អន្តរជាតិ
លោក ត្រាំ ទទួលបាន​សំបុត្រ​លោក គីម ដែល​ចង់​ឲ្យ​មាន​ជំនួប​ទល់មុខ​លើក​ទី​២
11, Sep 2018 , 2:41 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចាប់ដៃប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបនៅសិង្ហបុរី (រូបភាព AFP)
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចាប់ដៃប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបនៅសិង្ហបុរី (រូបភាព AFP)
​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ផ្ញើ​សំបុត្រ​ទៅកាន់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ស្នើ​រៀបចំ​ជំនួប​ទល់​លើក​ទី​ពីរ​។ សេត​វិមាន នៅ​ថ្ងៃទី​១០ ខែកញ្ញា បានប្រកាសថា លោក ត្រាំ បានទទួល​សំបុត្រ​នោះ​រួចហើយ ឯ​ការរៀបចំ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ក៏​កំពុងស្ថិត​ក្នុងការ​ការ​រៀបចំ​ដែរ​។ ទីប្រឹក្សា​សន្តិសុខ​របស់លោក ត្រាំ និយាយថា មេដឹកនាំ​ទាំងពីរ​អាច​នឹង​ជួបគ្នា​ម្ដងទៀត​នៅ​ដំណាច់​ឆ្នាំនេះ​។​

 
​សំបុត្រ​របស់​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ទៅ​ដល់ដៃ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ហើយ​។ លោក ត្រាំ ទំនង​អន្ទះសា​ចង់ឃើញ​អត្ថន័យ​ក្នុង​សំបុត្រ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ខ្លាំង ព្រោះ​លោក​បានលើកឡើង​ម្ដង​ជា​ពីរដង​ពី​សំបុត្រ​នេះ ស្រប​ពេលដែល​ការដែល​ចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​លើ​ការរំសាយ​នុយក្លេអ៊ែរ​បាន​ជាប់គាំង​មិន​ទៅមុខ​។ 
 
​អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders បានប្រកាស​នៅ​ថ្ងៃទី​១០ ខែកញ្ញា ថា សំបុត្រ​របស់លោក គឺ​ម ជា​លិខិត​ដ៏​កក់ក្ដៅ និង​វិជ្ជមាន​។ មន្ត្រី​អាមេរិក​រូបនេះ​បន្តថា សំបុត្រ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ជា​សារ​បង្ហាញ​ពី​ការបន្ត​ប្ដេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ លោកស្រី Sanders បាន​បង្ហើប​អត្ថន័យ​ក្នុង​សំបុត្រ​ដែរ​ថា មាន​គោលដៅ​ចម្បង​កំណត់​កាលបរិច្ឆេទ​ជំនួប​មេដឹកនាំ​ម្ដងទៀត​។​
 
​ជាមួយនឹង​សំបុត្រ​របស់​កូរ៉េខាងជើង អ្នកនាំពាក្យ​ដដែល​នេះ​ក៏​ប្រកាស​ជំហរ​អាមេរិក​ទៅវិញ​ថា គឺ​បើកចំហរ​សម្រាប់​ជំនួប​កំពូល​មេដឹកនាំ ឯ​ការរៀបចំ​ស្ថិតក្នុង​ការសម្របសម្រួល​គ្នា​អស់ហើយ​។ សំបុត្រ​ដដែល​នេះ ក៏​បង្ហាញ​ពី​ការរីកចម្រើន​ថ្មី​ទៀត​នៃ​ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង ដែល​ធ្លាប់តែ​មើលមុខ​គ្នា​មិន​ចំ គំរាម​កម្ទេច​គ្នា​ទៅវិញទៅមក​។ ជំនួប​លើក​ទី​១ នៅ​សិង្ហ​បុរី គឺជា​ចំណុច​របត់​ថ្មី​ក្នុង​ទំនាក់ទំនង​រវាង​សត្រូវ​ទាំងពីរ​។​
 
​ការរីកចម្រើន​ដែល​លោកស្រី Sanders មើលឃើញ​នោះ គឺ​ការដោះលែង​ជនជាតិ​អាមេរិក ការធ្វើ​មាតុភូមិនិវត្តន៍​គ្រោងឆ្អឹង​ដែល​ជឿថា​ជា​ទាហាន​អាមេរិក ព្រមទាំង​ការផ្អាក​ការបាញ់​មី​ស៊ី​ល និង​ការសាកល្បង​មី​ស៊ី​លពី​សំណាក់​កូរ៉េខាងជើង​។ ប៉ុន្តែ​បើ​និយាយ​ពី​ការលុបបំបាត់​នុយក្លេអ៊ែ​រវិ​ញ​នោះ គេ​មិនទាន់​ឃើញ​មាន​សកម្ម​ភាពជា​ដុំកំភួន​អ្វី​នៅឡើយ​ទេ ដែល​រឿងនេះ​ធ្វើ​ឲ្យ​អាមេរិក​ខកចិត្ត​ខ្លាំង និង​ទាមទារ​ឲ្យ​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​ឲ្យ​ច្រើន​ទៀត​។​
 
​ជុំវិញ​កាលបរិច្ឆេទ​ជំនួប​លើក​ទី​២ រវាង​លោក ត្រាំ និង​លោក គីម មន្ត្រី​សេត​វិមាន​ខាងលើ​មិន​បញ្ចេញ​ព័ត៌មាន​លម្អិត​ឡើយ​ទាំង​ពេលវេលា​ជាក់លាក់ និង​ទីកន្លែង​ជំនួប តែ​នឹង​ប្រកាស​តាម​ក្រោយ​វិញ​។ ដោយឡែក​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក ច​ន ប៊ូល​តុ​ន នៅ​ថ្ងៃទី​១០ បានលើកឡើង​ពី​លទ្ធភាព​លើសលប់​ដែល​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង អាច​ជួបគ្នា​នៅ​ចុងឆ្នាំ​២០១៨ នេះ​តែម្ដង​៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com