ជាតិ
៧​ខេត្ត អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ម្តងទៀត​នៅ​ចុង​សប្តាហ៍​នេះ
12, Sep 2018 , 11:46 am        
រូបភាព
​ភ្នំពេញ​៖ ខេត្ត​ចំនួន​៧ នឹង​ប្រឈមមុខ​ជាមួយ​ជំនន់​ទឹកភ្លៀង​សារជាថ្មី​នៅ​ចុង​សប្តាហ៍​នេះ​។ ខេត្ត​ទាំងនោះ មាន ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​។ លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រាប់​សារព័ត៌មាន​Thmey Thmey ព្រឹក​ថ្ងៃទី​១២​កញ្ញា ថា បើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ ក្នុង​កម្រិត​៥០ ទៅ​២០០​មី​លី​ម៉ែត្រ ខេត្ត​ទាំងនោះ​នឹងរង​នូវ​ការលិចលង់​ជាមិនខាន​។

 
 
​លោក កែវ វី បានបញ្ជាក់​ដូច្នេះ​ថា​៖ «​កម្រិត​ទឹកភ្លៀង​នេះ គឺ​មិន​បង្ក​អ្វី​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ ដូច​ជំនន់​ទឹកភ្លៀង ក្នុងអំឡុង​ខែកក្កដា​ទេ​។  ប៉ុន្តែ​ក៏​អាស្រ័យ ទៅលើ​អាកាសធាតុ​ជាក់ស្តែង​ផងដែរ​។ ថា​តើ​កម្ពុជា ក្នុង​រយៈពេល​នេះ រង​នូវ​ឥទ្ធិពល​ស​ម្ពា​ស​ផ្សេងៗ ពី​ប្រទេសជិតខាង ដែរ​ឬ​អត់​»​។  
 
​ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៨ គ្រោះទឹកជំនន់​បានធ្វើ​ឲ្យ​ប៉ះពាល់​២២​រាជធានី​-​ខេត្ត លើកលែង​ខេត្ត​មណ្ឌល​គី​រី សៀមរាប និង​ខេត្តបន្ទាយមានជ័យ​។  ចំនួន​២២​ខេត្ត​ដែល​ប៉ះពាល់​នោះ មានស្រុក​ចំនួន​៩១ និង​ឃុំ​-​សង្កាត់​ចំនួន​៤១១ ត្រូវបាន​លិចលង់ ដោយសារ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ​។ 
 
​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​មាន​ជាង ១២​ម៉ឺន​គ្រួសារ​។ ក្នុងនោះ ប្រជាពលរដ្ឋ​ដែល​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​មាន​ជាង​១១​ពាន់​គ្រួសារ និង​មាន​មនុស្ស​ស្លាប់ ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​មាន ៤៤​នាក់​។​
 
​ដោយឡែក ដំណាំ​ស្រូវ​ប៉ះពាល់​ប្រមាណ ៨២​ពាន់​ហិកតា មានការ​ខូចខាត​ជិត ៤​ម៉ឺន​ហិកតា និង​ដំណាំ​រួមផ្សំ មានការ​ខូចខាត​ទាំងស្រុង​ប្រមាណ ៥​ពាន់​ហិកតា​៕ 
 

Tag:
 ទឹកជំនន់​
  កែវ វី​
© រក្សាសិទ្ធិដោយ thmeythmey.com