កីឡាអន្តរជាតិ
អន្តរជាតិ
UEFA គ្រោងបន្ថែមពានរង្វាន់លំដាប់ទី៣បន្ទាប់ពី UCL និង UEL នៅរដូវកាល ២០២១-២២
× សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) នៅថ្ងៃទី១១ ខែកញ្ញាថានឹងមានការប្រកួតប្រជែងពានរង្វាន់លំដាប់ទី៣មួយទៀត បន្ទាប់ពីពាន Champions League និង Europa League នៅរដូវកាល ២០២១-២០២២ ដោយមាន៣២ក្រុមក្នុងវគ្គចែកពូល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រធានសហព័ន្ធក្លិបកីឡាបាល់ទាត់តំបន់អ៊ឺរ៉ុប (ECA) លោក Andrea Agnelli បានប្រាប់សមាជិករបស់ខ្លួននៅក្នុងកិច្ចប្រជុំមួយនៅក្នុងក្រុង Split ប្រទេសក្រូអាស៊ី ថាពានរង្វាន់កម្រិតទី៣គ្រោងនឹងដំណើរការរួមជាមួយព្រឹត្តិការណ៍ដែលមានស្រាប់គឺពានលំដាប់កំពូលអឺរ៉ុប Champions League និងពានលំដាប់ទី២ Europa League។
ប្រធាន ECA និងជាប្រធានក្លិប Juventus ព្រមទាំងជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបផងនោះបានបន្ថែមថា សំណើបង្កើតពានរង្វាន់ខាងលើនឹងត្រូវកាត់បន្ថយចំនួនក្រុមក្នុងក្របខណ្ឌ Europa League ពី ៤៨ មកត្រឹម ៣២ ក្រុមវិញ ហើយក្របខណ្ឌ Champions League នៅរក្សារ ៣២ក្រុមដដែល។
«ភ្លើងបៃតង ត្រូវបានផ្តល់ឲ្យសម្រាប់ការប្រកួតប្រជែងពានលំដាប់ទី៣នេះហើយ ដែលនេះមានន័យថា មានក្លិបចំនួនសរុបចូលរួមរហូតដល់ ៩៦ក្រុមសម្រាប់ប្រភេទពានទាំង៣របស់ UEFA នៅរដូវកាលឆ្នាំ២០២១-២០២២»។ លោក Agnelli បញ្ជាក់ដូច្នេះ ហើយលោកបន្ថែមថានៅរង់ចាំតែ UEFA អនុម័តនៅពេលកិច្ចប្រជុំនាទីក្រុង Dublin សាធារណរដ្ឋអៀរឡង់ នៅខែធ្នូខាងមុខប៉ុណ្ណោះ។
កាលពីកន្លងមក ទ្វីបអឺរ៉ុបធ្លាប់បង្កើតពានរង្វាន់លំដាប់ទី៣ម្តងរួចមកហើយដែលមានឈ្មោះថា Cup Winners 'Cup ប៉ុន្តែត្រូវបានលុបចោលវិញក្នុងឆ្នាំ១៩៩៩៕
Tag:
បាល់ទាត់
UEFA
ECA
Andrea Agnelli
© រក្សាសិទ្ធិដោយ thmeythmey.com