ក្រុមហ៊ុនដឹកជញ្ជូនឥណ្ឌូណេស៊ី Go-Jek ចាប់ផ្តើមសេវារបស់ខ្លួននៅក្នុងប្រទេសវៀតណាមសប្តាហ៍នេះក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនដឹកជញ្ជូនវៀតណាម Go-Viet។ ការចាប់ផ្តើមសេវាកម្មនៅរដ្ឋអាស៊ីអាគ្នេយ៍នេះដែរជាផ្នែកមួយនៃគម្រោងពង្រីកសេវាកម្មថ្នាក់តំបន់ក្នុងកញ្ចប់ហិរញ្ញវត្ថុវិនិយោគទំហំ ៥០០លានដុល្លារ។
ក្រោមភាពជាដៃគូនេះដែរ ក្រុមហ៊ុនជញ្ជូនឥណ្ឌូណេស៊ី Go-Jek ផ្តល់ជំនួយជាបច្ចេកវិទ្យា ជំនាញពាក់ព័ន្ធ រួមទាំងទុនវិនិយោគផងដែរដល់ក្រុមហ៊ុន Go-Viet របស់វៀតណាមដើម្បីផ្តល់សេវាកម្មនៅក្នុងប្រទេសវៀតណាម។ ហើយសេវាកម្មនេះដំណើរការឡើងក្រោមស្លាកយីហោរបស់ក្រុមហ៊ុន Viet-Go។
បើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Review ក្រោមកិច្ចសហការនេះ ក្រុមហ៊ុន Go-Viet នឹងផ្តល់សេវាកម្មជាច្រើនដែលហៅតាមកម្មវិធីទូរសព្ទក្នុងនោះមានសេវាដឹកជញ្ជូន ដឹកជញ្ជូនចំណីអាហារ និងការបង់សេវាកម្មតាមទូរសព្ទជាដើម។
ការចាប់ផ្តើមដំណើរការសេវាកម្មរួមគ្នាជាផ្លូវការរបស់ក្រុមហ៊ុនទាំងពីរត្រូវបានចូលរួមជាអធិបតីពីសំណាក់ប្រធានាធិបតីឥណ្ឌូណេស៊ីចូកូ វីដូដូ ខណៈដែលលោកបានអញ្ជើញមកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅទីក្រុងហាណូយ។
ដោយឡែក ស្ថាបនិក និងប្រធានប្រតិបត្តិក្រុមហ៊ុន Go-Jek លោក Nadiem Makarim បានអះអាងថា សេវាកម្មដឹកជញ្ជូននៅវៀតណាមក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Go-Viet ជារឿងល្អព្រោះចាប់តាំងពីពីថ្ងៃ ១ ខែសីហា ជាពេលចាប់ផ្តើមដំណើរការដំបូងនោះ ក្រុមហ៊ុន Go-Viet បានកាន់កាប់ទីផ្សារដឹកជញ្ជូនដល់ ៣៥ភាគរយរួចទៅហើយនៅក្រុង ហូជីមិញ។
ចំណែកសហស្ថាបនិក និងនាយកគ្រប់គ្រងក្រុមហ៊ុន Go-Viet លោក Nguyen Vu Duc វិញបានបញ្ហាក្តីរីករាយចំពោះកិច្ចសហការជាមួយក្រុមហ៊ុន Go-Jek ឥណ្ឌូណេស៊ី និងបង្ហើបពីមហិច្ឆតាពង្រីកសេវាកម្មរបស់ខ្លួនផងដែរ។
«ខ្ញុំរីករាយដែលបានឃើញការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាននៅទីផ្សារនាក្រុងហូជីមិញ ហើយវាជាការត្រួសត្រាយផ្លូវសម្រាប់យើងដែរក្នុងការពង្រីកសេវាកម្មក្នុងក្រុងហាណូយបន្ថែមទៀត»។ លោក Nguyen Vu Duc និយាយបែបនេះ។
តាមពិតទៅ ការចាប់ផ្តើមចាប់ដៃគូបើកសេវាកម្មនៅវៀតណាមរបស់ក្រុមហ៊ុន Go-Jek ចាប់ផ្តើមឡើងដោយក្រុមហ៊ុនឥណ្ឌូណេស៊ីនេះប្រកាសវិនិយោគលុយ ៥០០លានដើម្បីពង្រីកសេវាកម្មខ្លួននៅប្រទេសអាស៊ានដូចជាហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាមកាលពីខែឧសភាកន្លងទៅដែរ។
យ៉ាងណាក៏ដោយ គេមើលឃើញថា ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនក្នុងតំបន់កំពុងតែព្យាយាមប្រណាំងប្រជែងទីផ្សារគ្នាដែរ។ ដូចឃើញស្រាប់ក្រុមហ៊ុន Grab របស់សិង្ហបុរី ក៏កំពុងព្យាយាមពង្រឹងតួនាទី និងពង្រីកសេវាកម្មរបស់ខ្លួននៅវៀតណាមដែរ។ នៅថ្ងៃអង្គារទី ១១ ខែកញ្ញានេះ Grab បានប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនវៀតណាម MOCA Technology ដើម្បីដាក់ដំណើរការសេវាបង់លុយតាមទូរសព្ទដែរ៕