សេដ្ឋកិច្ច
កម្ពុជា និងចិន ចុះMOU ចំនួន១២ ដែលមានតម្លៃសរុបជាង ៨០លានដុល្លារ រូបពីក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ កម្ពុជា និងចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ចំនួន១២ មានតម្លៃសរុបជាង ៨០លានដុល្លារអាមេរិក ដែលគ្របដណ្ដប់លើវិស័យជាច្រើន។ MOU នេះត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៣ខែកញ្ញា ក្នុងវេទិកាវិនិយោគ ធុរកិច្ច និងទេសចរណ៍ នៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥ ។
បើតាមព័ត៌មាននៅលើទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម អនុស្សារណៈទាំងនេះ គ្របដណ្ដប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា ការធ្វើធុរកិច្ច-ពាណិជ្ជកម្ម, ផ្នែកហេដ្ឋារចនាសម្ព័ន្ធ, ការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកមគ្គុទេសក៏, ការបង្កើតមហាវិទ្យាល័យស្រាវជ្រាវឧស្សាហកម្ម និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលទេសចរណ៍ Sino-ASEAN ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក ឈួន ដារ៉ា បានថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើនេះថា ព្រឹត្តិការណ៍នេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមកសាង«វិថីសូត្រសមុទ្រ សតវត្សរ៍ទី២១» និងគាំទ្រការអនុវត្ត«វិថី១ ខ្សែក្រវាត់១» ដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ តាមរយៈវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅទីក្រុងណាននីងខេត្តក្វាងស៊ី។
លោកស្រី Yan Zhichan អនុប្រធានរដ្ឋាភិបាលតំបន់ស្វ័យតខេត្តក្វាងស៊ី បានថ្លែងថា ការចុះMOU នាពេលនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅកសាងវិថីសូត្រសមុទ្រ ដែលជាគំនិតផ្ដួតផ្ដើមដ៏មានសារៈសំខាន់បំផុត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌បែបទំនើបរវាងចិន និងពិភពលោក ជាពិសេសអាស៊ាន៕
© រក្សាសិទ្ធិដោយ thmeythmey.com