អន្តរជាតិ
រុស្ស៊ីប្រាប់អាមេរិក៖ កុំយកថាមពលធ្វើឧបករណ៍ដាក់សម្ពាធលើប្រទេសផ្សេង រដ្ឋមន្រ្តីថាមពលរុស្ស៊ី Alexander Novak (ស្ដាំ) និងរដ្ឋមន្រ្តីថាមពលអាមេរិក Rick Perry (ឆ្វេង) (រូបភាព AP)
× រុស្ស៊ី នៅថ្ងៃទី១៣ ខែកញ្ញា បានព្រមានអាមេរិក កុំឲ្យយកថាមពលធ្វើជាឧបករណ៍ដើម្បីដាក់សម្ពាធលើប្រទេសផ្សេង។ ការព្រមាននេះធ្វើឡើងដោយរដ្ឋមន្ត្រីថាមពលរុស្ស៊ីក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអាមេរិក ស្របពេលដែលអាមេរិកបានរិះគន់រុស្ស៊ីជុំវិញគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នទៅកាន់អឺរ៉ុប។ ការនាំចូលឧស្ម័នពីសំណាក់រុស្ស៊ី ធ្វើឲ្យអាមេរិកមិនសប្បាយចិត្តឡើយ ព្រោះឧស្ម័នរុស្ស៊ីមានតម្លៃថោកជាងឧស្ម័នអាមេរិក។
ក្នុងសន្និសីទរួមគ្នានៅថ្ងៃទី១៣ ខែកញ្ញា រដ្ឋមន្ត្រីថាមពលរុស្ស៊ី Aleksandr Novak បានប្រាប់សមភាគីអាមេរិក Rick Perry ថា ថាមពលមិនគួរត្រូវបានប្រើសម្រាប់បង្ខំប្រទេសណាឲ្យធ្វើតាមខ្លួនឡើយ។ លោក Novak ទំនងចង់និយាយដល់ប្រទេសអឺរ៉ុប ដែលត្រូវអាមេរិកប្រាប់ឲ្យបន្តទិញឧស្ម័នធម្មជាតិរបស់ខ្លួនទៀត ខណៈរុស្ស៊ីកំពុងស្ថាបនាប្រព័ន្ធបំពង់ដឹកជញ្ជូនឧស្ម័នមានតម្លៃទាបដើម្បីផ្គត់ផ្គង់អ្នកប្រើនៅអឺរ៉ុបដែរនោះ។
សព្វថ្ងៃនេះ រុស្ស៊ីកំពុងអនុវត្តគម្រោងបណ្ដាញបំពង់បង្ហូរឧស្ម័នរបស់ខ្លួន Nord Stream 2 ទៅកាន់អាល្លឺម៉ង់ ប៉ុន្តែអាមេរិកមិនពេញចិត្តទេ ដោយលោក Perry រិះគន់គម្រោងនេះថា នឹងបង្កើតជាចំណុចបង្អាក់ដែលនាំទៅរកការរអាក់រអួលមិនខាន។ រដ្ឋមន្ត្រីថាមពលអាមេរិកដដែលនេះក៏បានទាមទារឲ្យរុស្ស៊ី បោះបង់គំនិតប្រើប្រាស់ធនធាន និងឥទ្ធិពលរបស់ខ្លួនដើម្បីបង្អាក់ដំណើរការនៅតំបន់អឺរ៉ុបទៀតទៅ។
បើតាមសារព័ត៌មានរុស្ស៊ី RT រដ្ឋមន្ត្រីថាមពលរុស្ស៊ីក៏បានបដិសេធការលើកឡើងរបស់សមភាគីអាមេរិកភ្លាមដែរ និងថា រុស្ស៊ីមិនមែនជាអ្នកដាក់សម្ពាធលើអ្នកណាឡើយ។ លោក Novak បាននិយាយក្នុងសន្និសីទសារព័ត៌មានខាងលើថា ថាមពលមិនគួរត្រូវបានយកធ្វើជាឧបករណ៍ដាក់សម្ពាធឡើយ ហើយអតិថិជនក៏គួរមានសិទ្ធិជ្រើសរើសអ្នកផ្គត់ផ្គង់ថាមពលសម្រាប់ពួកគេដែរ។
គម្រោង Nord Stream 2 ដែលមានតម្លៃ១១ពាន់លានដុល្លារ នឹងបង្កើនសមត្ថភាពទ្វេដងក្នុងការដឹកជញ្ជូនឧស្ម័នប្រចាំឆ្នាំដែលមានចំនួន៥៥ពាន់លានម៉ែត្រគូប។ គម្រោងទីមួយចាប់ផ្ដើមប្រតិបត្តិការតាំងពីឆ្នាំ២០១១ មកម្ល៉េះ ហើយដំណាក់កាលទីពីរស្ថិតក្នុងការសាងសង់នៅឡើយ។ ក្រុងមូស្គូអះអាងថា គម្រោងទីពីរ គឺជាគម្រោងសេដ្ឋកិច្ចសុទ្ធសាធ មិនពាក់ព័ន្ធនយោបាយអ្វីទេ ហើយការដែលវ៉ាស៊ីនតោនប្រឆាំង គឺព្រោះតែចង់ឲ្យអឺរ៉ុបបន្តទិញឧស្ម័នតម្លៃថ្លៃរបស់ខ្លួនទៀតប៉ុណ្ណោះ។
ពិតណាស់ អឺរ៉ុបជាម៉ូយឧស្ម័នដ៏ធំមួយដែលរុស្ស៊ី និងអាមេរិកកំពុងដណ្ដើមគ្នា។ យ៉ាងណាមិញ មន្ត្រីផ្នែកថាមពលនៃប្រទេសទាំងពីរនៅតែយល់ឃើញថា អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបានដដែល។ លោក Novak លើកឡើងថា រុស្ស៊ី និងអាមេរិកជាប្រទេសនាំមុខដែលធានាសន្តិសុខឧស្ម័នដូចគ្នា ហើយនោះជាឱកាសសម្រាប់ប្រទេសទាំងពីរក្នុងការធានាស្ថិរភាព និងនិរន្តរ៍ភាពនៃទីផ្សារឧស្ម័នរបស់ពិភពលោក៕
Tag:
រុស្ស៊ី
អាមេរិក
អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com