អន្តរជាតិ
អាមេរិក​ចំណាយលុយ ១,៥ ទ្រី​លាន​ដុល្លារ​លើ​សង្គ្រាម​នៅ​បរទេស ចាប់ពី​ការវាយប្រហារ​ថ្ងៃ ១១ ខែកញ្ញា​
11, Sep 2018 , 5:50 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី ១១ ខែកញ្ញា​ឆ្នាំនេះ​ជា​ខួប ១៧ ឆ្នាំ​នៃ​ការវាយប្រហារ​លើ​អាគារ​ពាណិជ្ជកម្ម​ពិភពលោក​ដោយ​ក្រុម​ភេរវជន​អាល់​កៃ​ដា​។ រាប់​ចាប់ពី​ឆ្នាំ ២០០១ មកដល់​បច្ចុប្បន្ននេះ​សហរដ្ឋអាមេរិក​បាន​ចំណាយលុយ​ប្រហែល​រាប់​ទ្រី​លាន​ដុល្លារ​លើ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។


 
​របាយការណ៍​ក្រសួងការពារជាតិ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​ទី ១១ ខែកញ្ញា​នេះ​បាន​បង្ហាញថា  សហរដ្ឋអាមេរិក​បាន​ចំណាយលុយ​ប្រហែល ១,៥ ទ្រី​លាន​ដុល្លារ​ចាប់ពី​ការវាយប្រហារ​ថ្ងៃ ១១ ខែកញ្ញា​ឆ្នាំ ២០០១ មកនេះ​ដើម្បី​ធ្វើសង្គ្រាម​។ 
 
​យោងតាម​សារព័ត៌មាន CNBC របាយការណ៍​ក្រសួង​ខាងលើ​បាន​បញ្ជាក់ថា ប្រតិបត្តិការ​យោធា​ធំៗ​បី​នាពេល​បច្ចុប្បន្ន​មានដូចជា ប្រតិបត្តិការ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​, ស៊ី​រី និង​អ៊ីរ៉ាក់ រួមទាំង​ប្រតិបត្តិការ​ពង្រឹងសមត្ថភាព​សន្តិសុខ​ក្នុងស្រុក (Operation Noble Eagle) ត្រូវ​ចំណាយលុយ​អស់ ១៨៥,៥​ពាន់​លាន​ដុល្លារ​ឯណោះ​។ 
 
​របាយការណ៍​ដដែល​នេះ​បាន​បន្ថែមថា ថវិកា​ទាំងនោះ​ត្រូវបាន​ប្រើប្រាស់​លើ​ការបំពាក់​បំប៉ន​សមត្ថ​ភាព សម្ភារៈ​យោធា និង​ជួសជុល​អាវុធ រួមទាំង​ចំណីអាហារ សម្លៀកបំពាក់ សេវា​សុខាភិបាល និង​ប្រាក់បៀវត្សរ៍​កងទ័ព​។ 
 
​តាមពិតទៅ ក្រោយ​ការវាយប្រហារ​លើ​អាគារ​ពាណិជ្ជកម្ម​ពិភពលោក អាមេរិក​ចាប់ផ្តើម​ប្រកា​សង្គ្រាម​ប្រឆាំង​ភេរវកម្ម ហើយ​ការចំណាយ​លើ​សង្គ្រាម​ចាប់ផ្តើម​ពី​ពេល​នោះដែរ​។ អា​ហ្វ​ហ្គា​នី​ស្ថាន​កាលនោះ​ក្លាយជា​គោលដៅ​ឈ្លានពាន​របស់​អាមេរិក​ដោយសារ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ក្រុង​តា​លី​បង់​បដិសេធ​ប្រគល់ អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន​ឲ្យ​អាមេរិក​នោះ​។ 
 
​ចាប់ពីពេលនោះ​មក​អាមេរិក​បន្ត​លង់ខ្លួន​ក្នុង​សង្គ្រាម​នេះ​រហូតមក​។ មកដល់​បច្ចុប្បន្ន អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​សង្គ្រាម​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដោយ​វា​មាន​អាយុកាល ១៧​ឆ្នាំ​ហើយ​។ ទោះ​មាន​ចេតនា​ចង់​ដក​កងទ័ព​ចេញ​ក៏ដោយ បច្ចុប្បន្ន​អាមេរិក​នៅសល់​ទប់​ប្រហែល ១៤​ពាន់​នាក់​ដែល​ពួកគេ​ភាគច្រើន​ដើរតួ​ជា​ទីប្រឹក្សាយោធា​សម្រាប់​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​។ 
 
​យ៉ាងណាមិញ រដ្ឋបាល​លោក ដូ​ណា​ល់​ត្រាំ បានបញ្ជាក់​ពី​គោលជំហរ​ក្នុងការ​គាំទ្រ​ការចរចា​បង្កើត​សន្តិភាព​រវាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាមួយ​ក្រុម​តា​លី​បង់​ដែរ​ដើម្បី​បញ្ចប់សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នេះ​។ 
 
​មុន​ដំណើរ​ទស្សនកិច្ច​មកកាន់​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មាន​សង្ឃឹមថា កិច្ចសន្ទនា​ស្វែងរក​សន្តិភាព​ជាមួយ​តា​លី​បង់​ដើម្បី​បញ្ចប់សង្គ្រាម​។ កន្លងមក​មន្ត្រី​ក្រសួងការបរទេស​អាមេរិក​ក៏បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ក្រុម​តា​លី​បង់​ដែរ​នៅ​ប្រទេស​កាតា​ដើម្បី​ធ្វើយ៉ាងណា​រៀបចំ​ការងារ​ស្នូល​សម្រាប់​ការឈាន​ទៅ​ចរចា​សន្តិភាព​ទ្រង់ទ្រាយ​ធំ​៕
 

Tag:
 អាមេរិក​
  អា​ហ្វ​ហ្គា​នី​ស្ថាន​
  សង្គ្រាម​ប្រឆាំង​ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com