អន្តរជាតិ
រុស្ស៊ីនិងចិនកាន់តែខិតជិតគ្នា ខណៈទំនាក់ទំនងជាមួយអាមេរិកមិនល្អដូចគ្នា ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន (រូបភាព Xinhua)
× ទំនាក់ទំនងរវាងរុស្ស៊ី និងចិនកាន់តែល្អប្រសើរ ខណៈដែលទំនាក់ទំនងជាមួយអាមេរិកក៏ល្អក់កករដូចគ្នាដែរ។ មិនថាវិស័យសេដ្ឋកិច្ច ឬវិស័យយោធាឡើយ រុស្ស៊ីនិងចិនបានខិតជិតគ្នាខ្លាំងៗ ដើម្បីការពារប្រយោជន៍របស់រៀងៗខ្លួន និងដើម្បីទប់ទល់នយោបាយគាំពារនិយមរបស់អាមេរិក។ នាជំនួបនៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន ស៊ី ជិនភីង ក៏ព្រមព្រៀងគ្នាការពារយុត្តិធម៌អន្តរជាតិ និងសន្តិភាពពិភពលោក។
ប្រធានាធិបតីចិន ស៊ី ជិនភីង បានចូលរួមក្នុងកិច្ចប្រជុំសេដ្ឋកិច្ចដ៏ធំនៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក តាមការអញ្ជើញរបស់សមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ។ លោក ស៊ី ធ្វើដំណើរទៅរុស្ស៊ី បន្ទាប់ពីសម្រេចចិត្តមិនទៅកូរ៉េខាងជើងដើម្បីចូលរួមបុណ្យខួបទី៧០ឆ្នាំនៃការបង្កើតរដ្ឋកុម្មុយនីស្តមួយនេះ តែបញ្ជូនតំណាងទៅជំនួសវិញ។ ក្នុងជំនួបនៅទីក្រុងនាតំបន់ចុងបូព៌ា មេដឹកនាំរុស្ស៊ី និងចិនបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងនៅលើឆាកអន្តរជាតិផង។
ជំនួបរវាងប្រធានាធិបតីរុស្ស៊ី និងចិនធ្វើឡើង ស្របពេលដែលទំនាក់ទំនងរវាងមហាអំណាចទាំងពីរនេះជាមួយនឹងអាមេរិកកំពុងតែយ៉ាប់យ៉ឺនខ្លាំង។ រុស្ស៊ី រងទណ្ឌកម្មរបស់អាមេរិក ដោយសារការចោទប្រកាន់ថា ខ្លួនលូកលាន់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ឯចិនវិញកំពុងតតាំងជាមួយអាមេរិកក្នុងជម្លោះពាណិជ្ជកម្មរហូតដល់មានការដាក់ពន្ធនាំចូលលើទំនិញរៀងៗខ្លួនក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារឯណោះ។
ទំនងមានគូប្រជែងរួមបែបនេះ រុស្ស៊ី និងចិនបានចាប់ដៃគ្នាបង្កើនកិច្ចសហប្រតិបត្តិទ្វេភាគីលើវិស័យដែលមានអាទិភាពរួមគ្នា។ អំឡុងពេលជជែកគ្នានៅថ្ងៃទី១១ ខែកញ្ញា លោក ពូទីន និយាយថា រុស្ស៊ីមានទំនាក់ទំនងគួរឲ្យទុកចិត្តជាមួយចិនលើវិស័យការពារជាតិ នយោបាយ និងសន្តិសុខ។ ដោយមិននិយាយចំឈ្មោះអាមេរិក លោក ពូទីន ក៏ប្រកាសដែរថា រុស្ស៊ី និងចិន នឹងប្រឆាំងដាច់ខាតឯកតោភាគីនិយម ការពារយុត្តិធម៌ និងសម្រេចឲ្យបានការអភិវឌ្ឍរួមគ្នា។
ស្រដៀងប្រធានាធិបតីរុស្ស៊ីដែរ លោក ស៊ី បានស្នើឲ្យចិន និងរុស្ស៊ីរួមដៃគ្នាប្រឆាំងចរន្តគាំពារនិយមក្នុងវិស័យពាណិជ្ជកម្ម និងគោរពឲ្យខ្ជាន់ខ្ជួនធម្មនុញ្ញអង្គការសហប្រជាជាតិ។ យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ប្រធានាធិបតីចិនក៏អំពាវនាវឲ្យប្រទេសទាំងពីររួមគ្នាបង្កើតប្រព័ន្ធទំនាក់ទំនងអន្តរជាតិថ្មី ព្រមទាំងសហគមន៍ដែលមានអនាគតរួមដើម្បីមនុស្សជាតិផង។
អំឡុងពេលទស្សនកិច្ចរបស់លោក ស៊ី នៅតំបន់ភាគកើតរុស្ស៊ីនេះ ក្រុមហ៊ុនចិន និងរុស្ស៊ី ក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មផងដែរ។ ក្រោមក្របខណ្ឌគណៈកម្មាធិការប្រឹក្សាធុរកិច្ចរុស្ស៊ី-ចិន ភាគីទាំងពីរកំពុងពិចារណាលើគម្រោងរកស៊ីចំនួន៧៣ ដែលមានទំហំទឹកប្រាក់ច្រើនជាង១០០ពាន់លានដុល្លារឯណោះ។ ក្នុងចំណោមគម្រោងទាំងនេះ មានគម្រោង៧ បានអនុវត្តរួចហើយដែលមានតម្លៃចំនួន៤,៦ពាន់លានដុល្លារ។
អ្វីគួរឲ្យកត់សម្គាល់នោះ ខណៈលោក ស៊ី ជួបលោក ពូទីន នៅវ្ល៉ាឌីវ៉ូស្តុក យោធាចិន និងរុស្ស៊ីកំពុងធ្វើសមយុទ្ធរួមគ្នានៅភាគខាងកើតស៊ីបេរី។ ជាសមយុទ្ធដ៏ធំមិនធ្លាប់មានក្នុងពេលបីទសវត្សរ៍មកនេះ ទាហានរុស្ស៊ីចំនួនជាង៣សែននាក់ ជាមួយនឹងរថក្រោះច្រើនជាង៣ម៉ឺនគ្រឿង យន្តហោះជាង១ពាន់គ្រឿង និងនាវាចម្បាំងជាង៨០គ្រឿង បានចូលរួមក្នុងសមយុទ្ធនេះ ខណៈចិនបានបញ្ជូនទាហានជាង៣ពាន់នាក់ និងយុទ្ធោបករណ៍ជាច្រើនមុខផ្សេងទៀត៕
Tag:
អាមេរិក
រុស្ស៊ី
ចិន
វ្ល៉ាឌីមៀ ពូទីន
ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com