ជាតិ
សេដ្ឋកិច្ច
ប្រមុខរដ្ឋាភិបាល បន្តស្នើឲ្យវិនិយោគិនចិនសម្លឹងមើលឱកាសបោះទុននៅកម្ពុជា រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
× ភ្នំពេញ៖ ក្នុងឱកាសចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅខេត្តក្វាងស៊ីប្រទេសចិន ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុនចិនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្ដេច ហ៊ុន សែន បានថ្លែងប្រាប់ក្រុមហ៊ុនចិនថា រដ្ឋាភិបាលអាណិត្តថ្មីនេះ នឹងបន្តជំរុញលើកទឹកចិត្ត និងផ្ដល់ការគាំពារខ្ពស់ចំពោះអ្នកវិនិយោគទុនបរទេសទាំងអស់ ដែលមានវិនិយោគិនចិននោះផងដែរ។ សម្ដេចថ្លែងបែបនេះក្នុងកិច្ចសន្ទនាតុមូលដែលមាននាយកប្រតិបត្តិក្រុមហ៊ុនចិនធំៗជាច្រើនចូលរួម នៅថ្ងៃទី១១ខែកញ្ញា។
សម្ដេចនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រុមហ៊ុនចិនសំឡឹងមើលឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត ព្រោះកម្ពុជាមានសក្ដានុពលជាច្រើនក្នុងការវិនិយោគ និងដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។
បើតាមសម្ដេច ហ៊ុន សែន ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ចិន បានកើនដល់ ៥,៨ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៧ កើន ២២ភាគរយបើធៀបនឹងឆ្នាំ២០១៦។ រីឯការវិនិយោគផ្ទាល់របស់ចិនមានចំនួន ១,៦ពាន់លានដុល្លារនៅឆ្នាំ២០១៧ ធៀបនឹង ៩០០លានដុល្លារនៅឆ្នាំ២០១៦ ហើយក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៨នេះ ការវិនិយោគនេះមានទំហំ ២,៨ពាន់លានដុល្លារ។
អ្នកទេសចរចិនមកទស្សនាកម្ពុជាមានចំនួន ៩៣ម៉ឺននាក់ក្នុងឆមាសទី១ឆ្នាំ២០១៨ កើន៧៦ភាគរយ ខណៈក្រុមហ៊ុនអាកាសចរចិនចំនួន ១៦ កំពុងប្រតិបត្តិការហោះហើរត្រង់ពីចិនមកកម្ពុជា ហើយក្រុមហ៊ុន Air China នឹងបើកការហោះត្រង់ពីទីក្រុងប៉េកាំងមកភ្នំពេញនៅខែវិច្ឆិកា ខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com