ​គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com