ភ្នំពេញ៖ ល្ខោននិយាយរឿង “មរណភាពចម្លែក” ចាក់ចំបេះដូងអ្នកទស្សនាគ្រប់ស្រទាប់។ អត្ថន័យដ៏ជ្រាលជ្រៅ ដែលជាប្រយោជន៍សម្រាប់សង្គម រឿង “មរណភាពចម្លែក” ពុះពារបង្ហាញខ្លួនដល់អ្នកទស្សនា ទោះមានប្រាក់តែមួយលានរៀល ដើម្បីរៀបចំក៏ដោយចុះ។ ដ្បិតបានមើលឃើញ ថាការសម្ដែងនេះធ្វើឡើងដោយប្រថុយប្រថានយ៉ាងណាក្ដី តែប្រធានក្រុមល្ខោននិយាយលោក ណេន ភារិទ្ធ នៅតែមានក្ដីសង្ឃឹមធ្វើឱ្យវាកើតឡើង។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
មុនសម្ដែង កម្មវិធីបានចាក់ជាខ្សែអាត់សំឡេង ពីប្រវត្តិនៃការចាប់កំណើតឡើងរបស់ល្ខោននិយាយ រឿង”មរណភាពចម្លែក” ដើម្បីឱ្យអ្នកទស្សនាបានដឹងពីប្រវត្តិខ្លះៗ របស់ល្ខោននេះ។ ល្ខោននិយាយរឿង “មរណភាពចម្លែក” បានព្យាយាមបង្ហាញខ្លួន ដល់អ្នកទស្សនា បើទោះបីជាទម្រង់ទស្សនីយភាពមួយនេះ ហាក់នៅមានភាពកណ្ដោចកណ្ដែងយ៉ាងណាក្ដី។
ការសម្ដែងបានចាប់ផ្ដើម ដោយគ្រប់តួទាំងអស់មិនប្រើឧបករណ៍ជំនួយសំឡេង។ ការណ៍នេះមិនមែនចៃដន្យឡើយ តែវាត្រូវបានធ្វើឡើង ដើម្បីជាការស្ទាបស្ទង់គុណភាពរឿង របស់ខ្លួន ចំពោះអ្នកទស្សនា។
ដូចការរំពឹងទុក ដ្បិតគ្មានឧបករណ៍ជំនួយសំឡេងក្ដី តែអារម្មណ៍អ្នកទស្សនា បានចូលស្លុងទៅក្នុងសាច់រឿង ដោយគ្មានសំឡេងរំខានសូម្បីបន្តិច។ ត្រង់ឈុតកំប្លែងទស្សនិកជនក៏សើចតាមសាច់រឿង ហើយឈុតកម្សត់ អ្នកទស្សនាក៏ហាក់រលីងរលោងទឹកភ្នែកដែរ។
ល្ខោននិយាយរឿង”មរណភាពចម្លែក”នេះ បើមើលត្រឹមតែសម្បកក្រៅ នោះគេបានឃើញត្រឹមតែជម្លោះក្នុងគ្រួសារមួយ ដែលមានកូនប្រុសបីនាក់ ដណ្ដើមនារីដែលខ្លួនស្រឡាញ់តែប៉ុណ្ណោះ។ តែធាតុពិតទៅ វាមិនមែនមានតែប៉ុណ្ណឹងឡើយ។
លោក ណេន ភារិទ្ធ ប្រធានក្រុមភារិទ្ធល្ខោននិយាយ បានលើកឡើងថា ការសម្ដែងរឿង “មរណភាពចម្លែក” នេះ ជាការចាប់ផ្ដើមទាញចំណាប់អារម្មណ៍ទស្សនិកជន និងការស្ទាបស្ទង់ពីសន្ទុះរបស់អ្នកគាំទ្រ។ ជាលទ្ធផលនៃការសម្ដែង លោក ភារិទ្ធ បញ្ចេញអារម្មណ៍សប្បាយរីករាយ ទោះតែអ្នកគាំទ្រទៅបានតែពាក់កណ្ដាលសាលក្ដី។ «នេះជាចំណុចចាប់ផ្ដើម ខ្ញុំគិតថា សម្ដែងពេលក្រោយគាត់អាចមកមើលច្រើន។ ខ្ញុំខកចិត្ត៣០ភាគរយសម្រាប់អ្នកគាំទ្រ ប៉ុន្តែខ្ញុំសប្បាយចិត្ត៧០ភារយ ដោយសារតែយើងបានត្រៀមចិត្ត ថាបានតែប៉ុណ្ណឹង។ ខ្ញុំគិតថានេះជាជំហានដំបូងឱ្យគេគិតថា ទោះតែថ្ងៃចន្ទដល់សុក្រ ឬសៅរ៍អាទិត្យ ក៏គាត់គាំទ្របានដូចគ្នា ដែលមិនត្រឹមតែនិយាយថាស្រឡាញ់»។ នេះជាការបញ្ជាក់របស់លោក ណេន ភារិទ្ធ។
ជាសាស្ត្រាចារ្យបង្ហាត់ផ្នែកល្ខោននិយាយ នៅសាលាភូមិន្ទវិចិត្រសិល្បៈ លោក សេង ប៊ុនរ៉ុង ដើរតួជាឪពុកក្នុងរឿងនេះ។ មានបទពិសោធន៍ផ្នែកល្ខោននិយាយជាង៣០ឆ្នាំ លោក ប៊ុនរ៉ុង ថាល្ខោននិយាយមួយរឿងនេះ ពិតជាមានតម្លៃខ្លាំងក្នុងសង្គមខ្មែរ។ លោក សេង ប៊ុនរ៉ុង បញ្ជាក់៖ «ឃើញសព្វថ្ងៃម្នាក់ទៅឆ្វេងម្នាក់ទៅស្ដាំយ៉ាងម៉េច រឿងនេះដូចក្នុងសង្គមតែម្ដង។ អាកូនមួយគិតតែពីរឿងបាញ់កាប់ចាក់យ៉ាងម៉េច អាកូនមួយគិតតែពីរឿងច្បាប់ រឿងខុសរឿងត្រូវ មិនខុសទេ សូម្បីតែខ្ញុំជាអ្នកសម្ដែងក៏ខ្ញុំព្រឺរោមដែរ»។
មានទឹកមុខស្រពាប់ស្រពោនបន្តិច បើទោះជាលោកថា ចំនួនអ្នកទស្សនាមិនបានធ្វើឱ្យប៉ះពាល់អារម្មណ៍លោកក្ដី តែសិល្បកររូបនេះទទួលស្គាល់ថា ការសម្ដែងចេញពីទឹកចិត្តទោះមានភ្ញៀវប៉ុន្មានចូលរួមក៏លោកសប្បាយចិត្ត តែបើមានច្រើនក៏កាន់តែរីករាយ។ លោក ប៊ុនរ៉ុង បន្ថែម៖ «ទស្សនិកជនមកបានប៉ុណ្ណឹងក៏ជាទឹកចិត្តគាត់ធំធេងហើយ តែបើបានពេញក៏យើងរឹតតែសប្បាយចិត្ត។ កុំថាឡើយមកប៉ុណ្ណឹងសម្រាប់យើងអ្នកសម្ដែង ទោះមកបានតែមួយជួរមុខក៏យើងនៅតែសម្ដែងប៉ុណ្ណឹង ព្រោះយើងសម្ដែងដោយទឹកចិត្ត»។
សិល្បកររូបនេះឆ្លៀតបញ្ជាក់ថា ដោយសារតែល្ខោននិយាយ បង្កប់អត្ថន័យនិងខ្លឹមសារជ្រាលជ្រៅ ទើបបានជាពីសម័យមុន ពោលតាំងពីជំនាន់ លោក ឆេង ផុន នៅមានអាយុ ល្ខោននិយាយ សម្ដែងសម្រាប់តែក្រុមបញ្ញាវន្តមើលតែប៉ុណ្ណោះ។ «ល្ខោននេះពីដើមកាលលោកតា ឆេង ផុន នៅ គាត់ច្រើនសម្ដែងឱ្យតែបញ្ញាវន្តមើល ឬពេលប្រជុំសភា ទេ ព្រោះអ្នកធម្មតាពេក គាត់មិនអាចមើលយល់ទេ។ រឿងនេះបើយើងមើលធម្មតា ឃើញតែបញ្ហាក្នុងផ្ទះលោក ស៊ុម វិសុទ្ធ តែប៉ុណ្ណឹង តែបើយើងយកទៅដេកគងថ្ងាសបន្តិចយើងនឹងឃើញថា រឿងនេះនិយាយពីសង្គមខ្មែរក្នុងពេលបច្ចុប្បន្នតែម្ដង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ប៊ុន រ៉ុង។
អ្នកទស្សនាមួយរូប ដែលធ្លាប់បានមើលការសម្ដែងល្ខោននិយាយច្រើនលើកមកហើយនោះគឺកញ្ញា ណែត សុនីតា។ ទើបតែមានអាយុ១៥ឆ្នាំ តែ សុនីតា ពេញចិត្តនឹងទម្រង់សិល្បៈមួយប្រភេទនេះខ្លាំង ដោយខុសពីយុវវ័យមួយចំនួន ដែលសូម្បីតែល្ខោននិយាយក៏ពួកគេមិនស្គាល់ផង។ ពេញចិត្តទម្រង់មួយនេះ ក៏ព្រោះតែ សុនីតា បានមើលឃើញពីគុណតម្លៃជាចំណេះដឹង ដែលល្ខោននិយាយបានផ្ដល់ឱ្យនាង។ សុនីតា បញ្ជាក់៖ «ល្ខោននិយាយគឺល្អ ហើយវាផ្ដល់ចំណេះដឹងដល់យើងទៀត។ ខ្ញុំមើលទៅក្នុងរឿងហ្នឹងកូនទាំងអស់អួតអាងអំណាចរៀងៗខ្លួនចង់តែឈ្នះគ្នា»។
ងាកមកលោក ណេន ភារិទ្ធ វិញ ប្រធានក្រុមរូបនេះ ថាបើទម្រង់សិល្បៈល្ខោននិយាយ បាត់បង់ក្នុងសម័យនេះ ដោយខ្លួនមិនបានធ្វើអ្វីសោះ វាពិតណាស់ថាជាកំហុសរបស់លោក។ អ្វីជាក្ដីសង្ឃឹមរបស់សិល្បករ ភារិទ្ធ គឺប្រជាពលរដ្ឋខ្មែរគ្រប់រូប ស្គាល់តម្លៃ និងគាំទ្រទម្រង់សិល្បៈរបស់ខ្លួន។ លោក ភារិទ្ធ សង្កត់ធ្ងន់ថា៖ «ជំនាន់មុនបើទម្រង់បុរាណបាត់មិនមែនជាកំហុសយើង តែជំនាន់នេះបើបាត់ ទាំងដែលយើងដឹងយើងឭ វាជាកំហុសយើង ហើយកុំអួតថាយើងស្រឡាញ់វប្បធម៌។ មិនមែនឱ្យតែគាំទ្រសិល្បៈទេ អ្វីក៏យើងធ្វើ តែកុំចោលសិល្បៈខ្មែរបុរាណគ្រប់ទម្រង់»។
ជាគម្រោងរឿង”មរណភាពចម្លែក” នឹងយកទៅសម្ដែងនៅតាមបណ្ដាសាកលវិទ្យាល័យ នៅរាជធានីភ្នំពេញ ព្រមទាំងនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តនានាផងដែរ។ ចំណែកនៅថ្ងៃទី ២២ ខែកញ្ញានេះល្ខោននិយាយរឿង”កុលាបប៉ៃលិន” និងទៅសម្ដែងនៅខេត្តបាត់ដំបង។ ហើយនៅក្នុងអំឡុងខែ១២ឆ្នាំ២០១៨នេះដែរ ក្រុមភារិទ្ធល្ខោននិយាយ និងសម្ដែងរឿង “ស្ត្រីនិងតន្ត្រីបុរាណ” ដើម្បីគម្រប់ខួប២ឆ្នាំ នៃការបង្កើតក្រុមភារិទ្ធល្ខោននិយាយ។
ល្ខោននិយាយបានចូលមកដល់ទឹកដីកម្ពុជាដំបូងនៅរវាងឆ្នាំ ១៩៤៤-១៩៤៥ ដោយជនជាតិបារាំងលោក ហ្គីបារ៉េ។ ហើយនៅចុងឆ្នាំ១៩៥៤ ល្ខោននេះ បានចាប់កំណើតជាផ្លូវការ មានពណ៌សម្បុរជាខ្មែរ ដោយស្ថាបនិកជាច្រើនរូបដូចជា លោក ម៉ាំង ម៉ូរី លោក ហង្ស ធុនហាក់ លោក ឆេង ផុន និងមានច្រើនរូបទៀត។ ល្ខោននិយាយមាន៣ទម្រង់ គឺល្ខោននិយាយលើឆាក ល្ខោននិយាយវិទ្យុ និងល្ខោននិយាយជាវីដេអូ ឬហៅថា(TV drama)៕