កីឡាអន្តរជាតិ
អន្តរជាតិ
Golovkin ថា​ជំនួប​លើក​ទី​២​ទល់នឹង Alvarez ជាការ​ប្រយុទ្ធ​ធំ​ផុត​ក្នុង​អាជីព​ប្រដាល់​
13, Sep 2018 , 9:19 pm        
រូបភាព
​អ្នក​ប្រដាល់​មិនដែល​ស្គាល់​ចាញ់ Gennady Golovkin និយាយថា​ការប្រកួត​លើក​ទី​២​ទល់នឹង Saul Canelo Alvarez ដើម្បី​ដឹង​ស​ខ្មៅ គឺ​១០០​ភាគរយ​ជាការ​ប្រយុទ្ធ​ដ៏​ធំ​បំផុត​ក្នុង​អាជីព​ប្រដាល់​របស់គេ​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​


 
Golovkin កំពូល​អ្នក​ប្រដាល់​របស់​កា​ហ្សា​ក់​ស្ថាន និង​កំពូល​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក Alvarez ធ្លាប់​ជួបគ្នា​ម្តង​រួចមកហើយ​កាលពី​ខែកញ្ញា​ឆ្នាំមុន​នៅ​សង្វៀន T-Mobile Arena ក្នុង​ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដោយ​អ្នក​ទាំង​ពីរបាន​ត្រឹម​ស្មើគ្នា​ប៉ុណ្ណោះ​ក្រោយ​ចប់​ការប្រកួត​១២​ទឹក និង​ជា​លទ្ធផល​មិន​អស់ចិត្ត​រៀងខ្លួន​។​
«​ខ្ញុំ​សង្ឃឹមថា​ការប្រកួត​នេះ​នឹង​ក្លាយជា​ការប្រយុទ្ធ​ដែល​អស្ចារ្យ​ជាង​កាលពី​លើក​មុន​និង​លើស​ណាៗ​ទាំងអស់​»​។ Golovkin និយាយ​ដូច្នេះ​។​
 
Gennady Gennadyevich Golovkin ឬ GGG អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់ វ័យ​៣៦​ឆ្នាំ​មិន​ពេញចិត្ត​នឹង​ការសម្រេច​របស់​ចៅក្រម​ដែល​ឲ្យ​ខ្លួន​ស្មើ​ជាមួយ Alvarez នា​ការប្រកួត​លើក​ទៅ​១ នោះទេ ដោយ​ស្នើ​ឲ្យ​មានការ​ប្រកួត​ជាថ្មី​ម្តងទៀត​។ ចំណែក​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​កវ័យ​២៨​ឆ្នាំ Alvarez ក៏​មិន​ញញើត​សម្រាប់​ជំនួប​លើក​ទី​២​នេះដែរ​។​


 
​តាមពិតទៅ​ការប្រកួត​លើក​ទី​២​រវាង​អ្នក​ទាំង​ត្រូវធ្វើឡើង​តាំងពី​ខែឧសភា ឆ្នាំ​២០១៨ មក​ម្លេះ​ប៉ុន្តែ​ត្រូវបាន​ពន្យា​ពេល​វិញ​ដ្បិត Alvarez ត្រូវបាន​ហាម​គ្រាប់​សកម្មភាព​ប្រកួត​មួយ​រយៈពេល​បន្ទាប់ពី​ពិនិត្យឃើញថា​មាន​ផ្ទុក​សារធាតុ​ហាមឃាត់​ដល់​ទៅ​២​ដង​។​
 
GGG ម្ចាស់​ខ្សែក្រវាត់​៤​ស្ថាប័ន WBA, WBC, IBF និង IBO មាន​ប្រវត្តិ​ប្រកួត​៣៩​លើក ឈ្នះ​៣៨ មិនដែល​ស្គាល់​ចាញ់​ឡើយ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ៣៣​លើក ខណៈ Alvarez ធ្លាប់​ចាញ់​តែ​១​លើក​ប៉ុណ្ណោះ​ក្រោម​ថ្វីដៃ Floyd Mayweather ក្នុងចំណោម​ការប្រកួត​ទាំង​៥២​លើក​។​
 
​សម្រាប់​ជំនួប​លើក​ទី​២ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សង្វៀន T-Mobile Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក​ដដែល​នោះ អ្នក​ទាំង​ពីរបាន​អះអាង​ដូចគ្នា​ថា​នឹងធ្វើ​ឲ្យ​ទាក់ទាញ និង​កក្រើក​លើស​ង្វៀន​ជាថ្មី​ម្តងទៀត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​៕

Tag:
 ប្រដាល់​
  Saul Canelo Alvarez
  Gennady Golovkin
© រក្សាសិទ្ធិដោយ thmeythmey.com