អន្តរជាតិ
ប្រទេស​អ្នកមាន​នៅតែ​គ្មាន​ឆន្ទៈ​ផ្តល់​ហិរញ្ញវត្ថុ​តាម​សន្យា​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​
11, Sep 2018 , 8:59 pm        
រូបភាព
កិច្ចប្រជុំ​បន្ថែម​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​បានបញ្ចប់​ទៅដោយ​ភាពចម្រូងចម្រាស និង​ជាប់គាំង​នៅ​ចុង​សប្តាហ៍​នេះ​នា​ក្រុង​បាងកក​។  ប្រទេស​កំពុង​អភិវឌ្ឍ​ចោទប្រកាន់ថា ប្រទេស​អ្នកមាន​ជាពិសេស​អាមេរិក​ព្យាយាម​ធ្វើ​ឲ្យ​ការចរចា​ជាប់គាំង​ជាពិសេស​លើ​លក្ខខណ្ឌ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ក្រីក្រ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។​


 
​បញ្ហា​ចម្រូងចម្រាស និង​ខ្វែងគំនិត​គ្នា​ខ្លាំង​ដែល​កើតឡើង​ក្នុង​កិច្ចប្រជុំ​ពិសេស​នា​ក្រុង​បាងកក​នោះ​គឺ រឿង​ហិរញ្ញវត្ថុ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​គាំទ្រ​ប្រទេស​កំពុង​អភិវឌ្ឍ​ដោះស្រាយ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​។ 
 
​អនុលោម​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ ប្រទេស​អភិវឌ្ឍ​ត្រូវ​ប្រមែរ​ប្រមូល​ថវិកា​ឲ្យ​បាន ១០០ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ចាប់ពី​ឆ្នាំ ២០២០ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ បើ​គ្មាន​ថវិកា​នេះ ការអនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ដែលជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ និង​ការប្តេជ្ញាចិត្ត​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​មិនអាច​សម្រេច​ជោគជ័យ​ឡើយ​។​
 
​ប៉ុន្តែ​ចំណុច​ប្រទាំង​ប្រទើស​បំផុត​នោះ​គឺ កិច្ចព្រមព្រៀង​នេះ​មិន​បានចែង​កំណត់​ច្បាស់លាស់​ទេ​ថា ហិរញ្ញវត្ថុ ១០០​ពាន់​លាន​ដុល្លារ​នោះ​ត្រូវ​គ្រប់គ្រង​ដោយ​របៀប​ណា ឬ​ត្រូវ​ផ្តល់​ឲ្យ​ប្រទេស​ទាំងនោះ​ដោយ​របៀប​ណា ហើយ​វា​អាច​ត្រូវ​ផ្តល់​ឲ្យ​ក្រោមរូបភាព​ជា​កម្ចី ឬ​យ៉ាងដូចម្តេច​ទេ​។ បញ្ហា​មួយទៀត​គឺ គេ​មិនទាន់​អាច​កំណត់​ច្បាស់​ថា តើ​ប្រទេស​ទទួល​ហិរញ្ញវត្ថុ​នោះ​ត្រូវមាន​តម្លាភាព​កម្រិតណា​ឡើយ​ក្នុងការ​អនុវត្ត​សកម្មភាព​របស់ខ្លួន​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​អូស្ត្រាលី The Australian សហរដ្ឋអាមេរិក​ដែល​បានប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ទៅហើយនោះ ត្រូវ​ប្រតិភូ​អា​ហ្រិ្វ​ក​ចោទប្រកាន់ថា បាន​ព្យាយាម​បំពុល​កិច្ចពិភាក្សា​នៅ​ក្រុង​ប៉ាង​កក​ដោយ​មិន​បង្ហាញ​ជំហរ​ច្បាស់លាស់​លើ​វិធានការ​គ្រប់​គ្រង់​ហិរញ្ញវត្ថុ​។ អូស្ត្រាលី ជប៉ុន និង​សហភាព​អឺរ៉ុប​ក៏មាន​ជំហរ​ស្រដៀង​នឹង​អាមេរិក​ដែរ​ជុំវិញ​បញ្ហា​ហិរញ្ញវត្ថុ​ដ៏​ចម្រូងចម្រាស​នេះ​។​
 
​លោក Harjeet Singh តំណាង​ឲ្យ​អង្គការ ActionAid International បាន​អះអាងថា កិច្ចព្រមព្រៀង​ក្រុងប៉ារីស​កំពុងស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដោយសារ​ប្រទេស​អ្នកមាន និង​អភិវឌ្ឍ​លេបសម្តី​ខ្លួន និង​បដិសេធ​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ពី​ទំហំ​ហិរញ្ញវត្ថុ​ដែល​គេ​ត្រៀម​ផ្តល់​ឲ្យ​ប្រទេស​ក្រីក្រ​។​
 
​សកម្មជន​អាកាសធាតុ​រូបនេះ​បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖« ក្រុម​ប្រទេស​អ្នកមាន​ដឹកនាំ​ដោយ​អាមេរិក អូស្ត្រាលី ជប៉ុន និង​សហភាព​អឺរ៉ុប​បដិសេធ​បង្ហាញ​ទំហំ​ហិរញ្ញវត្ថុ​ដែល​គេ​នឹង​ផ្តល់​ឲ្យ​ប្រទេស​ក្រី​ក្រី និង​កំណត់ថា ហិរញ្ញវត្ថុ​ទាំងនោះ​ត្រូវ​ផ្តល់​ឲ្យ​ក្នុង​រូបភាព​របៀប​ណា​ផង​។ បើសិនជា​ពួកគេ​នៅ​បន្ត​រក្សា​ជំហរ​បែបនេះ និង​នៅ​បរាជ័យ​ក្នុង​បន្ធូរបន្ថយ​លក្ខខណ្ឌ សន្ធិសញ្ញា​ដែល​យើង​មាន​ប្រហែលជា​នឹង​ដួលរលំ​»​។​
 
​ចំណែក​អ្នកវិភាគ​គោលនយោបាយ​អង្គការ Oxfam លោកស្រី Tracy Carty មើលឃើញ​កិច្ចព្រមព្រៀង​ប៉ារីស​នេះ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដូចគ្នា​ដែរ​។ លោកស្រី​ជឿជាក់ថា បើសិន​ប្រទេស​អ្នកមាន​ទាំងនោះ​មិន​ប្រឹងប្រែង​បញ្ចប់​ភាពជាប់គាំង​នេះ​ត្រឹម​ពេល​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៤ ចាប់ផ្តើម​នៅ​ប៉ូឡូញ​ទេ បញ្ហា​ធំ​នឹង​កើតឡើង​មិន​ខាន​។ 
 
​តាមពិតទៅ កិច្ចប្រជុំ​បន្ទាន់​នៅ​ក្រុង​បាងកក​ត្រូវ​រៀបចំឡើង​ក្នុង​ខែ​នេះ​គឺ​ដើម្បី​ជំរុញ​បញ្ចប់​ការចរចា​បង្កើត​សៀវភៅ​ណែនាំ (Rule Book) ស្តីពី​ការអនុវត្ត និង​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​អាកាសធាតុ​ឆ្នាំ ២០១៥  មុន​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៤ ចាប់ផ្តើម​ឡើង​នៅ​ក្រុង Katowice ប្រទេស​ប៉ូឡូញ​ចុងឆ្នាំ​នេះ​។​
 
​ទាក់ទិន​នឹង​ហិរញ្ញវត្ថុ​នេះ​ផងដែរ កាលពី​ខែឧសភា​កន្លងទៅ អង្គការ Oxfam បាន​បញ្ចេញ​របាយការណ៍​មួយ​ដែល​បង្ហាញថា ប្រទេស​អ្នកមាន​មិនអាច​សម្រេច​ការសន្យារ​បស់​ខ្លួន​ដោយ​ផ្តល់​ហិរញ្ញវត្ថុ ១០០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០ ឡើយ​។ របាយការណ៍​នេះ​កត់សម្គាល់ថា ចន្លោះ​ពី​ឆ្នាំ ២០១៥-២០១៦ ប្រទេស​អភិវឌ្ឍ​បានផ្តល់​ហិរញ្ញវត្ថុ ទំហំ​ត្រឹម ៤៨ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​ជិត​ស្មើនឹង ៥០​ភាគរយ​នៃ​ទំហំ​ហិរញ្ញវត្ថុ​សរុប​ប៉ុណ្ណោះ​។​
 
​សូមបញ្ជាក់ថា ហិរញ្ញវត្ថុ ១០០​ពាន់​លាន​ដុល្លារ​ដែលជា​ចំណុច​ស្នូល​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​នឹងត្រូវ​ផ្តល់​ឲ្យ​បណ្តា​ប្រទេស​ក្រីក្រ​ដើម្បី​ជំរុញ​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច និង​ធានាបាន​នូវ​ការអនុវត្ត​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ជាពិសេស​គាំទ្រ​សហគមន៍​ងាយ​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ​ផង​។ គោលដៅ​សំខាន់​គឺ កម្រិត​សីតុណ្ហភាព​ពិភពលោក​កុំ​ឲ្យ​កើនឡើង​ហួស ១,៥ អង្សា​សេ (​ច្រើន​បំផុត ២ អង្សា​សេ​) ត្រឹម​ឆ្នាំ ២១០០៕
 

Tag:
 ហិរញ្ញវត្ថុ​
  ប្រែប្រួល​អាកាសធាតុ​
  អាមេរិក​
  អូស្ត្រាលី​
 ​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com