អន្តរជាតិ
ចិន​ចង់ WTO បើកផ្លូវ​ក្នុងការ​ដាក់ទណ្ឌកម្ម​ត​ម្លៃ​៧​ពាន់​លាន​ដុល្លារ​លើ​អាមេរិក​
12, Sep 2018 , 9:19 pm        
រូបភាព
ដោយ:
​ចិន បាន​ប្រាប់​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅ​ថ្ងៃទី​១១ កញ្ញា​ថា ខ្លួន​ចង់​ដាក់ទណ្ឌកម្ម ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​លើ​សហរដ្ឋអាមេរិក​។ បំណង​នៃ​ការដាក់ទណ្ឌកម្ម​នេះ គឺ​ដោយសារ​ខ្លួន​បានឈ្នះ​ក្តី​ជុំវិញ​រឿង​ដំឡើង​ពន្ធ​របស់​អាមេរិក​។


​ការស្នើសុំ​សម្រាប់​អនុញ្ញាត​ពី WTO ដើម្បី​ដាក់ទណ្ឌកម្ម​លើ​អាមេរិក​នេះ ទំនងជា​ធ្វើ​ឲ្យ​កើតមាន​ជម្លោះ​តាមផ្លូវ​ច្បាប់​ជាច្រើន​ឆ្នាំ ជុំវិញ​រឿងក្ដី​សម្រាប់​ការដាក់ពិន័យ និង​ចំនួន​ទឹកប្រាក់​ដែល​ខាតបង់​ពី​ការដំឡើង​ពន្ធ​របស់​អាមេរិក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ក្រុង​ប៉េកាំង បានចាប់ផ្ដើម​ជម្លោះ​នេះ កាលពី​ឆ្នាំ​២០១៣ ដោយបាន​ប្ដឹង​អាមេរិក​ពាក់ព័ន្ធ​នឹង​ការដំឡើង​ពន្ធ​លើ​ឧស្សាហកម្ម​ចិន​មួយចំនួន រួមមាន គ្រឿងយន្ត គ្រឿង​អេឡិចត្រូនិក ឧស្សាហកម្ម​ធន​ស្រាល និង​គ្រឿង​ដែក​ជាដើម​។ ការនាំចេញ​ផលិតផល​ទាំងនោះ​ក្នុង​មួយឆ្នាំៗ គឺមាន​តម្លៃ​ប្រមាណ ៨,៤​ពាន់​ដុល្លារ នៅពេលនោះ​។​
 
​ការស្នើសុំ​របស់​ចិន​សម្រាប់​ការអនុញ្ញាត​ដាក់ទណ្ឌកម្ម ដែល​ត្រូវបាន WTO ចេញផ្សាយ​ជា​សាធារណៈ​កាលពីពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា ទិន្នន័យ​ចុងក្រោយបង្អស់​ដែលមាន​នោះ បាន​បង្ហាញថា ចិន​បាន​រង​ការខាតបង់​ទឹកប្រាក់​ប្រមាណ​ជាង ៧,០៤៣​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​។ ដូច្នេះហើយ ចិន​ចង់​ស្នើសុំ​ការអនុញ្ញាត​ដើម្បី​ដំឡើង​រនាំង​ពាណិជ្ជកម្ម​លើ​ទំនិញ​អាមេរិក ស្មើនឹង​ចំនួន​ដែល​ខ្លួន​ខាតបង់ ដោយយោង​ទៅតាម​ច្បាប់រ​បស់ WTO​។​
 
​គួររម្លឹកថា ចិន បាន​ឈ្នះក្តី​របស់ WTO នៅក្នុង​ជម្លោះ​នេះ កាលពី​ឆ្នាំ​២០១៦ ហើយ​ការកាត់ក្តី​នេះ ក៏ត្រូវ​បានបញ្ជាក់​ឡើង​វិញ ដោយ​បណ្ដឹងឧទ្ធរណ៍​ផងដែរ កាលពី​ឆ្នាំមុន​។ ក្រោយ​ចាញ់ក្តី លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ខែ​មុន ព្រមាន​នឹង​ដក​អាមេរិក​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ ប្រសិនបើ​ពួកគេ​មិន​ធ្វើកំណែទម្រង់​ឲ្យ​ខ្លាំង​ជាង​មុន​នោះទេ​។ 
 
​យ៉ាងណាមិញ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រាប់ WTO កាលពី​ខែ​មុន​ថា ពេលវេលា​កំណត់​សម្រាប់​សហរដ្ឋអាមេរិក​ដើម្បី អនុលោម​តាម​ការកាត់ក្តី​នេះ បាន​ហួសពេល​ទៅហើយ កាលពី​ថ្ងៃទី​២២ សីហា​កន្លងទៅ​។ 
 
​ទាក់ទិន​នឹង​រឿងនេះ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) កាលពី​ថ្ងៃទី​១១ កញ្ញា បានចេញ​ផ្សាយ​របៀបវារៈ​មួយ​សម្រាប់​កិច្ចប្រជុំ​របស់​ភ្នាក់ងារ​ដោះស្រាយ​ជម្លោះ​របស់ខ្លួន ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២១ កញ្ញា​ខាងមុខ​។ ការបង្កើត​កិច្ចប្រជុំ​នេះ​ឡើង គឺ​ចង់​បង្ហាញថា ចិន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ចាត់វិធានការ​ផ្លូវច្បាប់ ដើម្បី​ស្នើសុំ​សម្រាប់​ការអនុញ្ញាត​ដាក់ទណ្ឌកម្ម​លើ​សហរដ្ឋអាមេរិក​៕
​ 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  WTO
© រក្សាសិទ្ធិដោយ thmeythmey.com