ជាតិ
២៥ខេត្ត/រាជធានី
ហេតុអ្វី បានដាក់​ឈ្មោះថា ខេត្តពោធិ៍សាត់​?
09, Mar 2020 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត បាន​អត្ថាធិប្បាយ​ថា ពាក្យ ពោធិ៍សាត់ (​អាន​ថាៈ ពោ​-​សាត់​) ជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​កម្ពុជរដ្ឋ នៅ​ជាយ​ខាងកើត​ខេត្តបាត់ដំបង​។ ​ពាក្យបុរាណ​ពី​ព្រេងនាយ ដំណាល​ថា មាន​ដើម​ពោធិ៍​តូច​មួយ រសាត់ ច្រាសទឹក​មកជា​អស្ចារ្យ​ប្លែក​។ គេ​បាន​ស្រង់ដើម​ពោធិ៍​នោះ យកទៅ​ដាំ​នៅលើ​ទីទួល​មួយ​។ ដោយហេតុ​នេះហើយ ទើប​គេ​ឲ្យ​ឈ្មោះ​ភូមិប្រទេស​នោះ​ថា ពោធិ៍​រសាត់​។

 
 
​លុះ​ចំណេរ​ចីរកាល​យូរអង្វែង​មក ពោធិ៍​រសាត់ ក៏​ក្លាយ​មកជា​ពោធិ៍សាត់ ព្រោះ រសាត់ និង​សាត់ ជា​ពាក្យ​តែមួយ ដែល​អាច​ប្រើ​ជំនួស​គ្នា​បាន​។ សព្វថ្ងៃនេះ តាំង​ជាទី​រួម​ខេត្ត ហៅថា ខេត្តពោធិ៍សាត់​។ 
 
​ក្រៅពី​ឈ្មោះ​ខេត្ត ក៏មាន​ដំណាំ​ក្រូច​មួយ​ប្រភេទ​ឈ្មោះ ក្រូចពោធិ៍សាត់​ដែរ​។ ក្រូច ពោធិ៍សាត់ គឺជា​ក្រូច​ដែល​កើត​មុនគេ​ដំបូង​នៅក្នុង​ខេត្តពោធិ៍សាត់​។ បើ​យោងតាម​ប្រភព​មួយចំនួន ក្រូចពោធិ៍សាត់ ត្រូវបាន​ជនជាតិ​បារាំង​យក​ពូជ​មកពី​ទ្វីបអាហ្វ្រិក​កាលពី​ជំនាន់​បារាំង​(​កម្ពុជា​ធ្លាប់​ស្ថិតនៅក្រោម​អាណាព្យាបាល​បារាំង​ពី​ឆ្នាំ​១៨៦៣-១៩៥៣)​។ នៅពេលដែល​ជនជាតិ​បារាំង​យក​ពូជ​ក្រូច​នោះមក​ដាំ ក្រូច​មិនទាន់​មានឈ្មោះ​ទេ​។ តែ​នៅពេល​ដាំ​នៅក្នុង​ខេត្តពោធិ៍សាត់ គេ​ (​អាច​ជនជាតិ​បារាំង ឬ​ខ្មែរ​) កាលនោះ ក៏​ដាក់ឈ្មោះថា ក្រូចពោធិ៍សាត់​តែម្តងទៅ​។ 
 
​សម្តេច​សង្ឃ ជួន ណាត បាន​ប្រាប់ថា គួរ​កុំ​ហៅ និង​សរសេរ​ជា ខេត្ត​ពោធិសត្វ ឬ​ក្រូច​ពោធិសត្វ ព្រោះ ពោធិសត្វ និង​ពោធិ៍សាត់ មាន​អត្ថន័យ​ខុសគ្នា​ឆ្ងាយ​ណាស់​។ 
​ពោធិសត្វ (​អាន​ថាៈ ពោ​-​ធិ​-​សាត់​) មានន័យថា អ្នក​ដែលមាន​ចិត្ត ឬ​មាន​សេចក្តីប្រាថ្នា​ជាប់​នៅក្នុង​ពោធិ គឺ​អ្នក​ដែល​កំពុង​ខំប្រឹង​បំពេញ​បារមី បម្រុង​នឹង​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ​។ 
​ពោធិ មានន័យថា ការ​ត្រាស់ដឹង​នូវ​លោកុត្តរធម៌​, ប្រាជ្ញា ដែល​ព្រះ​សព្វញ្ញុពុទ្ធ ទ្រង់​បាន​ត្រាស់ដឹង​។
 
​ឯ​ពោធិ៍ សំដៅលើ​ដើមឈើ ដែល​តួអង្គ​ព្រះពុទ្ធ (​មិនទាន់បាន​ត្រាស់ដឹង​) គង់​អាស្រ័យ​ក្នុង​ម្លប់ ហើយ​ទ្រង់​ក៏បាន​ត្រាស់​ជា​ព្រះពុទ្ធ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com