សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែកញ្ញា បានចេញសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ចថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក្នុងអាណត្តិទី៦នេះ។ ថ្នាក់ដឹកនាំទាំងនោះ មានរដ្ឋលេខាធិការចំនួន១៨នាក់ និងអនុរដ្ឋលេខាធិការ៣០នាក់។
សម្តេច ស ខេង ដែលទទួលខុសត្រូវដឹកនាំរួមក្នុងតួនាទីជារដ្ឋមន្ត្រី បានបញ្ជាក់ក្នុងសេចក្តីសម្រេចរបស់ខ្លួនថា កំណត់របៀបរបបការងារ និងបែងចែងភារកិច្ច សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ។
លោករដ្ឋលេខាធិការ សក់ សេដ្ឋា ជាអ្នកទទួលបន្ទុកប្រចាំការ និងជួយរដ្ឋមន្ត្រីលើការងារអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានអនុរដ្ឋលេខាធិការ៦នាក់ជួយដល់ការងាររបស់លោក ដែលក្នុងនោះរួមមាន លោក អ៊ុង សាមី លោក លួ រ៉ាមីន លោក លេង វី លោក អ៊ុំ ម៉ារ៉ា លោក អ៊ុត សំអន និងលោក កុល វីរក្ស។
ការជួយរដ្ឋមន្ត្រីលើការងារអគ្គស្នងការដ្ឋាននគរបាលជាតិ ជាទំនួលខុសត្រូវរបស់លោករដ្ឋលេខាធិការ តេង សាវង្ស ដោយមានជំនួយបន្ថែមពី លោក ស៊ាង ប៊ុនលាង លោក សួន ឈាងលី លោក មួន សារ៉ន និងលោក សោម ច័ន្ទឌីណា ដែលជាអនុរដ្ឋលេខាធិការ។
លោករដ្ឋលេខាធិការ អ៊ុក គឹមលេខ ជួយរដ្ឋមន្ត្រីលើការងារផែនសណ្តាប់ធ្នាប់ និងសាធារណៈ ហើយអនុរដ្ឋលេខាធិការដែលត្រូវជួយកិច្ចការរបស់លោកនោះ គឺលោក យុន ឈុន្នី និងលោក សួស អង្គារ៍។
ការងារអគ្គនាយកដ្ឋានពន្ធនាគារ ជាបន្ទុករបស់លោករដ្ឋលេខាធិការ ប៉ាវ ហមផាន និងលោកអនុរដ្ឋលេខាធិការ ហេង ហាក់ ខណៈលោករដ្ឋលេខាធិការ ងី ច័ន្ទ្រផល រ៉ាប់រងលើការងារទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ ការងារអាស៊ាន និងកិច្ចការក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដោយមានជំនួយពីលោក ឡុង ផល និងលោក ពឹម សំណាង ជាអនុរដ្ឋលេខាធិការ។
លោកស្រី ជូ ប៊ុនអេង ជារដ្ឋលេខាធិការដែលទទួលជួយរដ្ឋមន្ត្រីលើការងារប្រឆាំងការជួញដូមនុស្ស និងយេនឌ័រ រួមជាមួយអនុរដ្ឋលេខាធិការបីរូបទៀត គឺលោកស្រី ជួញ សុឆៃ លោកស្រី ព្រំ ចន្ថា និងលោកស្រី អុង សុភាវី។
លោករដ្ឋលេខាធិការ ចាន់ អ៊ាង ទទួលបន្ទុកលើការងារបុគ្គលិកផ្នែកនគរបាលជាតិ បណ្ឌិត្យសភានគរបាលកម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្ស លោករដ្ឋលេខាធិការ កៅ ខុនដារ៉ា កាន់កាប់ការងារពាក់ព័ន្ធជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ការងារស្ថាបនា និងវិស្វកម្ម និងផ្នែកហិរញ្ញវត្ថុស៊ីវិល។
លោករដ្ឋលេខាធិការ ខៀវ សុភ័គ ទទួលបន្ទុកផ្នែកអគ្គលេខាធិការដ្ឋាន និងមានតួនាទីជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី ដោយមានជំនួយពីលោកស្រីអនុរដ្ឋលេខាធិការ មឿង ស៊ាងសេង។ ការងារអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជាទំនួលខុសត្រូវរបស់លោករដ្ឋលេខាធិការ ម៉ៅ ប៊ុនណារិន និងលោកអនុរដ្ឋលេខាធិការ ឯម សំណាង។
លោករដ្ឋលេខាធិការ ម៉ៅ ច័ន្ទតារា និងលោកអនុរដ្ឋលេខាធិការ ឌី សុកផាន ទទួលខុសត្រូវលើការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រីឯការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានលោករដ្ឋលេខាធិការ សុខ ផល ជាអ្នកទទួលបន្ទុក អមដោយអនុរដ្ឋលេខាធិការ២រូបគឺលោក ប៉ូលី ដា និងលោក ផាង ពៅ។
ការងារក្រុមប្រឹក្សានីតិកម្ម សមាគម និងអង្គការក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយ ជាបន្ទុករបស់លោករដ្ឋលេខាធិកា ប៊ុន ហុន ដោយមានជំនួយពីលោក ផុន ប៊ុនថាល់ ដែលជាអនុរដ្ឋលេខាធិការ។
លោក ហ៊ុយ វណ្ណៈ ជារដ្ឋលេខាធិការដែលទទួលជួយរដ្ឋមន្ត្រីលើការងារផ្សព្វផ្សាយអប់រំ និងវិស័យកីឡាក្រសួងមហាផ្ទៃ ស្របពេលដែលលោករដ្ឋលេខាធិការ មៀច សុផាន់ណា បន្តគ្រប់គ្រងលើការងារប្រឆាំងផលិតផលក្លែងក្លាយ ដោយមានលោកអនុរដ្ឋលេខាធិការ កឹម ជាតិ ជួយកិច្ចការនេះ។
ការងារអគ្គាធិការដ្ឋានជាទំនួលខុសត្រូវរបស់លោករដ្ឋលេខាធិការ អង មង្គល និងលោកអនុរដ្ឋលេខាធិការ រស់ វរុណ។ រីឯលោក ង៉ាន់ ចំរើន ជារដ្ឋលេខាធិការដែលទទួលជួយរដ្ឋមន្ត្រីលើការងារលេខាធិការដ្ឋានគណៈកម្មធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលមានជំនួយពីលោក ឡាយ ណាវុធ ជាអនុរដ្ឋលេខាធិការ។
លោក ឡាំ ជា រដ្ឋលេខាធិការដែលជួយរដ្ឋមន្ត្រីលើការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងច្បាប់អន្តរជាតិ ដោយលោកត្រូវរ៉ាប់រងការងារជាមួយលោកអនុរដ្ឋលេខាធិការ សុខ សារីវុធ។ដោយឡែកលោក សំរិទ្ធ ឌី ដែលជាអនុរដ្ឋលេខាធិការ ទទួលបន្ទុកដោយផ្ទាល់ក្នុងការជួយរដ្ឋមន្ត្រីលើការងារផែនការនគរបាលព្រំដែន និងមានជំនួយបន្ថែមពីអនុរដ្ឋលេខាធិការម្នាក់ទៀត គឺលោក សុខ មុនី។
ដោយឡែកលោក ជួន សុវណ្ណ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ដែលដំបូងឡើយ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងនោះ បានប្តូរទៅកាន់តំណែងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនវិញដោយមានឋានៈស្មើរដ្ឋមន្ត្រី៕