ជាតិ
យុវជន ណៃ ម៉ា​ណេ​ត ទទួលបាន​ពានរង្វាន់​ឆ្នើម​លើ​ការតស៊ូ​មតិ​ក្នុង​តំបន់​អាស៊ាន​
11, Sep 2018 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ យុវជន​កម្ពុជា​មួយរូប បានទទួល​ពានរង្វាន់​អ្នកតស៊ូ​មតិ និង​វោហា​ស័ព្ទ​ជា​សាធារណៈ​ឆ្នើម ក្នុងចំណោម​បេក្ខជន​ឆ្នើម​៥​នាក់ ដែល​មក​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក្នុងការ​ចូលរួម​ជជែក​ដេញដោល​ពី​បញ្ហា​សិទ្ធមនុស្ស ឆ្នាំ​២០១៨ (AICR Youth Debate On Human Rights 2018)​។​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ស្ដីពី​សិទ្ធមនុស្ស បានរៀបចំ​កម្មវិធី​ជជែក​ដេញដោល​គ្នា​នេះ​ឡើង ដើម្បី​លើ​កម្ពស់​ការយល់ដឹង និង​ការបញ្ចេញមតិ​របស់​យុវជន ជុំវិញ​បញ្ហា​សិទ្ធមនុស្ស ។​

 
​បេក្ខជន​ចំនួន​៥ក្រុម (​មួយក្រុម​៦​ប្រទេស​) មកពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​រួមមាន កម្ពុជា ព្រុយ​ណេ ឥណ្ឌូនេស៊ី វៀតណាម មី​យ៉ាន់​ម៉ា សិង្ហ​បុរី ឡាវ ម៉ាឡេស៊ី ថៃ និង ហ្វីលីពីន បានបង្ហាញ​សមត្ថភាព​តស៊ូ​មតិ លើ​ប្រធានបទ​ចំនួន​៥ ដែល​ទាក់ទង​ទៅនឹង​បញ្ហា​សិទ្ធិមនុស្ស​។ ប្រធានបទ​ទាំង​៥​នោះ រួមមាន សិទ្ធិមនុស្ស​គួរ​ជា​មុខវិជ្ជា​ចាំបាច់​សម្រាប់​គ្រិះ​ស្ថាន​សិក្សា​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​, កុមារ​ជា​កូន​របស់​ពលករ​ចំណាកស្រុក​គួរ​មាន​សិទ្ធិ​ទទួលបាន​ការអប់រំ ,​តារា​ល្បី​មិនមាន​សិទ្ធិ​ឯកជន​ភាព​, ការបំពុល​បរិយាកាស​គួរតែ​ចាត់ទុកជា​បទល្មើស​ឆ្លងដែន និង​ការរំលោភ​សេពសន្ថវៈ​គួរតែ​ចាត់ទុកជា​បទល្មើស​ប្រហា​ជីវិត​។​
 
​ក្នុង​កម្មវិធី​ជជែក​ដេញដោល​គ្នា​នេះ យុវជន​ឆ្នើម​៥​រូប បាន​ជាប់​ពានរង្វាន់​តស៊ូ​មតិ និង​វោហា​ស័ព្ទ​ជា​សាធារណៈ ដែល​ក្នុងនោះ​មាន​យុវជន​កម្ពុជា​ម្នាក់ ។ លោក ណៃ ម៉ា​ណេ​ត មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ដណ្តើមបាន​ជ័យលាភី​អ្នកតស៊ូ​មតិ​ដែលមាន​ថ្វីមាត់​ល្អ​ជាងគេ ក្នុងចំណោម ៥​នាក់ (២​នាក់​មកពី ហ្វីលីពីន ១​នាក់​មកពី​ម៉ាឡេស៊ី និង​១​នាក់​ទៀត​មកពី​ឥ​ណ្ទូ​នេ​ស៊ី​)​។​
 
​ថ្លែង​ក្នុង​បទ​សម្ភាស​ដល់​សា​ព័ត៌មាន​ថ្មីៗ​យុវជន ណៃ ម៉ា​ណេ​ត បានបញ្ជាក់​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ​គឺ​យើង​ត្រូវ​យល់ច្បាស់​ប្រធានបទ​របស់​យើង​។ ហេតុអ្វី​ថ្ងៃ​នឹង​យើង​ត្រូវ​មក​ឈ្លោះ​គ្នា​ក្នុង​ប្រធានបទ​មួយ​ហ្នឹង តើ​យើង​នៅ​ផ្នែក​មួយណា ហេតុអ្វី​បាន​ខាង​ក្រុម​យើង​ធ្វើ​សកម្មភាព​មួយ​ដែល​ត្រឹមត្រូវ ហើយ​ធ្វើ​អ្វីមួយ​ដែល​ល្អ​។ អ៊ីចឹង​នៅពេល​នឹង ពេលដែល​យើង​រក​អ្វីដែល​ត្រឹមត្រូវ នឹង​ល្អ​ឃើញ ពេល​នឹង​យើង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន​បាន​»​។​
  


​ក្រៅពី​ទទួលបាន​លទ្ធផល​ជោគជ័យ​ហើយ យុវជន ម៉ា​ណេ​ត ក៏បាន​រៀនសូត្រ​ច្រើន ទាក់ទង​ទៅនឹង​ចំណេះដឹង​ពី​មនុស្ស​ជាទូទៅ​ក្នុង​អាស៊ាន​ទាំងមូល និង​វិធី​ប្រើ​វោហា​ស័ព្ទ​ជា​សារ​ធារ​ណៈ និង​តស៊ូ​មតិ​ជាមួយ​បរទេស​។ ជាពិសេស​ក៏បាន​ស្គាល់​មិត្តភក្តិ​ច្រើន ដែល​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ នេះ​ជាការ​បន្ថែម​របស់​យុវជន ម៉ា​ណេ​ត​។ 
 
​កម្ពុជា ជា​ម្ចាស់ផ្ទះ​ក្នុង​កម្មវិធី​តស៊ូ​មតិ​លើក​ទី​៥​នេះ ( AICR Youth Debate On Human Rights 2018) ដែលមាន​និស្សិត​មកពី​៣០​សកល​វិទ្យាល័យ​ក្នុងប្រទេស​សមាជិក​អាស៊ាន​។ យុវជន​មកពី​១០​ប្រទេស​ក្នុង​តំបន​អាស៊ាន​បាន​ចូលរួម​ជជែក​ដេញដោល​ពី​បញ្ហា​សិទ្ធមនុស្ស​ឆ្នាំ​២០១៨ (AICR Youth Debate On Human Rights 2018) ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ការបញ្ចេញមតិ​របស់​យុវជន​អំពី​សិទ្ធមនុស្ស និង​បង្កើន​ទំនាក់ទំនង​ល្អ​រវាង​យុវជន​ក្នុងប្រទេស​នីមួយៗ ៕
 


Tag:
 ណៃ ម៉ា​ណេ​ត​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com