អន្តរជាតិ
កូរ៉េ​ទាំងពីរ​បើក​ការិយាល័យ​ការងារ​រួម ដើម្បី​សម្រួល​ការទាក់ទង​គ្នា​
14, Sep 2018 , 11:58 am        
រូបភាព
មេដឹកនាំកូរ៉េទាំងពីក្នុងជំនួបខែមេសា (រូបភាព AFP)
មេដឹកនាំកូរ៉េទាំងពីក្នុងជំនួបខែមេសា (រូបភាព AFP)
​នៅ​ថ្ងៃទី​១៤ ខែកញ្ញា កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បាន​បើក​ដំណើរការ​ការិយាល័យ​ការងារ​រួមគ្នា ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​ឆ្លង​ព្រំដែន​កូរ៉េ​ទាំងពីរ និង​ទំនាក់ទំនង​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ​ផង​។ ការិយាល័យ​កិច្ច​ការរួម​នេះ មាន​ទីតាំង​ស្ថិតក្នុង​តំបន់ឧស្សាហកម្ម Kaesong ក្នុង​ទឹកដី​កូរ៉េខាងជើង​។ ក្រុង​សេ​អ៊ូ​ល​ជឿថា តាមរយៈ​ការិយាល័យ​នេះ ទំនាក់ទំនង​អន្តរ​កូរ៉េ​នឹង​ល្អប្រសើរ ភាព​តានតឹង​ត្រូវ​កាត់បន្ថយ ហើយ​ឧបទ្វីប​កូរ៉េ​ក៏​នឹងមាន​សន្តិភាព​ដែរ​។

 
​បន្ទាប់ពី​ពន្យារពេល​អស់​ប៉ុន្មាន​ស​ប្ដា​ហ៍​មក ការិយាល័យ​ការងារ​រួម​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បាន​ចាប់ដំណើរការ​ហើយ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា​។ រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េ Cho Myoung-gyon និង​សម​ភាគី​កូរ៉េខាងជើង Ri Son-kwon ធ្វើជា​អធិបតី​ក្នុង​ពិធី​បើកសម្ពោធ​ការិយាល័យ​ដែល​នឹង​ក្លាយជា​និមិត្តរូប​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កូរ៉េ​ទាំងពីរ​។ វា​ក៏​បង្កើន​ក្ដីសង្ឃឹម​ដល់​ការរំសាយ​នុយក្លេអ៊ែរ ដែល​បាន​ជាប់គាំង​ផង​។​
 
​អាច​ចាត់ទុកជា​ស្ថានទូត​របស់​កូរ៉េ​ទាំងសងខាង ការិយាល័យ​ដែលមាន​ទីតាំង​ក្នុង​តំបន់ឧស្សាហកម្ម Kaesong នឹង​ចាប់ផ្ដើម​ការងារ​ភ្លាមៗ​តែម្ដង ដោយមាន​មន្ត្រី​ថ្នាក់​អនុរដ្ឋមន្ត្រី​នៃ​កូរ៉េ​ទាំងពីរ​ជា​អ្នកដឹកនាំ​រួមគ្នា​។ ទីភ្នាក់ងារ​ព័ត៌មាន Yonhap ផ្សាយ​ថា ភាគី​ទាំងពីរ​នឹង​ជួបគ្នា​រៀងរាល់​សប្ដាហ៍ ហើយនឹង​បុគ្គល​កូរ៉េខាងត្បូង និង​ខាងជើង​ប្រមាណ​៤០​នាក់​ធ្វើការ​រួមគ្នា​ដែរ​។ មុន​ពិធី​សម្ពោធ ក្រុង​សេ​អ៊ូ​ល​បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ការិយាល័យ​នេះ ជាពិសេស​លើ​ការពង្រឹង​ទំនាក់ទំនង​អន្តរ​កូរ៉េ​តែម្ដង​។​
 
​ពី​ក្រុង​ឧស្សាហកម្ម​ដែលមាន​ចម្ងាយ​៦០​គីឡូម៉ែត្រ​ពី​ក្រុង​សេ​អ៊ូ​ល និង​១១៤​គីឡូម៉ែត្រ​ពី​ក្រុង​ព្យុងយ៉ាង លោក Cho និយាយថា ការិយាល័យ​កិច្ច​ការរួម​អន្តរ​កូរ៉េ​នេះ នឹង​ក្លាយជា​បណ្ដាញ​សម្រាប់​ការទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ​ក្នុង​សករាជ​សន្តិភាព​។ ហើយ​ចាប់ពី​ពេល​ទៅ ក្រុង​សេ​អ៊ូ​ល និង​ក្រុង​ព្យុងយ៉ាង​អាចទាក់ទង​គ្នា​បាន​ដោយផ្ទាល់​២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង​៣៦៥​ថ្ងៃ​ក្នុង​មួយឆ្នាំ​លើ​កិច្ច​ការជំរុញ​សន្តិភាព វិបុលភាព និង​ទំនាក់ទំនង​អន្តរ​កូរ៉េ​។​
 
​ការិយាល័យ​រួមគ្នា បើក​ដំណើរការ​មួយ​សប្ដាហ៍​មុន​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ទៅកាន់​កូរ៉េខាងជើង​។ លោក មូ​ន នឹង​ជួប​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នា​ជំនួប​មេដឹកនាំ​កូរ៉េ​ទាំងពីរ​លើក​ទី​៥ និង​ជា​ជំនួប​ទល់មុខ​មូ​ន​-​គីម លើក​ទី​៣ ដែរ​។ ទស្សនកិច្ច​របស់លោក មូ​ន បានផ្ដល់​ក្ដីសង្ឃឹម​កាន់តែច្រើន​ទៀត​ដល់​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ដែល​ជាប់គាំង​ដោយសារ​កូរ៉េខាងជើង​នៅតែ​ខ្វែងគំនិត​ជាមួយ​អាមេរិក​។​
 
​យ៉ាងណាមិញ កូរ៉េ​ទាំងពីរ​មិនទាន់​គម្រោង​បើក​តំបន់ឧស្សាហកម្ម​រួមគ្នា​នៅ Kaesong នេះ​នៅឡើយ​ទេ​។ ជា​និមិត្តរូប​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​កូរ៉េ​ទាំងពីរ តំបន់ឧស្សាហកម្ម Kaesong បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​២០០៤ ដោយ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​បោះទុន​វិនិយោគ ហើយ​កូរ៉េខាងជើង​ចេញ​កម្លាំង​ពលកម្ម​មានតម្លៃ​ថោករ​បស់​ខ្លួន​។ ប៉ុន្តែ​តំបន់ឧស្សាហកម្ម​នេះ បាន​បិទ​នៅ​ឆ្នាំ​២០១៦ ដោយសារ​កូរ៉េខាងត្បូង​ខឹង​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល និង​សាក​នុយក្លេអ៊ែរ​៕ 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com