ជាតិ
ទណ្ឌិតល្បីឈ្មោះ យម រាជ ស្លាប់ដោយសារជំងឺក្រិនថ្លើម និងទាចទឹក នៅពេទ្យរុស្ស៊ី
× ភ្នំពេញ៖ ទណ្ឌិត ហង្ស វុទ្ធី ហៅ យម រាជ ឬទិវា១៦ ដែលជាមនុស្សជំនិតរបស់លោក ហេង ពៅ អតីតស្នងការរាជធានីភ្នំពេញនោះ បានទទួលមរណភាព ដោយសារជំងឺជំងឺក្រិនថ្លើម ទាចទឹក និងសួត កាលពីថ្ងៃទី១០ កញ្ញា។ នេះបើតាមលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ។
លោក នុត សវនា បានបញ្ជាក់ថា ទណ្ឌិត យម រាជ ដែលមានវ័យ៤៨ឆ្នាំនេះ បានស្លាប់ នៅពេលព្យាបាលក្នុងមន្ទីរពេទ្យខ្មែរ -សូវៀត ។ ទណ្ឌិតរូបនេះស្លាប់ ក្រោមកម្រិតទោសជាប់ពន្ធនាគារសរុប៥១ឆ្នាំ។
លោក ហង្ស វុទ្ធី ហៅ យម រាជ ដែលជាអតីតនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានតុលាការកាត់ទោសកំបាំងមុខ ជាមួយលោក ហេង ពៅ , លោក លី រ៉ាស៊ី និង អ៊ុំ សំខេង ឲ្យជាប់ពន្ធនាគារ១៨ឆ្នាំ កាលពីឆ្នាំ២០០៨ ពីបទ« ប៉ុនប៉ងសម្លាប់» អតីតប្រធានសាខាអគ្គិសនីកម្ពុជាលោក គឹម ដារ៉ាវុធ កាលពីឆ្នាំ២០០៥។ ដោយឡែកនៅឆ្នាំ២០០៩ ទណ្ឌិត យម រាជ ត្រូវបានតុលាការសម្រេចកាត់ទោសកំបាំងមុខ ជាមួយ ព្រំ សុភារិទ្ធ ,លី រ៉ាស៊ី និង ហង្ស វុត្ថា ជាប់ពន្ធនាគារ១៥ឆ្នាំ ពាក់ព័ន្ធឃាតកម្មបាញ់សម្លាប់លោក សុក សេដ្ឋាមុនី ចៅក្រមសាលដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៣។
ទណ្ឌិត ហង្ស វុទ្ធី ធ្លាប់លួចរត់ចេញពីពន្ធនាគារកាលពីឆ្នាំ២០០៦ ទៅបន្លំលាក់ខ្លួនជាកម្មករនេសាទនៅខេត្តកំពត និងកម្មករអូសរទេះនៅប៉ោយប៉ែត។ ក្រោយលួចរត់ចេញពីពន្ធនាគារបាន៦ឆ្នាំ ពោលគឺឆ្នាំ២០១២ ទណ្ឌិតរូបនេះ បានចូលខ្លួនសារភាពទោសកំហុសវិញ តាមរយៈការអន្តរាគមពី អង្គការការពារសិទ្ធិមនុស្សលីកាដូនិងក្រសួងមហាផ្ទៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com