ជាតិ
សង្គមជាតិ
រូបសំណាក​វេជ្ជបណ្ឌិត​បេ​អាត រី​ច​ឈ្នឺ​រ អាច​រួចរាល់​នៅ​សប្តាហ៍​ក្រោយ​
13, Sep 2018 , 2:09 pm        
រូបភាព
​ភ្នំពេញ​៖ រូបសំណាក លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ ដែល​សង់​ពី​ស្ពាន់​នឹង​រួចរាល់​នៅ​សប្តាហ៍​ក្រោយ​។  ឌី​ជេ អាចារ្យ​ធំ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​។ ឌី​ជេ អាចារ្យ​ធំ លោក តាន់ គឹម​សួរ និង​រួមជាមួយ​វិចិត្រករ​សូន​រូប​ម្នាក់ បាន​ផ្តួចផ្តើម​សង់​រូបសំណាក​នេះ ក្រោយ​ឮដំណឹង​មរណភាព​របស់លោក​វេ​ជ្ជ​បណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ​។


 
​បើតាម ឌី​ជេ អាចារ្យ​ធំ ការសង់​រូបសំណាក​ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​គោរព ស្រឡាញ់ និង​លើកតម្កើង​លោក​ដែល​ត្រូវបាន​ចាត់ទុកថា​វីរជន​សម្រាប់​ប្រជាជាតិ​កម្ពុជា​។ ទោះយ៉ាងណា ការសាងសង់​រូបសំណាក​នេះ គ្រោង​ចំណាយ​ប្រមាណ​២០០០​ដុល្លារ​ប៉ុណ្ណោះ ព្រោះ​វិចិត្រករ​សូន​រូបនេះ មិន​យកឈ្នួល​នោះទេ​។ 
 
​ឌី​ជេ អាចារ្យ​ធំ បញ្ជាក់​ដូច្នេះ​៖«​រូបនេះ​បាន​សង់​ចេញ​ជា​ពុម្ព​ហើយ​។ ថ្ងៃនេះ ខ្ញុំ​នឹង​យកប្រាក់​ខ្លះទៅ​ឲ្យ​ជាង ដើម្បី​ឲ្យ​គាត់​ទិញ​ស្ពាន់​ចាក់​ស្រោប ហើយ​យើង​ធ្វើ​រូបលោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ តាម​លទ្ធ​ភាពជា​មួយក្រុម​យើង ក៏ដូចជា​មិត្តភក្តិ​សិល្បករ​ផ្សេងទៀត​។ យើង​រៃ​គ្នា​ម្នាក់​៥០​ដុល្លារ ម្នាក់​១០០​ដុល្លារ តាម​លទ្ធភាព និង​មិន​ចង់​សាងសង់​អី ឲ្យ​អស់​ច្រើន​ទេ​។ សុខចិត្ត​យកប្រាក់​ដែល​នៅសល់ ទៅ​ឲ្យ​មូលនិធិ​គន្ធបុប្ផា​វិញ​ល្អ​ជាង​»​។ 
  


​យ៉ាងណាក៏ដោយ ឌី​ជេ អាចារ្យ​ធំ មិនទាន់​បញ្ជាក់​ពី​ទីតាំង​មន្ទីរពេទ្យ​មួយ ដែល​ក្រុម​ខ្លួន​នឹង​យក​រូបសំណាក​នេះ​ទៅ​តម្កល់​នៅឡើយ​។ លោក បញ្ជាក់ថា នឹង​ពិភាក្សា​ជាមួយ​មិត្តភក្តិ​ជាមុនសិន​។ 
 
​លោក​វេជ្ជបណ្ឌិត Beat Richner បានទទួល​មរណភាព​ដោយសារ​ជំងឺ​ក្នុង​វ័យ​៧១​ឆ្នាំ នៅក្នុង​ទីក្រុង Zurich​នៃ​ប្រទេស​ស្វី​ស នៅ​ថ្ងៃទី​៩ ខែកញ្ញា​។ លោក បេ​អាត រី​ច​ឈ្នឺ​រ ដែល​ត្រូវបាន​ចាត់ទុកជា​វីរបុរស​របស់​កុមារ​ខ្មែរ ដែល​បាន​រួមចំណែក​សង្គ្រោះ​អាយុជីវិត​កុមារ​ខ្មែរ​រាប់លាន​នាក់ តាមរយៈ​ការ​រៃអង្គាស​ថវិកា ជួយ​ដល់​ដំណើរការ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា ទាំង​នៅ​ភ្នំពេញ និង​នៅ​សៀមរាប នា​រយៈពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយនេះ​៕


Tag:
 រូបសំណាក​
 ​បេ​អាត រី​ច​ឈ្នឺ​រ​
 ​គន្ធបុប្ផា​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com