កីឡាអន្តរជាតិ
អន្តរជាតិ
Man City រកចំណូលបាន​ខ្ពស់បំផុត​មិន​ធ្លាប់មាន ៦៥៦​លាន​ដុល្លារ នៅ​រដូវ​កាល​មុន​
14, Sep 2018 , 8:59 pm        
រូបភាព
​ម្ចាស់​ក្លិប Manchester City លោក Khaldoon Al Mubarak នៅ​ថ្ងៃទី​១៣ ខែកញ្ញា​បាន​និយាយថា​នឹង​ខិតខំ​ពង្រឹង​ក្លិប​បន្ថែមទៀត​បន្ទាប់ពី​ទទួលបាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​រហូតដល់ ៥០០​លាន​ផោន (៦៥៦​លាន​ដុល្លារ​អាមេរិក​) នៅ​រដូវ​កាល​មុន​។​


 
​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្លិប​ម្ចាស់​ជើងឯក Premier League គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ បង្ហាញថា​ពួកគេ​គឺជា​ក្លិប​នៅ​អង់គ្លេស​ទី​ពីរ​ដែល​អាច​បំបែក​កំណត់ត្រា​ប្រាក់ចំណូល​ប្រចាំឆ្នាំ សម្រាប់​រដូវ​កាល​២០១៧-២០១៨ ពោលគឺ​កើនឡើង​ដល់​ទៅ​៤៤​ភាគរយ​ក្នុង​រយៈពេល​៥​ឆ្នាំ​។​
 
​ក្នុងចំណោម​ប្រាក់ចំណូល​ទាំង ៦៥៦​លាន​ដុល្លារ​អាមេរិក ក្លិប​រហស្សនាម​មេឃ​ខៀវ​ទទួលបាន​ប្រាក់ចំណេញ​១០,៤​លាន​ផោន (១៣,៦៤​លាន​ដុល្លារ​អាមេរិក​) និង​ជាការ​ចំណេញ​ក្នុង​រយៈពេល​៤​ឆ្នាំ​ជាប់ៗ​គ្នា​។​
 
​ក្រុម​របស់​អ្នកចាត់ការ​ទូទៅ Pep Guardiola បាន​ក្លាយជា​ក្លិប​ទី​១ ដែល​ទទួលបាន​១០០​ពិន្ទុ និង​ស៊ុត​បញ្ចូល​ទី​លើសពី​១០០​គ្រាប់​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​នៅ​រដូវ​កាល​មុខ និង​នាំមុខ​ក្រុម​រងជើង​ឯក​១៩​ពិន្ទុ​។​
 
​លោក Al Mubarak មហាសេដ្ឋី​សញ្ញា​តិ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ដែល​ក្លាយជា​ម្ចាស់​ក្លិប Man City កាលពី​ឆ្នាំ​២០០៨ បាន​លើកឡើងថា​៖«​គោលបំណង​របស់​យើង​គឺ​ដើម្បី​កសាង​សមិទ្ធផល​កាលពី​ឆ្នាំមុន ដោយ​យើង​នឹង​ខំប្រឹងប្រែង​បន្ថែមទៀត​នៅ​រដូវ​កាល​នេះ​។ ដំណើរ​របស់​យើង​មិនទាន់​បញ្ចប់​ហើយ​យើង​មាន​គោលដៅ​ច្រើន​ទៀត​ដើម្បី​បំពេញ​ភាពជោគជ័យ​របស់​យើង​»​។​
 
​ចាប់តាំងពី​ការឡើង​គ្រប់គ្រង​ក្លិប​ដោយ​ក្រុមហ៊ុន Abu Dhabi United រយៈពេល​១០​ឆ្នាំ ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នេះ​អាច​រំកិល​ខ្លួន​ឡើង​ពី​លេខ​រៀង​ទី​២០ ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥​វិញ​ក្នុងនាម​ក្លិប​ដែល​រកចំណូលបាន​ច្រើន​បំផុត​នៅ​អឺរ៉ុប​។​
 
​កាលពី​រដូវ​កាល ២០០៧-២០០៨ ប្រាក់ចំណូល​របស់ Man City ទទួល​បានតែ ១០៤ លាន​ផោន (១៣៦​លាន​ដុល្លារ​អាមេរិក​) ប៉ុណ្ណោះ ដែល​ចំនួន​នេះ​តិចជាង​ប្រាក់ចំណូល​របស់​ក្លិប​នៅ​តួ​ក​គី Fenerbahce ទៅទៀត​៕
​ 

Tag:
 ​បាល់ទាត់​
  Manchester City
  Khaldoon Al Mubarak
  ប្រាក់ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com