ជាតិ
សុខភាព
សម្តេចព្រះ​វររាជ​មាតា​៖ វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ ជា​វីរបុរស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩២​មក​
12, Sep 2018 , 2:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ពី​រដ្ឋធានី​ប៉េកាំង សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បាន​ផ្ញើរ​ព្រះរាជ​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ ស្ថាបនិក​មូលនិធិ​គន្ធបុប្ផា ដែល​ព្រះអង្គ​ចាត់ទុកថា ជា​វីរបុរស​របស់​កម្ពុជា​មួយ​។​

 
​ក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃទី​១២ ខែកញ្ញា ទៅកាន់​លោក Rene Schwartzenbach និង​លោក Peter Studer ដែលជា​ប្រធាន និង​អនុប្រធាន​មូលនិធិ​មន្ទីរពេទ្យ សម្តេចព្រះរ​វ​រាជមាតា បាន​សំដែង​ព្រះទ័យ​សោកស្តាយ​ចំពោះ ដំណឹង​មរណភាព​លោក បេ​អាត រី​ច​ឈ្នឺ​រ ក្នុង​អាយុ​៧១​ឆ្នាំ​។​
 
​សម្តេចម៉ែ មាន​ព្រះរាជចំណារ​ថា​៖ «​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ គឺជា​វីរបុរស​ម្នាក់​របស់​ក​ម្ពុ​ជា ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។ លោក​បាន​ផ្តួចផ្តើម​បង្កើត​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ភ្នំពេញ បន្ទាប់មក​នៅ​សៀមរាប​។ អស់​រយៈពេល​ជាង​២០​ឆ្នាំ ហើយ​បន្ត​ដល់​បច្ចុប្បន្ននេះ កុមារ​រាប់ម៉ឺន​នាក់​រស់រានមានជីវិត និង​រាប់លាន​នាក់​ផ្សេងទៀត ទទួល​ការព្យាបាល​ជាមួយនឹង​ការលះបង់ និង​ក្តី​ស្រឡាញ់​ខ្ពស់​»​។ 
 
​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា ទ្រង់​បាន​បន្ថែមថា បុរស​ដែលមាន​រហស្សនាម​ថា «Beatocello» ជា​មនុស្ស​ដែល​ព្រះអង្គ និង​សម្តេចព្រះ​វររាជបិតា នរោត្តម សីហនុ តែងតែ​កោតសរសើរ​។ គាត់​នឹង​ស្ថិតក្នុង​បេះដូង​ពលរដ្ឋ​ខ្មែរ​ជា​រៀង​ដរាប ពីព្រោះ​គាត់​គឺជា​ទេវតា​ដែល​បាន​សង្គ្រោះ​កុមារ​កម្ពុជា​៕

Tag:
 Beat Richner
  គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com